ត្រាស់ដឹង មានន័យ​ដូចម្តេច​?
ជាតិ
សាសនា / ធម៌
ត្រាស់ដឹង មានន័យ​ដូចម្តេច​?
18, Sep 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​និយាយ​ឲ្យ​ខ្លី​និង​ងាយ​យល់ ត្រាស់ដឹង មានន័យថា ដឹង​អ្វីៗ​គ្រប់យ៉ាង​អំពី​ធម្មជាតិ ដែល​ភាសាបាលី ហៅថា សព្វញ្ញុតញ្ញាណ ឬក៏អាចនិយាយបានថា ជាការរកឃើញនូវច្បាប់ធម្មជាតិ។



​ពេល​ព្រះជន្ម​២៩​ព្រះវស្សា ព្រះពុទ្ធ​អង្គ ដែលមាន​នាម​ដើម​ថា សិទ្ធត្ថ បាន​លួច​ចេញទៅ​សាង​ផ្នួស​។ ព្រះអង្គ ចំណាយពេល​អស់​៦​ព្រះវស្សា ក្នុងការ​ស្វែងរក​ធម៌ ពោលគឺ ស្វែងរក​ផ្លូវ​នៃ​ការ​ត្រាស់ដឹង ដើម្បី​ក្លាយជា​ព្រះពុទ្ធ ហើយ​ទីបំផុត ព្រះអង្គ ក៏បាន​សម្រេច​នូវ​សព្វញ្ញុតញ្ញាណ ដែល​មានន័យថា ការសម្រេច​ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ធម្មជាតិ​។ ក្នុង​ព្រះ​ជន្មាយុ​៣៥​ព្រះវស្សា ព្រះអង្គ ក្លាយជា​ព្រះពុទ្ធ ដែល​ប្រែ​ថា អ្នក​ត្រាស់ដឹង​។ ព្រះពុទ្ធ​អង្គ ជា​អ្នក​អស់​ទៅ​នូវ​កិលេស​ទាំងពួង​។

​ក្នុង​ថ្ងៃ​ត្រាស់ដឹង ព្រះអង្គ បានសម្រេច​នូវ​វិជ្ជា​ឬ​ញាណ​៣​យ៉ាង គឺ​៖

​បុព្វេនិវាសានុស្សតិញ្ញាណ គឺជា​ញាណ ដែល​អាច​រលឹក​ឃើញ​នូវ​ជាតិ​មុនៗ ដែល​ព្រះអង្គ​និង​សត្វ​ដទៃ ធ្លាប់​ចាប់កំណើត​។

​ចុ​តូប​បាត​ញ្ញាណ គឺជា​ញាណ ដែល​អាច​កំណត់​ឃើញ​នូវ​ចុតិ​-​បដិសន្ធិ​នៃ​សត្វលោក មានន័យថា ព្រះអង្គ អាច​ដឹងថា សត្វ​ណា ទៅ​កើតជា​អ្វី​នៅ​ជាតិ​ខាងមុខ ក្រោយពេល​ដាច់​សង្ខារ​។ ចុតិ​-​បដិសន្ធិ គឺ​ការ​រលត់​សង្ខារ ហើយ​ទៅ​ចាប់កំណើត​ថ្មី​។​
 
​អាសវ​ក្ខ​យ​ញ្ញាណ គឺជា​ញាណ ដែល​ធ្វើ​ឲ្យ​អស់​នូវ​អាសវៈ (​កិលេស​)​។ ការដឹង​ច្បាស់​នូវ​ហេតុ​ជាទី​អស់​ទៅ​នៃ​អាសវៈ បាន​ដល់​ការដឹង​ច្បាស់​នូវ​ចតុរារិយសច្ច (​អរិយសច្ច​ទាំង​៤) គឺ ទុក្ខអរិយសច្ច (​សេចក្តី​ទុក្ខ មាន​ពិត​) ទុក្ខសមុទយ​អរិយសច្ច (​ហេតុដែល​នាំ​ឲ្យ​មានទុក្ខ​) ទុក្ខនិរោធអរិយសច្ច (​ការ​រំលត់ទុក្ខ​) និង ទុក្ខនិរោធគាមិនី​បដិបទា​អរិយសច្ច (​ផ្លូវ ដែល​នាំទៅរក​ការ​រំលត់ទុក្ខ​)​។

​ញាណ​ទាំង​៣​នេះ គឺជា​ពុទ្ធញ្ញាណ ពោលគឺ មានតែ​ព្រះពុទ្ធ​ប៉ុណ្ណោះ ដែល​អាចមាន​ញាណ​ទាំង​៣​នេះ​។

