កីឡាអន្តរជាតិ
អន្តរជាតិ
Klopp សារភាពថា Liverpool មិនមែន​ក្រុម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប តែ​ចង់​ឈ្នះ UCL ឆ្នាំនេះ​ទៀត
17, Sep 2019 , 4:59 pm        
រូបភាព
​លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​ក្រុម Liverpool សារភាពថា​ក្រុម​របស់លោក​មិនមែនជា​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​ឡើយ បើទោះជា​បានឈ្នះ​ពាន Champions League រដូវ​កាល​មុន​។ ប៉ុន្តែ​យ៉ាងណា​លោក Klopp ថា​ក្រុម​របស់លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ការពារ​តំណែង​ជើងឯក​នៅ​ឆ្នាំនេះ​ដោយ​ចាប់ផ្តើម​ជាមួយនឹង​ការប្រកួត​បើកឆាក​ពូ​ល E ទល់ Napoli នៅ​រាត្រី​ថ្ងៃទី​១៧ ខែកញ្ញា​នេះ​។​



«​ឈ្នះ​ជើងឯក​គឺ​ល្អ​ហើយ ប៉ុន្តែ​វា​មិនបាន​ប្តូរ​អ្វី​ទាំងអស់​ទេ​។ Klopp និយាយ​ទៅកាន់​អ្នកព័ត៌មាន​ក្នុង​សន្និសីទ​នៅ​ក្រុង Naples ប្រទេស​អ៊ីតាលី​ដូច្នេះ និង​បន្ថែមថា​៖«​យើង​ចាញ់​ការប្រកួត​ក្រៅ​ទឹកដី​ស្ទើ​ទាំងអស់​រដូវ​កាល​មុន យើង​ល្អ​ដោយពេល​ប៉ុណ្ណោះ​។ ក្រុម​ដែល​ល្អ​ជាងគេ​នៅ​អឺរ៉ុប​បច្ចុប្បន្ន​គឺ Manchester City ឯណោះ​ទេ តែ​ពួកគេ​គ្មាន​សំណាង​ដូច​យើង​។ យ៉ាងណា​យើង​នឹងធ្វើ​ឲ្យ​បានល្អ​បន្ថែមទៀត​នៅ​រដូវ​កាល​នេះ​»​។​



Liverpool បាន​យកឈ្នះ Tottenham Hotspur ២-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវ​កាល​មុន ដែល​នេះ​ជា​លទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ការដឹកនាំ​របស់លោក Klopp នៅ​ទឹកដី​អង់គ្លេស​។​

​សម្រាប់​រដូវ​កាល​នេះ ម្ចាស់​ជើងឯក​ចាស់ និង​ធ្វើដំណើរ​ទៅ​ទឹកដី Napoli សម្រាប់​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E នៅ​យប់​នេះ​។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៥២​ឆ្នាំ​រូបនេះ បាន​សិក្សា​ពី​កំហុស​កាលពី​ឆ្នាំមុន​រួមទាំង​ការ​ចាញ់​រាល់​ការប្រកួត​ក្រៅ​ដី​របស់​ពួកគេ ដោយ​ក្នុងនោះ​រាប់ទាំង​ការបរាជ័យ ១-០ ពី​សំណាក់​ក្រុម Napoli ផង​។ Napoli ជា​ក្រុម​ខ្លាំង​ដែល​ហង្ស​ក្រហម​ត្រូវ​ប្រឈម រួមទាំង​ក្រុម Salzburg និង Genk ផងដែរ​នៅ​រដូវ​កាល​នេះ​។​

​យ៉ាងណាក៏ដោយ នៅ​ចំពោះមុខ​អ្នកកាសែត​មុន​ការប្រកួត លោក Klopp បញ្ជាក់​ជាថ្មី​ថា​លោក​ចង់​ឈ្នះ Champions League នេះ​ទៀត បើ​ទោះ​ការរក្សា​តំណែង​ជើងឯក​វា​ពិតជា​មិន​ងាយស្រួល​ក្តី​។ Liverpool នឹង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​៣​នៅ​ឆ្នាំនេះ ហើយ​ក្រុម​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​។​

​សម្រាប់​ការប្រកួត​ក្នុង​លី​គ​វិញ ក្រុម​រងជើង​ឯក Premier League រដូវ​កាល​មុន ពិតជា​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ដោយ​ទទួលបាន​ជ័យជម្នះ​ទាំង​៥​ប្រកួត​តែម្តង​សម្រាប់​រដូវ​កាល​ថ្មី ២០១៩-២០​នេះ​។ Liverpool មាន​១៥​ពិន្ទុ​ពេញ​ឈរ​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស នាំមុខ​គូប្រជែង​ចាស់ Man City ចំនួន​៥​ពិន្ទុ​៕

Tag:
 Liverpool
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com