អាជ្ញាធរ បន្ត​តាម​ចាប់​អ្នក​ត្រៀម​ទទួល​លោក សម រង្ស៊ី
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាជ្ញាធរ បន្ត​តាម​ចាប់​អ្នក​ត្រៀម​ទទួល​លោក សម រង្ស៊ី
17, Sep 2019 , 3:49 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​មាន​អ្នកគាំទ្រ​មួយចំនួន​ហើយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ឃុំខ្លួន​ខ្លួន ហើយ​អ្នក​ផ្សេងទៀត ក៏​កំពុង​ប្រឈមមុខ​នឹងការ​ចាប់ខ្លួន​ផងដែរ ដោយសារតែ​ពួកគេ ប្រមូលផ្តុំ​គ្នា​និង​បង្ហាញ​ឆន្ទៈ​ត្រៀម​ទទួល​ការវិលត្រឡប់​របស់លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ភាគី​បក្ស​កាន់អំណាច ផ្ញើ​សារ​ទៅ​អ្នកគាំទ្រ​ខាង​ប្រឆាំង​ថា ពួកគេ នឹងត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ឲ្យ​តែ​ដឹងថា ពួកគេ ប្រមូលផ្តុំ​គ្នា​ចាំ​ទទួល​មេ​កើយ​របស់​ពួកគេ​។



​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ ថា ការចាប់​អ្នកគាំទ្រ​នៃ​អតីត​គណបក្សប្រឆាំង «​នៅតែ​បន្ត​» បើ​អំពើ​ល្មើសច្បាប់ នៅតែមាន​។ លោក បកស្រាយ​ដូច្នេះ​ថា​៖«​មិនបាច់​ឆ្ងល់​ទេ ការប្រជុំ​គ្នា ដើម្បី​រៀបចំ​ផែនការ​ទទួល​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ គឺជា​បទល្មើស ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ហើយ គឺ​ចាប់​អត់​ខុស​ទេ​»​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​មន្ត្រី​និង​សកម្មជន​៦​នាក់​នៃ​អតីត​គណបក្សប្រឆាំង ត្រូវ​ចាប់ខ្លួន​។ អ្នក​ទាំងនោះ គឺ លោក យ៉ា​ត ភារ​ម្យ លោក ទុំ ប៊ុនថន  កញ្ញា យូ ចាន់​ធានី លោក លី ម៉េង​ឃាង លោក លី លីន និង លោក ឈុន ថៃ​យុទ្ធ​។

​អតីត​គណបក្សប្រឆាំង បានចេញ​សេចក្តីថ្លែងការណ៍​ពី​ក្រៅប្រទេស​មក ដោយបាន​ថ្តោ​ល​ទោស​រដ្ឋាភិបាល​កម្ពុជា​។ សេចក្តី​ថ្លែង​ការណ៍ដែល​ចេញ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា បានសរសេរថា​៖«​ការចាប់​និង​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ គឺជា​ទង្វើ​រំលោភបំពាន​យ៉ាង​កម្រោល​លើ​ច្បាប់​ជាតិ​និង​អន្តរជាតិ ព្រមទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា​......»​។

​អតីត​គណបក្សប្រឆាំង ទាមទារ​ឲ្យ​អាជ្ញាធរ ដោះលែង​អ្នក​ទាំងនោះ​វិញ ព្រមទាំង​អ្នកទោសនយោបាយ​ផ្សេងទៀត ហើយ​បានស្នើ​ទៅ​សហគមន៍​អន្តរជាតិ ឲ្យ​បន្ត​ដាក់​សម្ពាធ​ឲ្យ​កាន់តែខ្លាំង ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា​។​

​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ដដែល លោក សុខ ឥសាន ប្រាប់​អ្នកកាសែត​ថា ការចាប់​សកម្មជន​ទាំង​៦​នាក់​នោះ មិនមែនជា​ការចាប់​ចុងក្រោយ​ឬ​ជា​ចុងបញ្ចប់​នោះទេ​។ លោក សរសេរ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ថា​៖«​បើ​ក្រីក្រ​ហើយ កុំ​ភ្លើតភ្លើន ដើរ​តាម​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។ ក្រុម​ឧទ្ទាម គ្មាន​លទ្ធភាព​អ្វី​ជួយ​ដោះស្រាយ​ទេ​»​។