​ក្រោយ​ត្រាស់ដឹង ព្រះពុទ្ធ​អង្គ ទ្រង់​លះបង់​ព្រះកាយពល ក្នុងការ​សម្តែង​ព្រះធម៌​ប្រោស​សត្វលោក ដើម្បី​ឲ្យ​សត្វលោក បានសម្រេច​នូវ​ធម៌ រួច​ចាក​ទុក្ខ​ក្នុង​វាល​វដ្ត​សង្សារ​។ អស់​រយៈពេល​៤៥​ព្រះវស្សា​នៃ​ការ​ត្រាស់ដឹង ព្រះ​បរមគ្រូ ក៏​ទ្រង់​ចូល​បរិនិព្វាន (​រលត់​សង្ខារ​) ក្នុង​ព្រះជន្ម​៨០​ព្រះវស្សា​។​

​បន្ទាប់ពី​ព្រះអង្គ​ទ្រង់​ចូល​បរិនិព្វាន ព្រះអរហន្ត (​បុគ្គល​សម្រេច​ធម៌​ដោយ​ការប្រតិបត្តិ និង​ការ​ស្តាប់​នូវ​ព្រះធម៌​ពី​ព្រះ​សម្មាស​ម្ពុ​ទ្ឋ​) និង​អ្នកប្រាជ្ញ​ទាំងឡាយ បាន​ប្រមូល​ចងក្រង​ព្រះធម៌​ទាំងនោះ ឲ្យ​ក្លាយជា​គម្ពីរ ដោយមាន​លក្ខណៈ ជា​របៀប​ទៅតាម​លំដាប់លំដោយ ដែល​យើង​ហៅថា​ព្រះ​ត្រៃបិដក​។ ព្រះ​ត្រៃបិដក គឺ​សំដៅលើ គម្ពីរ​គោល​៣​ប្រភេទ ក្នុង​ព្រះ​ពុ​ទ្ឋ​សាសនា រួមមាន ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម​។​

​ព្រះធម៌​ដែល​លោកអ្នក​ប្រាជ្ញ​ចងក្រង​ទាំងនោះ បើ​គិត​ជា​ប្រភេទ​នៃ​គម្ពីរ​មាន​៣​គម្ពីរ​។ ៣​គម្ពីរ​បើ​គិត​ជា​ក្បាលមាន​១១០​ក្បាល​។ ១១០​ក្បាល​បើ​គិត​ជាខ​ន្ឋ មាន​៨៤០០០​ព្រះ​ធម្ម​ខ​ន្ឋ ។ ដូច្នេះ​យើង​ឃើញថា ព្រះធម៌​ដែល​ព្រះ​សាស្តា ទ្រង់​សម្តែង​រយៈពេល​៤៥​ព្រះវស្សា គឺមាន​រហូតដល់​៨៤០០០​ព្រះ​ធម្ម​ខ​ន្ឋ​ឯណោះ​។​
​    ​
​ធម៌​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​មិនមែនជា​អ្វីដែល​ព្រះអង្គ​ទ្រង់​បង្កើតឡើង​ដោយ​ព្រះអង្គឯង​នោះទេ តែ​ជា​អ្វី​ដែលមាន​ស្រាប់​ក្នុង​ធម្មជាតិ​។ ប៉ុន្តែ​ព្រះអង្គ ជា​អ្នកស្វែងរក​ឃើញ​នូវ​សច្ចធម៌​ទាំងពួង ហើយ​ទ្រង់​ក៏​សម្តែង​និង​បើក​បង្ហាញ​ពី​រឿង​ពិត​ទាំងនោះ ដើម្បី​បានជា​ប្រយោជន៍​ដល់​សត្វលោក​។​

​មាន​អ្នកខ្លះ បានចាត់ទុក​ព្រះសម្មាសម្ពុទ្ធ ថា​ជា​ទស្សនវិទូ ដូច​ទស្សនវិទូ​ដទៃទៀត​ដែរ​។ ការយល់​ដូច្នេះ ដោយហេតុ​ផល​ថា ព្រះពុទ្ធ​បាន​បង្រៀន​មនុស្សលោក ឲ្យ​ស្គាល់​មាគ៌ា ទៅកាន់​សុខ​សុភមង្គល ក្នុង​ជីវិត​រស់នៅ​បច្ចុប្បន្ន ដូច​ទស្សនវិទូ​លើ​ពិភពលោក​ដទៃទៀត ដូចជា ឡៅ ជឺ ខុង​ជឺ ពី​តា​ហ្គ័​រ សូ​ក្រា​ត ប្លា​តុង អា​រី​ស្តូ​ត មហា​ត្មៈ គ​ន្ធី ជាដើម​។​

