អន្តរជាតិ
តៃវ៉ាន់ អស់​មិត្ត​មួយទៀត​ហើយ បន្ទាប់ពី​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​ទៅ​ចាប់​ចិន​
17, Sep 2019 , 7:19 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsi Ing-wen (AFP)
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsi Ing-wen (AFP)
ដោយ:
​រដ្ឋាភិបាល​តៃវ៉ាន់ កាត់ផ្តាច់​ចំណង​ការទូត​ជាមួយ​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន នៅ​ថ្ងៃ​ចន្ទ​ទី ១៦ កញ្ញា ក្រោយ​ដឹងថា ប្រជាជាតិ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​មួយ​នេះ ងាក​ទៅ​ទទួលស្គាល់​ចិន​។ ក្រុង​តៃប៉ិ បាន​ចោទ​រដ្ឋាភិបាល​ប៉េកាំង​ថា ប្រើ «​ការទូត​ដុល្លារ​» ដើម្បី​ទិញ​សម្ព័ន្ធមិត្ត​ខ្លួន​ដែល​នៅ​សេសសល់​។​



​ការទទួល​មិត្ត​ថ្មី​នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ក្រុង​ប៉េកាំង ខណៈ​ខ្លួន​ត្រៀមលក្ខណៈ​រៀបចំ​ខួប ៧០ ឆ្នាំ​នៃ​កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ថ្ងៃទី ១ តុលា ខាងមុខ​។ សម្រាប់​ការ​ដោះដៃ​ពី​តៃវ៉ាន់​ទៅ​ចាប់​ចិន​ពី​សំណាក់​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន បច្ចុប្បន្ន តៃវ៉ាន់​នៅសល់​សម្ព័ន្ធមិត្ត​ត្រឹម ១៦ ប្រទេស​ប៉ុណ្ណោះ ដែល​សុទ្ធសឹង​ជា​ប្រទេស​កោះ​តូចៗ​និង​ក្រីក្រ នៅ​តំបន់​អាហ្វ្រិក ប្រជុំ​កោះ​កា​រ៉ា​អ៊ី​ប និង​ប៉ាស៊ីហ្វិក​។

​រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ Joseph Wu និយាយថា ក្រុង​ត៉ៃ​ប៉ិ បានដឹងថា គណៈរដ្ឋមន្ត្រី​នៃ​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​របស់​នាយករដ្ឋមន្ត្រី Manasseh Sogavare បានសម្រេច​ចិត្ត​ទទួលស្គាល់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ ចន្ទ កន្លងទៅនេះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Wu បញ្ជាក់ថា រដ្ឋាភិបាល ប្រកាស​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ​តែម្តង​។ មន្ត្រីការទូត​តៃវ៉ាន់ នឹងត្រូវ​ដកចេញ​ពី​ទីក្រុង Honiara ហើយ​ប្រេសិត​សូ​លូ​ម៉ូ​ន នឹង​រំពឹងថា​ធ្វើ​ដូចគ្នា​។

​ដោយ​ចង្អុលមុខ​ប៉េកាំង​ចំៗ លោក​រដ្ឋមន្ត្រី Wu លើកឡើងថា រដ្ឋាភិបាល​ចិន ម្តង​ហើយ​ម្តងទៀត ប្រើប្រាស់​ការទូត​ដុល្លារ និង​ការសន្យា​ខ្យល់​ដោយ​ថា​ផ្តល់ជំនួយ​បរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ទិញ​ទឹកចិត្ត​អ្នកនយោបាយ​មួយ​ក្តាប់​តូច​។

​ទន្ទឹមនេះ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsi Ing-wen និយាយថា លោ​ល​ស្រី​មាន​អារម្មណ៍​សោកស្តាយ​ជាខ្លាំង និង​ថ្កោលទោស​ចំពោះ​ការសម្រេចចិត្ត​នេះ ខណៈ​ទីក្រុង​ប៉េកាំង​បានចេញ​មុខ​សាទរ​ចំពោះ​ទង្វើ​នេះ​។ តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស Hua Chunying  រដ្ឋាភិបាល​ចិន ស្វាគមន៍​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន ក្នុងការ​ឆក់យក​ឱកាស​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​៕

Tag:
 តៃវ៉ាន់​
  ចិន​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com