អន្តរជាតិ
លោក ត្រាំ ថា មិន​ចង់​ធ្វើសង្គ្រាម​ឡើយ ទោះ​ចោទ​អ៊ីរ៉ង់​នៅ​ពីក្រោយ​ហេតុការណ៍​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត
17, Sep 2019 , 8:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, រូបភាព (Reuters)
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, រូបភាព (Reuters)
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​នេះ​ថា អ៊ីរ៉ង់​គឺ​ដូចជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​អ៊ីចឹង​។ ប៉ុន្តែ លោក​បាន​សង្កត់ធ្ងន់ថា អាមេរិក​មិន​ចង់​ធ្វើសង្គ្រាម​ទេ​។ ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ បានធ្វើ​ឲ្យ​តម្លៃ​ប្រេង​កំពុងតែ​ឡើងថ្លៃ និង​បង្ក​ជាការ​បារម្ភ​នៃ​ការកើតឡើង​ជម្លោះ​ថ្មី​មួយទៀត​នៅ​មជ្ឈិមបូព៌ា​។



​បន្ទាប់ពី​មានការ​វាយប្រហារ​លើ​រោងចក្រ​ផលិត​ប្រេង​របស់​ក្រុមហ៊ុន Saudi Aramco របស់​អា​រ៉ា​ប៊ី​សា​អូឌីត ទីក្រុង​វ៉ាស៊ីនតោន​បានចេញ​ប្រតិកម្ម​ភ្លាមៗ​រិះគន់​ទៅលើ​ការវាយប្រហារ និង​បាន​ចោទថា​ទីក្រុង​តេ​ហេ​រ៉ង់​ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​។ បន្ថែម​ពីលើ​នេះ​ទៅ អាមេរិក​បាន​បញ្ជាក់ថា ខ្លួន​នឹង​ស៊ើបអង្កេត​លើ​សំណុំរឿង​មួយ​នេះ ថា​តើន​រណា​ជា​អ្នក​នៅ​ពីក្រោយ​។

​ប៉ុន្តែ​អ៊ីរ៉ង់​បាន​ចេញមុខ​បដិសេធ​លើ​ការចោទប្រកាន់​របស់​អា​មេ​រិ​ក ហើយ​អះអាងថា វា​គឺជា​រឿង​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ក្នុង​គោលបំណង​សងសឹក​ទៅលើ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បានធ្វើ​សង្គ្រាម​នៅក្នុង​ប្រទេស​យេ​ម៉ែន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។​

​ទោះជា​ចង្អុលមុខ​អ៊ីរ៉ង់ ហើយ​ត្រៀមខ្លួន​វាយបក​រួចហើយ​ក្ដី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិន​ចង់​ធ្វើ​ស​ង្ក្រា​ម​ឡើយ​។ ក្នុងន័យនេះ លោក​ចង់​សំដៅ​ដល់ ការមិន​ចង់​ធ្វើសង្គ្រាម​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បានប្រកាសថា​ជា​ស្នាដៃ​ខ្លួន​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ បាន​អះអាងថា ទោះ​មាន​ច្រើន​ជម្រើស​ក្នុង​ឆ្លើយតប​ក្ដី អាមេរិក​មិន​ប្រញាប់​ទេ និង​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​ជាមុនសិន​។

​បន្ថែម​ពី​ថ្នាក់ក្រោម ប្រធានាធិបតី​អ៊ីរ៉ង់ ក៏​ចេញ​បដិសេធ​ជាថ្មី​ពាក់ព័ន្ធ​រឿងនេះ​។ ប្រាប់​អ្នកសារព័ត៌មាន​ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅ​តួ​ក​គី លោក ហាសាន់ រូ​ហា​នី និយាយ​ក្នុងន័យ​រុញ​កំហុស​លើ​យេ​ម៉ែន​ថា​៖ «​ប្រជាជន​យេ​ម៉ែន​កំពុង​អនុវត្ត​សិទ្ធិ​ស្របច្បាប់ ដើម្បី​ការពារ​ខ្លួន​»​។

​ជុំវិញ​រឿងនេះ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កត់សម្គាល់ថា ការវាយប្រហារ​គឺ ធ្វើ​ដោយ​អាវុធ​របស់​អ៊ីរ៉ង់ និង​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​ធ្វើការ​ស៊ើបអង្កេត​អំពី​បញ្ហា​នេះ​។ រជ្ជទាយាទ Mohammed bin Salman បាន​ចង្អុល​ចំៗ​តែ​ម្តងថា ការគំរាមកំហែង​រប​ស់​អ៊ីរ៉ង់ មិន​ត្រឹមតែ​អា​រ៉ា​ប៊ី​សា​អូឌីត​នោះទេ តែ​ប្រឆាំងនឹង​មជ្ឈិមបូព៌ា និង​ពិភពលោក​ទាំងមូល​។

​នរណា​ពីក្រោយ​ការវាយប្រហារ​ដោយ​យន្តហោះ​បញ្ជា​នេះ នៅតែ​ជា​រឿង​ស្រពេចស្រពិល​។ អ្នកតំណាង​អង្គការសហប្រជាជាតិ​នៅ​យេ​ម៉ែន លោក Martin Griffiths នៅ​ថ្ងៃទី​១៦ ខែកញ្ញា បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា វា​ដូចជា​មិន​ច្បាស់​ថា​តើន​រណា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ លោក​ព្រមាន​ថា វិបត្តិ​នេះ នឹងធ្វើ​ឲ្យ​បញ្ហា​ជម្លោះ​នៅក្នុង​តំបន់​កាន់តែ​កើនឡើង​។ រុស្ស៊ី និង​ចិន​វិញ​បាន​អំពាវនាវ​កុំ​ឲ្យ​មានការ​សន្និដ្ឋាន និង​រិះគន់​លឿន​ពេក​ទៅលើ​ប្រទេស​ណាមួយ ដែល​បាន​វាយប្រហារ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ជាការ​ពិត វា​មាន​សំនួរ​ជាច្រើន​បាន​លេចឡើង​ទៅលើ​ការវាយប្រហារ ព្រោះ​ដូចដែល​យើង​បានដឹង​រួចមកហើយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ទិញ​អាវុធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជាពិសេស​ទិញ​ពី​អាមេរិក ប៉ុន្តែ​នៅតែ​មិនអាច​ទប់ស្កាត់​ការវាយប្រហារ​រោងចក្រ​ផលិត​ប្រេង​បាន​។

​សូមបញ្ជាក់ថា វិបត្តិ​លើក​នេះ បាន​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ឆៅ​នៅលើ​ពិភពលោក ៥​ភាគរយ និង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​រហូតដល់ ១៩​ភាគរយ​។ តាម​តួលេខ​នេះ គឺ​វា​ខ្ពស់ជាង​ពេលណាៗ​ទាំងអស់ ចាប់តាំងពី​វិបត្តិ​ឆ្នាំ ១៩៩០-១៩៩១ នៅពេលដែល​អ៊ី​រាក់​ចូល​ឈ្លានពាន​ប្រទេស​កូ​វ៉ែត​៕


Tag:
 អាមេរិក​
  យេ​ម៉ែន​
  អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com