អន្តរជាតិ
ឥណ្ឌូណេស៊ី នឹងដំឡើងថ្លៃបារីបីដងនៅដើមឆ្នាំ២០២០
×
ដោយ៖ ឈួន ឈីវអ៊ីង
ឥណ្ឌូណេស៊ី នឹងដំឡើងថ្លៃបារីយ៉ាងតិចបីដងចាប់ពីខែមករា ឆ្នាំ២០២០ តទៅ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យរបស់ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីកាលពីសប្ដាហ៍មុន។ ការដំឡើងថ្លៃនេះ ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រធានាធិបតី ចូកូ វីដូដូ ដើម្បីកាត់បន្ថយអត្រាអ្នកជក់បារី ប៉ុន្តែឧស្សាហកម្មបារីឥណ្ឌូណេស៊ី ចេញមុខប្រឆាំងវិធានការនេះ។
នៅឥណ្ឌូណេស៊ី យុវជនស្ទើតែ៧០% ជក់បារី។ នេះបើយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០១៨ ដែលចាត់ទុកឥណ្ឌូណេស៊ី ជាប្រទេសដែលមានអត្រាអ្នកប្រើប្រាស់បារីខ្ពស់ជាងគេមួយក្នុងពិភពលោក។ ថ្នាំជក់បានសម្លាប់មនុស្ស ២២៥,៧២០នាក់ ដែលស្មើនឹង១៤.៧% ជារៀងរាល់ឆ្នាំនៅឥណ្ឌូណេស៊ី ហើយភាគច្រើនគឺដោយសារជំំងឺស្ទះសរសៃឈាមបេះដូងតែម្ដង។
តាំងពីឆ្នាំ២០១៤មក រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដំឡើងពន្ធទៅលើផលិតផលថ្នាំជក់ស្ទើតែរាល់ឆ្នាំទៅហើយ ដើម្បីកាត់បន្ថយការប្រើប្រាស់ តែវាមិនមានឥទ្ធិពលអ្វីសោះ។ ប៉ុន្តែចាប់ពីខែមករាឆ្នាំ២០២០ រដ្ឋាភិបាលក្រុងហ្សាការតា នឹងដំឡើងថ្លៃអប្បបរមានៃបារីគ្រប់ប្រភេទជាមធ្យមចំនួន៣៥% និងបង្កើនពន្ធលើផលិតផលថ្នាំជក់ដល់ទៅ ២៣% ទៀត។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Nufransa Wira Sakti ។
រដ្ឋាភិបាលប្រធានាធិបតី ចូកូ វីដូដូ បានរក្សាពន្ធថ្នាំជក់ក្នុងឆ្នាំ២០១៨ ឲ្យនៅថេរដដែល បន្ទាប់ពីបានដំឡើងពីដប់ ទៅដប់មួយភាគរយក្នុងមួយឆ្នាំសម្រាប់ពេល៥ឆ្នាំចុងក្រោយនេះ។ បារីពេញនិយមក្នុងចំណោមប្រជាជនឥណ្ឌូណេស៊ីវ័យក្មេង ត្រូវបានគេឲ្យឈ្មោះថា បារី ស ដែលមានតម្លៃចាប់ពី ៣៥៥រូពី ទៅ៦២៥រូពី ក្នុងមួយដើម ខណៈតម្លៃលក់រាយមានចាប់ពី ៦៤០រូពី ទៅ ១១៣០រូពីក្នុងមួយដើម។ nVបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
វិធានការស្តីពីពន្ធថ្នាំជក់ នៅតែមានភាពចម្រូងចម្រាស ដែលក្រុមហ៊ុនថ្នាំជក់ធំៗជាច្រើនតែងនិយាយថា ការធ្លាក់ចុះនៃការលក់បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពកសិករ។ សម្រាប់ការដំឡើងថ្លៃនៅឆ្នាំក្រោយ បណ្ដាក្រុមហ៊ុនបារីក្នុងស្រុកព្រមានថា វានឹងនាំឲ្យមានការលក់ខុសច្បាប់ ហើយប្រជាជនឥណ្ឌូណេស៊ី នឹងអស់ការងារធ្វើផងដែរ។
ទាក់ទងការព្រួយបារម្ភនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី Sri Mulyani Indrawati និយាយថា រដ្ឋាភិបាលព្យាយាមបង្កើតតុល្យភាពរវាងក្ដីបារម្ភពីបញ្ហាសុខភាពប្រជាជន ពិសេសយុវជនវ័យក្មេងដែលនិយមជក់បារី និងផលប៉ះពាល់លើជីវភាពរបស់អ្នកដាំដុះថ្នាំជក់។ ជាមួយគ្នានោះ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏ត្រៀមប្រយុទ្ធការលក់បារីខុសច្បាប់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com