​ទន្ទឹមនេះ មានការ​បែកធ្លាយ​សំឡេង​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បង្គាប់​ទៅគ្រប់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ដាក់​កម្លាំង​ឃ្លាំមើល​អ្នកគាំទ្រ​គណបក្សប្រឆាំង នៅតាម​វត្ត​អារាម ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​បារម្ភ​ថា ពួកគេ យក​លេស​នៃ​ការ​ទៅ​វត្ត ដើម្បី​ជួបជុំគ្នា ហើយ​លួច​ជជែក​គ្នា​ពី​ផែនការ​ខ្មៅ​ងងឹត​។ រដ្ឋមន្ត្រី​មហាផ្ទៃ ដែលមាន​សិទ្ធិអំណាច​មើល​ការខុសត្រូវ​លើ​អភិបាល​រាជធានី​-​ខេត្ត ដែលជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បានដាក់​បញ្ជា​ថា​៖«​សូម​នាំគ្នា​ចាត់ចែង​»​។​

​លោក សុខ ឥសាន បន្ត​និយាយ​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​អំពី​សំឡេង​របស់​សម្តេច ស ខេង ថា មេដឹកនាំ​ក្រុមប្រឆាំង លួច​ដាក់​ផែនការ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​ឲ្យ​សកម្មជន ធ្វើ​សកម្មភាព​ទុច្ចរិត ដែលជា​ហេតុ​ឲ្យ​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​។ លោក សង្កត់ធ្ងន់ថា​៖«​តួនាទី​ភារកិច្ចរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម គឺជា​រឿង​ធម្មតា​»​។

​កាលពី​ប៉ុន្មាន​ខែ​មុន មាន​អ្នកគាំទ្រ​ខាង​ប្រឆាំង​មិនតិចជាង​១០០​នាក់​នោះទេ ដែល​ត្រូវបាន​សមត្ថកិច្ច និង តុលា​ការហៅ​ទៅ​សួរនាំ ពាក់ព័ន្ធ​នឹង​ការជួប​ជុំគ្នា​។

​ក្រៅពីនេះ នៅមាន​យុវជន​២​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន គឺ យុវជន គង់ រ៉ៃ​យ៉ា ត្រូវបាន​ចាប់​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ដោយសារតែ​អំពាវនាវ​លក់​អាវយឺត ដែលមាន​រូប​និង​ទ្រឹស្តី​របស់​បណ្ឌិត កែម ឡី ហើយ​យុវជន សួង នាគព័ន្ធ ត្រូវបាន​ចាប់ខ្លួន ដោយសារតែ​ផ្សព្វផ្សាយ​ខិ​ត្ត​ប័​ណ្ណ ដែល​សរសេរថា «​បញ្ឈប់​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​» នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​រម្លឹក​ខួប​៣​ឆ្នាំ​នៃ​ការបាញ់សម្លាប់​បណ្ឌិត កែម ឡី​។ បច្ចុប្បន្ន អ្នក​ទាំង​២ កំពុង​ជាប់ឃុំ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្សប្រឆាំង បាន​បើក​កិច្ចប្រជុំ​សំខាន់​មួយ ដើម្បី​ពិភាក្សា​ពី​រឿង​វិលត្រឡប់​របស់លោក សម រង្សី​។ សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​នេះ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ សម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​ថ្នាក់ដឹកនាំ​របស់ខ្លួន​គ្រប់លំដាប់​ថ្នាក់ ទាំង​នៅក្រៅ​ប្រទេស​និង​នៅក្នុង​ស្រុក ដើម្បី​អនុវត្ត​ផែនការ​នៃ​ការធ្វើ​មាតុភូមិ​និវត្ត​។​
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អតីត​គណបក្សប្រឆាំង បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស វិល​ត្រឡប់មក​កម្ពុជា​ជាមួយ​ថ្នាក់ដឹកនាំ​ប្រឆាំង ដើម្បី​រួម​កម្លាំង​គ្នា​ផ្លាស់ប្តូរ​។ អតីត​គណបក្សប្រឆាំង ប្រកាសថា នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក សម រង្ស៊ី នឹង​ហោះ​ពី​បារាំង ចូលទៅ​តំបន់​អាស៊ី​សិន មុននឹង​ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​។​

​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​រួមទាំង​នគរបាល យោធា និង កងរាជអាវុធហត្ថ ប្រកាសថា បាន​ត្រៀមលក្ខណៈ​រួចហើយ ដើម្បី​ចាំ​ចាប់​លោក សម រង្សី និង បក្សពួក ដែលមាន​ឈ្មោះ​ក្នុង​ដីការ​ចាប់ខ្លួន​របស់​តុលាការ​៕  


Tag:
 CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com