​តាមពិត ឱវាទ​មួយចំនួន​របស់​ព្រះពុទ្ធ ពិត​ជាមាន​លក្ខណៈ​ដូច​ទស្សនៈ របស់​ទស្សនវិទូ​ផ្សេងៗ​ទៀត​មែន តួយ៉ាង​ដូចជា​មង្គល​ទាំង​៣៨​ប្រការ ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ដល់​មនុស្ស ដើម្បី​ស្វែងរក​សេចក្តីសុខ សុភមង្គល​ក្នុង​ជីវិត​។ មង្គល​ទាំង​៣៨​ប្រការ​នោះ មានដូចជា ការបម្រើ​នូវ​មាតា និង​បិតា​មួយ​, ការសង្គ្រោះ​កូន និង​ភរិយា​មួយ​, ការជួយជ្រោមជ្រែង​នូវ​ញាតិ​ទាំងឡាយ​មួយ​ជាដើម​។ ទាំងនេះ​លោក​ចាត់ទុកថា​ជា​ទង្វើ​នាំមក​នូវ​សុភមង្គល​ក្នុង​ជីវិត​។ ព្រះ​ពុទ្ធោវាទ​ទាំងនេះ អ្នកប្រាជ្ញ​ជាច្រើន​ក៏បាន​ពោល​ដែរ​។ តួយ៉ាង ដូចជា​ខុង ជឺ ដែល​លោក​អប់រំ​មនុស្ស​ឲ្យ​ចេះ​គោរព និង​សងគុណ​មាតាបិតា ចេះ​ជួយសង្គ្រោះ​បងប្អូន សាច់ញាតិ ឫ​រហូតដល់​ប្រទេសជាតិ​ទៀតផង​។​
 
​ប៉ុន្តែ ព្រះពុទ្ធ មិនមែនជា​ទស្សនវិទូ​នោះទេ​។ ព្រះអង្គ​គឺជា លោកវិទូ ឬក៏​ជា​អ្នក​ត្រាស់ដឹង​។ លោកវិទូ ឬក៏​ជា​អ្នក​ត្រាស់ដឹង មានន័យ ដូច​បាន​ពោល​មក​ខាងលើ គឺជា អ្នក​ដែល​ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​លោក ឬក៏​ជា​អ្នក​ទ្រង់​ញាណ​នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ធម្មជាតិ​យើង​នេះ ឬ​អាច​និយាយបានថា អ្វីៗ​ក៏​ព្រះអង្គ​ដឹង​ដែរ ក្នុង​ចក្រ​វា​ឡ​នេះ ហើយ «​បញ្ញា​ឬ​ការដឹង​របស់​ព្រះពុទ្ធ​គ្មាន​ដែន​កំណត់​ឡើយ​»​។​

​ហេតុផល​មួយទៀត​ដែលថា ព្រះពុទ្ធ មិនអាច​ចាត់ទុកថា​ជា​ទស្សនវិទូ​នោះ ព្រោះ​ហេតុថា ព្រះពុទ្ធ​ទ្រង់​ជា​បុគ្គល​ដែល​បាន​រំលត់​នូវ​កិលេស​គ្រប់យ៉ាង ដែល​អ្នកប្រាជ្ញ ឬ​ទស្ស​វិទូ​ទាំងឡាយ មិនអាច​ធ្វើបាន​។ អ្នកប្រាជ្ញ​ទស្សនវិទូ​ទាំងនោះ គ្រាន់តែ​ជា​អ្នកមាន​បញ្ញា​ជ្រាលជ្រៅ ឬ​ជំនាញ​ផ្នែក​អ្វីមួយ ទៅតាម​ទេពកោសល្យ និង​ការព្យាយាម​សិក្សា ពិចារណា​របស់ខ្លួន​ប៉ុណ្ណោះ តែ​មិនមែនជា​ត្រាស់ដឹង ឬក៏​ជា​អ្នក​ទ្រង់​ញាណ នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​លោក ដូច​តួអង្គ​ព្រះសម្មាសម្ពុទ្ធ​ឡើយ​។ ហើយ​ជាពិសេស​នោះ ទស្សនវិទូ មិនអាច​លះបង់ និង​រំលត់​នូវ​កិលេស​ទាំងពួង​បាន​ដូច​តួអង្គ​ព្រះសម្មាសម្ពុទ្ធ​នោះទេ​៕

Tag:
 ​ភ្ជុំបិណ្ឌ​
  ទស្សនៈ​
  ត្រាស់ដឹង​
© រក្សាសិទ្ធិដោយ thmeythmey.com