ជាតិ
បុណ្យភ្ជុំបិណ្ឌ
× ប្រេត ជាសត្វមួយប្រភេទ ដែលមានស្ថានឬភព ជាទីអាស្រ័យ និងជាទីចាប់កំណើត ដូចសត្វដទៃទៀតដែរ។ ស្ថានប្រេត ជាស្ថានមួយ ដែលស្ថិតក្នុងស្ថានអបាយភូមិ រួមមានស្ថាននរក ស្ថានប្រេត ស្ថានអសុរកាយ និង ស្ថានតិរច្ឆាន។
ក្នុងស្ថានប្រេតនេះ មានសត្វប្រេត១២ពួក គឺ វន្តាសប្រេត កុណបាសប្រេត គូថខាទកប្រេត អគ្គិជាលមុខប្រេទ សូចិមុខប្រេត តណ្ហដ្តិប្រេត សុនិជ្ឈាមកប្រេត សត្ថង្គប្រេត បព្វតង្គប្រេត អជគរង្គប្រេត វិមានកប្រេត និង មហិទ្ធិកប្រេត។ ប្រេតទាំង១២ពួកនេះ មានរូបខុសៗគ្នា និងទទួលរងទុក្ខផ្សេងៗគ្នា ទៅតាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
ដោយសារតែយល់ថាមានប្រេត ទើបប្រជាពលរដ្ឋខែ្មរ តែងតែនាំគ្នាទៅបោះបាយបិណ្ឌនៅតាមវត្តអារាម ដែលស្ថិតក្នុងស្រុកភូមិរបស់ខ្លួន នាពេលទៀបភ្លឺ ជារៀងរាល់ថ្ងៃ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្រជាពុទ្ធបរិស័ទ មានជំនឿថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះ ទៅឲ្យពពួកញាតិរបស់ខ្លួន ដែលបានបាត់បង់ជីវិតយូរក្តី ឬពេលថ្មីៗក្តី ដោយសេចក្តីភ័យខ្លាចថា សាច់ញាតិទាំងនោះ អាចភ្លាត់សតិទៅកើតជាសត្វប្រេត ដោយអំពើបាបណាមួយ។
យ៉ាងណាក៏ដោយ ការបង្កើតពិធីបោះបាយបិណ្ឌ មិនមែនគ្រាន់តែដើម្បីឧទ្ទិសដំបាយទាំងនោះ ទៅឲ្យប្រេតតែម្យ៉ាងឡើយ។ មានគំនិតអប់រំសំខាន់ៗមួយចំនួនរបស់បុព្វបុរសខ្មែរ ដែលបង្កប់ក្នុងពិធីបោះបាយបិណ្ឌ។
នៅពេលយុវជន ទៅវត្តបោះបាយបិណ្ឌ ដោយយល់ថា បោះឲ្យញាតិសន្តាន ដែលស្លាប់ទៅ គឺជាឱកាសដ៏ល្អ សម្រាប់ព្រះសង្ឃបង្ហាត់បង្រៀនពួកគេ ឲ្យមានស្មារតី ក្នុងការធ្វើបុណ្យរក្សាសីល។ យុវជនភាគច្រើន មិនសូវចូលចិត្តទៅវត្តឡើយ ដោយយល់ថា ការទៅវត្តអារាមគឺជាតួនាទីរបស់មនុស្សចាស់ ហេតុដូច្នេះហើយបានពួកគេ មិនសូវយល់ពីរបៀបរបប បែបផែន និង ទំនៀមទម្លាប់ក្នុងវត្ត។
អ្នកខ្លះ សូម្បីតែនិយាយជាមួយព្រះសង្ឃ ក៏មិនចេះផង។ កុំថាឡើយនិយាយ អ្នកខ្លះទៀត សូម្បីតែមើលមុខព្រះសង្ឃ ក៏មិនហ៊ានទៅទៀត។ ដូច្នេះ ពេលយុវជនទាំងនោះ ទៅបោះបាយបិណ្ឌ គឺជាមធ្យោបាយមួយ ដើម្បីដាស់ស្មារតីរបស់ពួកគេ ឲ្យស៊ាំក្នុងការទៅវត្តធ្វើបុណ្យ រក្សាសីល មិនមែនរង់ចាំតែដល់រដូវបុណ្យទាន ទើបទៅនោះឡើយ។
ម្យ៉ាងទៀត ការទៅបោះបាយបបិណ្ឌ ធ្វើឲ្យប្រជាកសិករ ជាពិសេសក្រុមយុវជន មានឱកាសថ្វាយបង្គំព្រះ ស្តាប់ព្រះសង្ឃសូត្រធម៌ និងសុំសីល។ ទង្វើទាំងនេះ ក៏ជាការសន្សំបុណ្យ និងញ៉ាំងចិត្តឲ្យជ្រះថ្លា និងបរិសុទ្ធដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com