ជាតិ
ព្រះមហាក្សត្រប្រទានអំណោយ ដល់ពលរដ្ឋ៣០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ចាម រូបភាពពី AKP
× ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រទានព្រះរាជអំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ជាង៣៧០គ្រួសារ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
គ្រួសារជាង៣០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ ទទួលបានព្រះរាជអំណោយពីព្រះមហាក្សត្រ ក្នុងនោះរួមមានអង្ករ៥០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង កៅស៊ូតតង់១ផ្ទាំង អាវយឺត១ និងថវិកា២០ម៉ឺនរៀល។ សម្ដេច គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងរបស់ព្រះអង្គ ក្នុងការនាំយកព្រះរាជអំណោយនេះ ទៅចែកជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលប្រទានដល់ប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ចំនួន៣៧០គ្រួសារនេះ គឺជាលើកទី៣ហើយ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ដែលលើកទី១ នៅស្រុកចិត្របុរី ខេត្តក្រចេះចំនួន ៨៥៧គ្រួសារ និងលើកទី២ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ៥២៨គ្រួសារ ៕
Tag:
ព្រះមហាក្សត្រ
អំណោយ
ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com