ជាតិ
សំរាម​បា្ល​ស្ទិ​ក​៨៣​កុងតឺន័រត្រូវបាន​ដឹក​ចេញ​ជា​បន្តបន្ទាប់​ ហើយក្រុមហ៊ុន​បង់ពិន័យ​អស់ហើយ
17, Sep 2019 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នា​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​វឌ្ឍនភាព​នៃ​ការដឹក​សំណល់​ប្លា​ស្ទិ​ក​ចំនួន​៨៣​កុងតឺន័រ​ទៅកាន់​ប្រទេស​ដើម​វិញ​។ សំណល់​ទាំងនោះ ត្រូវបាន​ពិនិត្យឃើញ​នៅ​ផែ​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​១៦ កក្កដា ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក និង​កា​ដា​ណា ដោយ​ក្រុមហ៊ុន Chungyuen Plastic Manufacture Co., Ltd​។​

 
​សំណល់​ប្លា​ស្ទិ​ក​ទាំង​៨៣​កុងតឺន័រ មាន​បរិមាណ​សរុប​ជិត​១៦០០​តោន ដោយ​៧០​កុងតឺន័រ​នាំចូល​ពី​សហរដ្ឋអាមេរិក និង​១៣​កុងតឺន័រ នាំចូល​ពី​កាណាដា​។ រដ្ឋាភិបាល បានដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន Chungyuen នាំ​កាកសំណល់​ប្លា​ស្ទិ​ក​ចេញពី​កម្ពុជា នៅត្រឹម​ថ្ងៃទី​២៤ សីហា​។ ជាមួយគ្នានេះ​ក្រុមហ៊ុន រង​ពិន័យ​ជាង​១​ពាន់​លាន​រៀល ដែល​ស្មើ​ជាង​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។ 
 
«​ក្រុមហ៊ុន បាន​បង់ប្រាក់​ពិន័យ​ចូល​ថវិកាជាតិ​គ្រប់​ចំនួន​»​។ នេះ​បើតាម​ការអះអាង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​បន្ថែមថា សំណល់​១៤​កុងតឺន័រ​ត្រូវបាន​ដឹក​ចេញ​កាលពី​ថ្ងៃទី​២០ ខែសីហា ហើយ​ក្រុមហ៊ុន Chungyuen បន្ត​ដឹក​ចេញ​ចំនួន​៦៩​កុងតឺន័រ​ទៀត កាលពី​ថ្ងៃ​១៥ ខែកញ្ញា​។​

បើតាមអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្រុមហ៊ុន Chungyuen បាន​បំពេញ​លក្ខខណ្ឌ​ទាំងអស់​ដែលបាន​សម្រេច​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចប់​សព្វគ្រប់៕
 








រូបភាព​ផ្តល់​ដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន


Tag:
 សំណល់​ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com