ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ៖«រដ្ឋាភិបាលមិនទាន់អាចលើកលែងទិដ្ឋាការដល់ប្រទេសក្រៅអាស៊ាន»
× ភ្នំពេញ៖ ការអនុគ្រោះផ្នែកទិដ្ឋាការ (Visa) មានពីររបៀប គឺរបៀបទី១ អនុវត្តទិដ្ឋាការតែមិនយកកម្រៃ ឯរបៀបមួយទៀតគឺ លើកលែងទិដ្ឋាការតែម្ដង។ ការអនុគ្រោះទិដ្ឋាការ គឺដើម្បីស្រូបយកលំហូរភ្ញៀវបរទេសចូល ហើយប្រទេសម្ចាស់ផ្ទះអាចទាញយកប្រយោជន៍ពីលំហូរទាំងនោះ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការអនុគ្រោះទិដ្ឋាការរបស់កម្ពុជា ដល់បណ្ដាប្រទេសផ្សេងទៀតក្រៅពីប្រទេសក្នុងតំបន់អាស៊ាន គឺអាស្រ័យនឹងភាពរួចរាល់ ថាតើកម្ពុជារៀបចំខ្លួនរួចរាល់ហើយ ឬនៅចំពោះការអនុគ្រោះទិដ្ឋាការនេះ?
ខាងក្រោមនេះជាប្រសាសន៍លោក ថោង ខុន ដែលដកស្រង់ចេញពីកិច្ចសម្ភាសមួយរបស់ទូរទស្សន៍ CNC នៅថ្ងៃទី១៦ខែកញ្ញា៖
លោក ថោង ខុន ឲ្យដឹងថា រដ្ឋាភិបាលគិតទៅលើពីរចំណុចមុននឹងឈានដល់ការអនុគ្រោះទិដ្ឋាការ។ ទី១ បើគ្មានការតភ្ជាប់ជើងហោះហើរជាមួយប្រទេសដែលទទួលការអនុគ្រោះទិដ្ឋាការនោះទេ ក៏មិនអាចទាក់ទាញឲ្យគេចូលមកកម្ពុជាដែរ។ ទី២ លុះត្រាតែកម្ពុជាអាចទាញយកប្រយោជន៍ច្រើនពីភ្ញៀវទេសចរ ដែលទូទាត់ទៅច្រើនជាងថ្លៃទិដ្ឋាការ។ លោកថ្លែងដូច្នេះថា៖«ឧទាហរណ៍ថាយើងលើកលែង(ទិដ្ឋាការ)ឲ្យទីផ្សារប្រទេសមួយ តើយើងមានជើងយន្តហោះប៉ុន្មានទៅយកអ្នកទាំងអស់នោះ? ហើយយើងត្រូវគិតថាខ្លួនយើងមានអ្វីខ្លះលក់ឲ្យគេ មានផលិតផលទេសចរណ៍សម្បូរបែបហើយនៅ បើមក ភ្ញៀវហ្នឹងត្រូវនៅយូរចាយច្រើន យើងចំណេញ។ ផលិតផលសហគ្រាសធុនតូចនិងមធ្យម អាចចរាចរបានល្អ ហើយចំណូលបានដល់ប្រជាជនយើង គិតគូរទូទាត់ទៅថ្លៃទិដ្ឋាការហ្នឹងតិចជាងចំណូលដែលបានមកប្រជាជន បានយើងអាចនឹងពិចារណា»៕
© រក្សាសិទ្ធិដោយ thmeythmey.com