ជាតិ
បាក់ឌុប
ក្រសួង​អប់រំ ប្ដេជ្ញា​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន ដោយ​យុត្តិធម៌ និង​តម្លាភាព​
16, Sep 2019 , 4:29 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួង៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន កំពុងដឹកនាំគណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡង
រូបពីហ្វេសប៊ុកក្រសួង៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន កំពុងដឹកនាំគណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡង
​ភ្នំពេញ​៖​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ក្រដាស​កិច្ចការ​របស់​បេក្ខជន​ដែល​តវ៉ា ចំពោះ​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​១៩ សីហា ២០១៩ កន្លងមក​។ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន និង​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ក្រុមការងារ​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​នេះ​។



​ដើម្បីឱ្យ​បេក្ខជន​ប្រឡង​ស្ងប់ចិត្ត​នោះ ក្រសួង​អប់រំ អះអាងថា ការធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ក្រដាស​កិច្ចការ​នេះ នឹង​អនុវត្ត​ដោយ​តម្លាភាព និង​សុក្រឹតភាព​។ «​ក្រសួង​អប់រំ យុវជន និង​កីឡា ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន ប្រកបដោយ ស្មារតី ទទួល ខុសត្រូវ គោរព​នូវ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល​ទទួលយកបាន​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង នៅ​ថ្ងៃទី​១៦ កញ្ញា​។​

​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​តវ៉ា​របស់​បេក្ខជន​ប្រឡង​នេះឡើយ​។​
​កាលពី​ថ្ងៃទី​១១ កញ្ញា​នេះ មាន​យុវជន​ជាង​៥០​នាក់ បាននាំគ្នា​តវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​របស់​ពួកគេ នៅមុខ​ក្រសួង​អប់រំ​។ មូល​ហេតុដែល​បេក្ខជន​ទាំងនោះ បានកើត​ទុក្ខ​មិន​សុខចិត្ត លើ​លទ្ធផល​របស់ខ្លួន ក្រោម​ហេតុផល​ថា ពួកគេ​ធ្វើ​បានល្អ​ច្រើន​នៅក្នុង​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា ភាសារ​ខ្មែរ និង​ភាសា​អង់គ្លេស​ជាដើម នៅក្នុងពេល​ប្រឡង តែ​ផ្ទុយ​មកវិញ​បែរជា​ទទួលបាន​លទ្ធផល​ធ្លាក់​ទៅវិញ ។ ដោយសារ​មូលហេតុ​នេះ ទើប​ពួកគេ​មិន​សុខចិត្ត និង​មក​តវ៉ា​ទាមទារ​ឱ្យ​ក្រសួង​ពិនិត្យ​កំណែ​ឡើងវិញ​។​

អត្ថបទទាក់ទង

​ប៉ុន្តែ​បញ្ហា​នេះ ធ្លាប់​ត្រូវបាន​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បកស្រាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ក្នុងន័យនេះ​ថា ក្រសួង​ស្រង់​ពិន្ទុ និង​ពិនិត្យ​ផ្ទៀងផ្ទាត់ ដោយ​ភាព​សុក្រឹត មុននឹង​ចេញ​លទ្ធផល​ផងដែរ​។ «​សុក្រឹតភាព និង​ប្រសិទ្ធភាព​នៃ​គ្រប់​ដំណាក់កាល​ប្រឡង​ឆ្នាំនេះ បានមកពី​កិច្ចសហការ​ណ៍រ​បស់​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រុមការងារ​កំណែ​ក្រដាស​កិច្ចការ​បេក្ខជន ក្រុមការងារ​ស្រង់ បូក​ពិន្ទុ​ដោយ​កំ​ព្យូ​ទ័​រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​។ ដូច​៥​ឆ្នាំកន្លងមក ក្រសួង​ក៏បាន​ទទួល​កិច្ចសហការ ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​ស្ថាប័ន​នានា​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ​។​

​គួរ​បញ្ជាក់ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នេះ មាន​សិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ​។ ក្នុងនោះ​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់​។ ចំណែកឯ​និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២ នាក់​៕

Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  អប់រំ​
  បាក់​ឌុប​២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com