អន្តរជាតិ
លោក ក្វៃដូ ថា ការចរចាជាមួយរដ្ឋាភិបាលដែលសម្របសម្រួលដោយន័រវេស «ចប់ហើយ»
×
ដោយ៖ ងួន សុភាវត្តី
មេដឹកនាំប្រឆាំងរបស់វ៉េណេស៊ុយអេឡាលោក ហ័ន ក្វៃដូ និយាយនៅថ្ងៃទី១៥ខែកញ្ញា ថា ការចរចាជាមួយរដ្ឋបាលលោក នីកូឡាស់ ម៉ាឌុយរ៉ូ ដែលរៀបចំឡើងដោយន័រវ៉េសក្នុងគោលបំណងដោះស្រាយវិបត្តិនៅវ៉េណេស៊ុយអេឡា បានបញ្ចប់ហើយ។ ការចរចានេះ បានផ្អាកអស់៦សប្ដាហ៍មកហើយ បន្ទាប់ពីរដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ មិនចូលរួម។
កិច្ចជំនួបរវាងអ្នកតំណាងក្រុមប្រឆាំង និងតំណាងរដ្ឋាភិបាលក្រុងការ៉ាកាស់ បានចាប់ផ្ដើមនៅទីក្រុងអូស្លូ ក្រោមការសម្របសម្រួលរបស់ន័រវ៉េស។ ក្រោយការមក ការចរចាក៏ធ្វើនៅកោះនៃតំបន់ការ៉ាអ៊ីបវិញ។ ប៉ុន្តែរដ្ឋាភិបាលប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ បានប្រកាសដកខ្លួនចេញពីការចរចាជាមួយក្រុមប្រឆាំងដឹកនាំដោយលោក ហ័ន ក្វៃដូ នៅខែមេសា ក្រោយអាមេរិកដាក់ទណ្ឌកម្ម។
លោក ហ្វ័ន ក្វៃដូបានរិះគន់ថា លោក ម៉ាឌុយរ៉ូ គ្មានបំណងដោះស្រាយបញ្ហាទេ គឺគ្រាន់តែចង់ពន្យារពេលប៉ុណ្ណោះ។ លោក ក្វៃដូ បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា៖ « របបផ្តាច់ការ ម៉ាឌុយរ៉ូ បានបោះបង់ចោលការជជែកផ្សះផ្សាជាមួយនឹងលេសដែលមិនសមស្រប ក្រោយពួកគេបដិសេធជំនួបជាង ៤០ថ្ងៃ។ យើងប្រកាសថា ជំនួបចរចានេះត្រូវបានបញ្ចប់»។
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ក៏បានថ្លែងអំណរគុណរដ្ឋអឺរ៉ុបន័រវ៉េសដែលបានជួយសម្រួលដល់ដំណើរការកិច្ចជំនួបនេះ ប៉ុន្តែមិនបានបញ្ជាក់ពីជំហានបន្ទាប់ទេ។ បើតាមសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមប្រឆាំងកំពុងត្រៀមដើម្បីចាប់ផ្តើមដំណាក់កាលថ្មីនៃការតស៊ូ ដែលនឹងតម្រូវឱ្យមានការប្តេជ្ញាចិត្តខ្លាំង ការប្តេជ្ញាចិត្តដើម្បីលះបង់ និងការជឿជាក់ពីមនុស្សគ្រប់គ្នា។
លោក ម៉ាឌុយរ៉ូ ដែលបានចាត់ទុកលោក ក្វៃដូ ជាអាយ៉ងរបស់សហរដ្ឋអាមេរិក កំពុងកាន់អំណាចពេញដៃដដែល បើទោះបីជាប្រឈមមុខបញ្ហារឿងសេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរក្ដី ខណៈវ៉េណេស៊ុយអេឡាក៏កាន់តែឯកោលើឆាកអន្តរជាតិផងដែរ។ យ៉ាងណាមិញ លោកនៅតែទទួលបានការគាំទ្រពីយោធាក្នុងស្រុកនិង ពីប្រទេសចិននិង រុស្ស៊ី ទើបធ្វើអោយកលោកនៅបន្តធ្វើជាប្រធានាធិបតី វ៉េណេស៊ុយអេឡាបានមកទល់ពេលនេះ។
ធ្លាប់ជាប្រទេសអ្នកមានដោយសារធនធានរ៉ែប្រេងនេះ វ៉េណេស៊ុយអេឡា បានជួបវិបត្តិសង្គមរយ:ពេល៥ឆ្នាំមកហើយ។ វិបត្តិនេះបានធ្វើអោយប្រជាជនជួបបញ្ហាជាច្រើនដូចជា កង្វះអាហារ កង្វះថ្នាំពេទ្យ និងកង្វះសេវាសាធារណ:។ ប្រជាជនរាប់លានក៏ភៀសខ្លួនទៅកាន់ប្រទេសជិតខាងដើម្បីការរស់នៅល្អប្រសើរផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com