អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាពាហ៍ពិពាហ៍​យូរអង្វែង​! លោក មហា​ធៀ ថា ប្ដី​ប្រពន្ធ​ត្រូវ​ចេះ​អត់ធ្មត់​
28, Sep 2019 , 4:59 pm        
រូបភាព
លោក មហាធៀ មហាម៉ាត់ និងភរិយា ស៊ីទី ហាស្មា មហាម៉ាត់ ។ រូបភាព Astro Gempak
លោក មហាធៀ មហាម៉ាត់ និងភរិយា ស៊ីទី ហាស្មា មហាម៉ាត់ ។ រូបភាព Astro Gempak
ដោយ: ថ្មីៗ
ចំណងអាពាហ៍ពិពាហ៍​៦៣​ឆ្នាំ​រវាង​លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា ស៊ី​ទី ហា​ស្មា មហាម៉ាត់ ជា​គោលដៅ​ដែល​ប្ដី​ប្រពន្ធ​ទាំងឡាយ​ចង់បាន​។ ការរក្សា​ចំណង​អា​ពា​ហ៍​អា​ពា​ហ៍​បានយូរ​បែបនេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ពិសេស​សម្រាប់​អ្នកនយោបាយ​ដូច​លោក មហា​ធៀ ជាដើម​នោះ​។ ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ទស្សនាវដ្ដី Going Places លោក មហា​ធៀ ផ្ដល់​គន្លឹះ​សម្រាប់​ប្ដី​ប្រពន្ធ​ឯទៀត​។



​លោក មហា​ធៀ មហាម៉ាត់ រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី ស៊ី​ទី ហា​ស្មា មហាម៉ាត់ ក្នុង​ឆ្នាំ​១៩៥៦ និង​កូនៗ​៥​នាក់​។ គិត​ត្រឹម​ឆ្នាំ​២០១៩ ចំណងអាពាហ៍ពិពាហ៍​នេះ មាន​អាយុ​៦៣​ឆ្នាំ ហើយក៏​ក្លាយជា​ចំណងអាពាហ៍ពិពាហ៍​គម្រូ​មួយ​ដែល​គ្រប់គ្នា​ចង់បាន​។​

​ឯ​មូលហេតុ​ដែល​អាច​រក្សា​សម្ព័ន្ធភាព​ប្ដី​ប្រពន្ធ​បាន​ជាង​៦​ទសវត្សរ៍​បែបនេះ​វិញ លោក មហា​ធៀ ដែល​សព្វថ្ងៃ​មាន​វ័យ​៩៤​ឆ្នាំ​ទៅហើយនោះ និយាយថា អត់ធ្មត់​។ ប្រាប់​ទស្សនាវដ្ដី Going Places នៅ​ដើមខែ​កញ្ញា​នេះ លោក មហា​ធៀ បញ្ជាក់ថា ប្ដី​ប្រពន្ធ មិនល្អ​គ្រប់​ដប់​ទាំងអស់​ឡើយ ដូចនេះ​ពួកគេ​តែ​ត្រូវតែ​អត់ធ្មត់​នឹង​អាកប្បកិរិយា​របស់​ភាគី​ម្ខាង​ទៀត ទោះ​មិន​ចូលចិត្ត​ក៏ដោយចុះ​។ ត្រង់នេះ លោក មហា​ធៀ បាន​លើក​ឧទាហរណ៍​ពី​ចំណុច​ផ្ទុយគ្នា​មួយ​រវាង​លោក និង​ភរិយា​។​

«​ខ្ញុំ​ចូលចិត្ត​ធ្វើ​អ្វី​ទៀង​ម៉ោង​។ ខ្ញុំ​តែងតាំង​ចង់​ឲ្យ​ទាន់​ម៉ោង​ជានិច្ច ប៉ុន្តែ​ភរិយា​ខ្ញុំ​តែង​តែង​យឺត​។ ដំបូង យើង​ទាស់​គ្នា ប៉ុន្តែ​ក្រោយមក ដោយសារតែ​គាត់​តែងតែ​យឺត​ទៅហើយ អ៊ីចឹង​ខ្ញុំ​ត្រូវតែ​ទ្រាំ ហើយ​គាត់​ក៏ត្រូវ​ទ្រាំ​ជាមួយ​ការ​រអ៊ូ​របស់ខ្ញុំ​ថា យើង​អស់​ពេល​ហើយ​។​» នេះ​ជាការ​រៀបរាប់​របស់លោក​នាយករដ្ឋមន្ត្រី មហា​ធៀ ។​

​ក្នុង​កិច្ច​សម្ភាស​ដដែល លោក មហា​ធៀ ដែល​កំពុង​ដឹកនាំ​ម៉ាឡេស៊ី​ជា​លើក​ទី​ពីរ ក៏​និយាយ​ដល់​រឿង​តំណែង​នាយករដ្ឋមន្ត្រី​ផងដែរ​។ លោក ថា លោក​ជាម​នុស្ស​ចូលចិត្ត​នៅតែ​ឯង តែ​ការងារ​ធ្វើ​ឲ្យ​លោក​ត្រូវ​នៅ​ជាមួយ​ប្រជាជន ហើយ​ការងារ​ជា​នាយករដ្ឋមន្ត្រី​មិនមែនជា​រឿង​លោក​ចូលចិត្ត​ឡើយ តែ​ជា​រឿង​ចាំបាច់​ត្រូវធ្វើ​៕



Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
© រក្សាសិទ្ធិដោយ thmeythmey.com