ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ «​តោះ​! ត្រឡប់ទៅផ្ទះ​យើង​វិញ​» របស់លោក​ស្រី ស៊ូ​ជី បរាជ័យ​
17, Sep 2019 , 10:47 am        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា ជួបជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៩ មេសា ២០១៩
លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា ជួបជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៩ មេសា ២០១៩
​ភ្នំពេញ​៖ «​តោះ​! ត្រឡប់ទៅផ្ទះ​យើង​វិញ​» ។ នេះ​ជា​គឺ​សម្តី​របស់លោក អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រីការបរទេស​មី​យ៉ាន់​ម៉ា ដែល​ថ្លែង​នៅ​ចំពោះមុខ​ពលករ​ក្នុងប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ចង់​នាំយក​ពលករ​មី​យ៉ាន់​ម៉ា ទៅធ្វើ​ការ​នៅ​ស្រុកកំណើត​វិញ​។ ប៉ុន្តែ​គោលបំណង​របស់លោក​ស្រី ស៊ូ​ជី នេះ ត្រូវបាន​បរាជ័យ​។ នេះ​ជាការ​អះអាង​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​



​សម្ដេច ហ៊ុន សែន ដែល​ធ្លាប់​សួរ​លោកស្រី ស៊ូ​ជី ពី​គោលបំណង​នាំ​ពលករ​ទៅ​ស្រុកកំណើត​វិញ​នេះ បាន​អះអាងថា មី​យ៉ាន់​ម៉ា មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ឱ្យ​ពលករ​ខ្លួន ទៅធ្វើ​ការងារ​នៅក្នុង​ស្រុកកំណើត​ឡើយ​។ មូលហេតុ​ដែល​មី​យ៉ាន់​ម៉ា មិនអាច​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ខ្លួន​វិញ​​ ត្រូវបាន​សម្ដេច ហ៊ុន សែន មើលឃើញ​ហេតុផល​ពីរ​យ៉ាង គឺ​ទី​១ មី​យ៉ាន់​ម៉ា​មិនទាន់មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង​លទ្ធភាព​ដោះស្រាយ​បញ្ហា​ការងារ សម្រាប់​ទទួលយក​ពល​ករ​ជាង​២​លាន​នាក់​ពី​ក្រៅប្រទេស​ និង​ចុងក្រោយ គឺ​តម្លៃ​ពលកម្ម​នៅ​មី​យ៉ាន​ម៉ា​មាន​កម្រិត​ទាប ដែល​ពិបាក​ក្នុងការ​ទាញយក​ពលក​រ​ទៅ​ធ្វើការ​ក្នុងស្រុក​​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ស្រង់​សម្តី​លោកស្រី ស៊ូ​ជី ពាក់ព័ន្ធ​រឿង​ពលករ​ក្នុងជំនួប​ពិភាក្សា​ការងារ នៅ​គ្រា​ដែល​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​រូបនេះ មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ចុងខែ​មេសា​កន្លងមក​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​សួរ​លោកជំទាវ អ៊ុង​សាន ស៊ូ​ជី ថា បាន​(​យក​ពលករ​)​ត្រឡប់​ទៅវិញ​ប៉ុន្មាន​ហើយ​? (​លោកស្រី ស៊ូ​ជី​) ថា អត់​! ព្រោះ​ដោយសារតែ​នៅក្នុង​ស្រុក តម្លៃ​ពលកម្ម​របស់​មី​យ៉ាន់​ម៉ា​ថោក​ជាង​កម្ពុជា​(​ទៅទៀត​) ដូច្នេះ​គេ​(​ពលករ​មី​យ៉ាន់​ម៉ា​) នៅ​ប្រទេស​ថៃ គេ​អាច​រកបាន​ប្រមាណ​ជា​៣០០​ដុល្លារ គេ​មិនអាច​ទៅ​ស៊ី​១០០​ដុល្លារ​(​នៅ​មី​យ៉ាន់​ម៉ា​)​នោះទេ​»​។​
សូមស្ដាប់សំឡេងប្រមុខរដ្ឋាភិបាល៖


​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រោម​ប្រធានបទ «​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅក្នុង​ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​» នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នេះ សម្តេច​បាន​សង្កត់ធ្ងន់​ថា ពាក្យ​«​តោះ​! ត្រឡប់ទៅផ្ទះ​យើង​វិញ​» របស់លោក​ស្រី ស៊ូ​ជី ក៏​ជា​មូល​ហេតុដែល​ធ្វើឱ្យ​អ្នកប្រឆាំង​នៅ​កម្ពុជា យកមក​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

«​ខ្ញុំ​បាន​សួរ​លោកជំទាវ អ៊ុង​សាន ស៊ូ​ជី ដោយ​ត្រង់ៗ ព្រោះ​នៅពេលដែល​គាត់​និយាយ​(​តោះ​! ត្រឡប់ទៅផ្ទះ​យើង​វិញ​) អ៊ីចឹង នៅ​ខាងក្នុង​(​ប្រទេស​កម្ពុជា​)​នេះ គេ​នាំគ្នា​ជេរ​ខ្ញុំ​។ ដល់​ឥឡូវ​លើ​ស្ថានការណ៍​ជាក់ស្ដែង​ខាង​មី​យ៉ាន់​ម៉ា​ថា ត្រឡប់ទៅផ្ទះ​វិញ អត់​បាន​ទៅផ្ទះ​វិញ​ណា មានតែ​មក​(​ថៃ​)​ថែម​។ អ៊ីចឹងទេ បានជារឿង(ពលករ)ហ្នឹង ត្រូវប្រាកដនិយម»​។ នេះ​ជាការ​លើក​ឡើ​របស់​មេដឹកនាំ​កម្ពុជា ដែល​បាន​បន្ថែមថា ការរៀបចំ​ការងារ​ស​ម្រា​ប់​ពលរដ្ឋ​ក្នុងស្រុក និង​ពលករ​ចំណាកស្រុក វា​មិនមែនជា​រឿង​ងាយស្រួល​ដូច​«​បក​ចេក​»​នោះទេ​។​

អត្ថបទទាក់ទង

​ត្រង់ចំណុច​នេះ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សង្កត់ធ្ងន់ថា ការបញ្ជូន​ពលករ​ឲ្យ​បម្រើការ​នៅក្រៅ​ប្រទេស​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល និង​បណ្តា​ប្រទេស​ដៃគូ​ទាំងអស់ ពោលគឺ​មិនមែនជា​ការបញ្ជូន​ឲ្យ​ទៅធ្វើ​«​ខ្ញុំគេ​» ដូចជា​ការចោទប្រកាន់​មួយចំនួន​នោះឡើយ​។ បើតាម​សម្ដេច ហ៊ុន សែន រដ្ឋាភិបាល ក៏​កំពុង​បន្ត​ពិភាក្សា​ជាមួយ​ប្រទេស​ដៃគូ​ទាំងអស់ ដើម្បី​ផ្តល់​ភាពស្របច្បាប់​សម្រាប់​ពល​ករ​ទៀត​៕

Tag:
 ហ៊ុន សែន​
  អ៊ុង សាន​ស៊ូ​ជី​
  ពលករ​
  មី​យ៉ាន​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com