អន្តរជាតិ
លោក ត្រាំ ថា មានមូលហេតុគ្រប់គ្រាន់ដែលអ៊ីរ៉ង់នៅពីក្រោយការវាយប្រហាររោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ
× ប្រធានាធិបតី ដូណាល់ ត្រាំ នាថ្ងៃទី១៥ ខែកញ្ញា បាននិយាយថា អាមេរិកបានត្រៀមរួចហើយក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររោងចក្រផលិតប្រេងនៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែរង់ចាំលទ្ធផលស្រាវជ្រាវរបស់ក្រុងរីយ៉ាដសិន។ ក្រោយហេតុការណ៍នេះ ក្រុងវ៉ាស៊ីនតោនចោទភ្លាមៗលើអ៊ីរ៉ង់ តែអ៊ីរ៉ង់បានបដិសេធភ្លែតដែរ ខណៈក្រុមឧទ្ទាមហ៊ូធីប្រកាសទទួលខុសត្រូវ។ ការវាយប្រហារលើកនេះ បង្កឲ្យមានការបារម្ភពីបញ្ហាផ្គត់ផ្គង់ប្រេងយ៉ាងខ្លាំងនៅលើពិភពលោក។
បន្ទាប់ពីប្រមុខការទូតអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រាប់អ្នកយកសារព័ត៌មានអំពីភស្តុតាង ដែលនៅពីក្រោយនៃការវាយប្រហាររោងចក្រផលិតប្រេងថាជាទង្វើរបស់អ៊ីរ៉ង់រួចមក លោក ដូណាល់ ត្រាំ ក៏មកចេញមុខមកព្រមានចំៗតែម្តងទៅលើការវាយប្រហារនេះ។
នៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៥ ខែកញ្ញា លោក ត្រាំ ទំនងទម្លាក់ការទទួលខុសត្រូវលើទីក្រុងតេហេរ៉ង់ ប៉ុន្តែក៏ចាំចម្លើយពីក្រុងរីយ៉ាដសិនមុនចាត់វិធានការ។ លោកបានអះអាងថា៖ «វាមានហេតុផលគ្រប់គ្រាន់ក្នុងការជឿទៅលើរឿងហេតុទាំងនោះ ចំណែកអាមេរិកបានដាក់គ្រាប់ ដើម្បីត្រៀមបាញ់រួចស្រេច តែចាំមើលការញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិន និងរង់ចាំការអះអាងពីរាជាណាចក្រអារ៉ាប៊ីសាអូឌីតថាតើនរណាជាអ្នកបង្កបញ្ហាមួយនេះ និងធ្វើប្រតិបត្តិការត្រូវអនុវត្តតាមណា»។
និយាយមុនលោក ត្រាំ បង្ហោះសារលើបណ្តាញសង្គម Twitter លោក ប៉ុមប៉េអូ បានលើកឡើងថា វាគ្មានភស្តុតាងដែលមានការវាយប្រហារមកពីយេម៉ែនឡើយ ព្រោះក្រុមហ៊ូធីកំពុងជាប់ដៃ ហើយផែនការវាយប្រហារនេះ ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដែលមានតែអ៊ីរ៉ង់ប៉ុណ្ណោះអាចធ្វើបាន។ លោកបន្តថា នៅពីក្រោយការអំពាវនាវឲ្យមានការបន្ថយភាពតានតឹង អ៊ីរ៉ង់បែបជាវាយប្រហារទៅលើរោងចក្រផលិតប្រេងដ៏ធំរបស់ពិភពលោកទៅវិញ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បានច្រានចោលនូវការចោទប្រកាន់របស់អាមេរិកថា ជារឿងគ្មានភស្តុតាងច្បាស់លាស់ ខណៈមេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍ ក៏ចេញមុខមកព្រមានផ្ទាល់ផងដែរថា អ៊ីរ៉ង់ក៏ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើសង្គ្រាមដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Amirali Hajizadeh បានគូសបញ្ជាក់ថា មូលដ្ឋានទ័ពអាមេរិក និងនាវាចម្បាំងក្នុងដែនចម្ងាយពីរពាន់គីឡូម៉ែត្រ គឺសុទ្ធតែនៅក្នុងរ៉ាដាមីស៊ីលរបស់អ៊ីរ៉ង់ទាំងអស់។
តាមការបកស្រាយរបស់មន្ត្រីអាមេរិកដោយមិនបានបញ្ចេញឈ្មោះ រោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីតរងផលប៉ះពាល់១៩ចំណុច។ ម្យ៉ាងទៀត ភស្តុតាងបានបង្ហាញថា តំបន់ដែលបានចាប់ផ្តើមបាញ់គឺទិសពាយព្យ ដូច្នោះវាមិនមែនជាភាគខាងត្បូងយេម៉ែនទេ ហើយវាក៏មិនត្រឹមត្រូវដូចការប្រកាសរបស់ក្រុមឧទ្ទាមហ៊ូធីថាជាអ្នកបង្កដែរ។ ហេតុនេះ អ៊ីរ៉ង់ គឺជាគោលដៅចម្បងតែម្ដង។
បន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រផលិតប្រេងមួយនេះ តម្លៃប្រេងបានកើនឡើងប្រមាណជា ១៥ភាគរយ។ អ្វីគួរឲ្យបារម្ភ ការវាយប្រហារដោយយន្តហោះបញ្ជាពីចម្ងាយនេះ បានកាត់បន្ថយការផលិតប្រេងចំនួន ៥,៧ភាគរយ ដែលបង្កឲ្យមានការបារម្ភដល់ការផ្គត់ផ្គង់ប្រេងនៅលើពិភពលោក។
សហគមន៍អន្តរជាតិក៏បារម្ភខ្លាំងពីការវាយប្រហារនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់ទៅលើការវាយប្រហារមួយនេះ និងអំពាវនាវឲ្យមានកាបន្ថយភាពតានតឹងនៅក្នុងតំបន់។ ចំណែកនៅខាងសហគមន៍អឺរ៉ុបវិញ បានព្រមានថា ការវាយប្រហារនេះអាចបង្កឲ្យមានការគំរាមកំហែងនៅក្នុងតំបន់៕
Tag:
អាមេរិក
អារ៉ាប់ប៊ីសាអូឌីត
អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com