សុខភាព
អន្តរជាតិ
អង្គការ​សុខភាព​ពិភពលោក​ថា អ្នកជំងឺ​ដែល​ស្វែងរក​ការថែទាំ​សុខភាព​ស្លាប់​រាប់លាន​នាក់​ជា​រៀងរាល់ឆ្នាំ​
17, Sep 2019 , 1:39 pm        
រូបភាព
សារ៉ូម​ដាក់បញ្ចូល​ក្នុង​ខ្លួន​អ្នកជម្ងឺ​មហារីក​វ័យក្មេង​នៅ​មន្ទីរពេទ្យ​កុមារ​Rady ក្នុង​ទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៩។
សារ៉ូម​ដាក់បញ្ចូល​ក្នុង​ខ្លួន​អ្នកជម្ងឺ​មហារីក​វ័យក្មេង​នៅ​មន្ទីរពេទ្យ​កុមារ​Rady ក្នុង​ទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៩។
ដោយ: VOA
​ហ្ស៊ឺ​ណែវ ៖ អង្គការ​សុខភាព​ពិភពលោក WHO កំពុង​អំពាវនាវ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​បញ្ឈប់​ការអនុវត្ត​ការថែទាំ​សុខភាព​មិនល្អ ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក បាត់បង់​ជីវិត​ជា​រៀងរាល់ឆ្នាំ​។ នេះ ជាការ​រកឃើញ​នៃ​របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក នៅមុន​ទិវា​សុវត្ថិភាព​អ្នកជំងឺ​ពិភពលោក​លើក​ទី ១ នៅ​ថ្ងៃទី ១៧ ខែកញ្ញា​។​



​អ្នក​ដែល​ធ្លាក់ខ្លួន​ឈឺ​ទៅ​ជួប​គ្រូពេទ្យ ឬ ចុះឈ្មោះ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​រំពឹងថា នឹង​ទទួលបាន​ការព្យាបាល​ដែល​នឹង​ព្យាបាល​ពួកគេ​។ ជា​អកុសល ក្នុងករណី​ជាច្រើន​ការព្យាបាល​ដែល​ពួកគេ​បានទទួល បែរជា​សម្លាប់​ពួកគេ​ទៅវិញ​។​

​អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា នៅក្នុង​បណ្តា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ អ្នកជំងឺ​ម្នាក់​ក្នុងចំណោម ១០ នាក់ ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​។ របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ថា អ្នកជំងឺ​ចំនួន ១៣៤ លាន​នាក់​នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារតែ​ការថែទាំ​គ្មាន​សុវត្ថិភាព ដែលនាំឱ្យ​ចំនួន​មនុស្ស​ស្លាប់មាន​ដល់ ២​លាន ៦ សែន​នាក់​ជា​រៀងរាល់ឆ្នាំ​។ អង្គការ​សុខភាព​ពិភពលោក​កត់សម្គាល់ឃើញ​ថា ការស្លាប់​ទាំងនេះ​ភាគច្រើន​គឺអាច​បញ្ជៀ​សបាន​។​

​អ្នកស្រី Neelam Dhingra-Kuram គឺជា​អ្នកសម្របសម្រួល​អង្គកា​រ​សុខភាព​ពិភពលោក​ដែល​ទទួលបន្ទុក​ខាង​ការគ្រប់គ្រង​សុវត្ថិភាព​អ្នកជំងឺ និង​គ្រប់គ្រង​ហានិភ័យ​។ អ្នកស្រី​ថ្លែងថា គ្រោះថ្នាក់​កើតឡើង​ភាគច្រើន​ដោយសារតែ​ការធ្វើ​រោគវិនិច្ឆ័យ​ខុស ការចេញ​វេជ្ជបញ្ជា​ខុស ការប្រើប្រាស់​ថ្នាំ​មិន​ត្រឹមត្រូវ ការវះកាត់​មិន​ត្រឹមត្រូវ និង​ការឆ្លង​មេរោគ​ដោយសារតែ​ការថែទាំ​សុខភាព​មិនបាន​ល្អ​។​

​អ្នកស្រី Neelam Dhingra-Kuram ថ្លែងថា​៖

«​ក៏ប៉ុន្តែ មូលហេតុ​ចំបង​នៃ​គ្រោះថ្នាក់​នេះ​គឺថា នៅក្នុង មណ្ឌល​ថែទាំ​សុខភាព ក៏ដូចជា​នៅក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព មានការ​ខ្វះ​នូវ​វប្បធម៌​មួយ​ដែល​គិតដល់​សុវត្ថិភាព​របស់​អ្នកជំងឺ​។ ហើយ​នោះ​មានន័យថា ការដឹកនាំ​មិនមាន​ភាពរឹងមាំ​ទេ​…​ហើយ​នឹងខ្វះ​ការទាក់ទង​គ្នា​ដោយ​បើកចំហរ ខ្វះ​ប្រព័ន្ធ​ដើម្បី​រៀន​ពី​កំហុស និង​បញ្ហា​បច្ចេកទេស​។ ដូច្នេះ ឧបមា​ថា មាន​កំហុស​កើតឡើង ហើយ​គ្រោះថ្នាក់​កើតឡើង បើសិនជា​អ្នក​មិន​រៀន​ពី​វា​ទេ វា​គឺជា​ការបាត់បង់​ឱកាស​»​។​

​អ្នកស្រី Dhingra-Kuram ថ្លែង​ទៀតថា ប្រព័ន្ធ​មួយ​ដែលមាន​ទំនាក់ទំនង​បើកចំហរ ត្រូវតែ​បង្កើតឡើង ដែល​បុគ្គលិក​ថែទាំ​សុខភាព​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​រាយការណ៍​អំពី​កំហុស ហើយ​មិន​ខ្លាច​នឹងត្រូវ​បន្ទោស​ចំពោះ​ការរាយការណ៍​អំពី​កំហុស​នោះ​។​

​ក្រៅពី​ការបាត់បង់​អាយុជីវិត​និង​សោកនាដកម្ម​ដែល​អាច​បញ្ជៀ​សបាន​នេះ អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា គ្រោះថ្នាក់​ចំពោះ​អ្នកជំងឺ​នេះ ធ្វើឱ្យ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​រាប់ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​។ កំហុស​ដែល​ទាក់ទង​នឹង​ថ្នាំ​តែ​ម្យ៉ាង​ប៉ុណ្ណោះ មានតម្លៃ​ប្រហែលជា ៤២ ពាន់​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ​។​

​ម្យ៉ាងវិញទៀត​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា ការសិក្សា​មួយ​នៅ​សហរដ្ឋអាមេរិក​បានរ​ក​ឃើញថា ការកែលំអ​សុវត្ថិភាព​ក្នុង​ការថែទាំ​អ្នកជំងឺ អាច​សន្សំ​ថវិកា​ចំនួន​ប្រមាណ​ជា ២៨ ពាន់​លាន​ដុល្លារ​នៅក្នុង​មន្ទីរពេទ្យ​នានា នៅ​ចន្លោះ​ឆ្នាំ ២០១០ និង ២០១៥៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com