អន្តរជាតិ
កូរ៉េខាងត្បូង ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោយ​រកឃើញ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
17, Sep 2019 , 10:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នៅ​ថ្ងៃ​អង្គារ​ទី​១៧ ខែកញ្ញា កូរ៉េខាងត្បូង កំពុងស្ថិត​ក្នុងស្ថានភាព​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ ដើម្បី​ទប់ស្កាត់​ការរីករាយ​ដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ អាជ្ញាធរ​កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​ដំបូង​របស់​ជំងឺ​នេះ​នៅ​តំបន់​ជិត​ទល់ដែន​ជាមួយ​កូរ៉េខាងជើង​។​



​ដើម្បី​ទប់ស្កាត់​ការ​ដាល់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រសួងកសិកម្ម​កូរ៉េខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹងថា សត្វ​ជ្រូក​ជាង​៤០០០​ក្បាល ត្រូវបាន​សម្លាប់​។ លោក Kim Hyeon-soo រដ្ឋមន្ត្រី​កសិកម្ម ចំណីអាហារ និង​កិច្ចការ​ជនបទ និយាយថា មន្ត្រី​ជំនាញ កំពុង​បញ្ចប់​ប្រតិបត្តិ​ការប្រមូល​ជ្រូក​ពី​កសិដ្ឋាន​ចំនួន​បី ដែល​នៅ​ជិត​ព្រំដែន​កូរ៉េខាងជើង ដែល​ក្នុងនេះ​ក៏មាន​កសិដ្ឋាន​ដែល​ឆ្លង​ជំងឺ​មុនគេ​នៅ​តំបន់ Paju ។

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៧ ខែកញ្ញា លោក Kim បញ្ជាក់ថា​៖ « យើង​នឹង​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​»​។ ការប្រកាស​ជំងឺ​នេះ ធ្វើ​បន្ទាប់​សត្វ​ជ្រូក​ចំនួន​៥​ក្បាល បាន​ងាប់​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​នៅ​កសិដ្ឋាន​មួយកន្លែង​។ កសិដ្ឋាន​ពីរ​ទៀត​ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ ស្ថិតនៅ​ចម្ងាយ​ប្រហែល​២០​គីឡូ​ម៉ែត​ពី កសិដ្ឋាន​ដែល​រកឃើញ​ជំងឺ​នេះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap រដ្ឋមន្ត្រី​កសិកម្ម​ដដែល​និយាយថា កូរ៉េខាងត្បូង​កំពុង​រៀបចំ​ធ្វើ​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការឆ្លង​នេះ​ផងដែរ​។ ឯ​ម្ចាស់​កសិដ្ឋាន​ដែល​រកឃើញ​ជ្រូក​ឈឺ​នេះ បាន​និយាយថា កសិដ្ឋាន​ខ្លួន មិនបាន​អោយ​ចំណី​ដែល​នៅសល់​អោយ​ជ្រូក​ទាំងនេះ​ទេ​។ កសិដ្ឋាន​នេះ​គ្មាន​បង្អួច និង​បានធ្វើ​របង​ខ្ពស់ៗ​ដើម្បី​ព្យាយាម​ទប់ស្កាត់​នឹង​ជំងឺ និង​ការពារ​ជ្រូក​ខ្លួន​ពី​ការប៉ះពាល់​ជាមួយ​ជ្រូកព្រៃ​ផងដែរ​។ ម្យ៉ាងទៀត​ម្ចាស់​កសិដ្ឋាន​នេះ​មិនដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ដទៃទៀត​ផង​។​

​នេះ​ជា​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដំបូង​នៅ​កូរ៉េខាងត្បូង បន្ទាប់ពី​រាលដាល​នៅ​កូរ៉េខាងជើង​កាលពី​ខែ​បួន​ខែ​មុន​នៅតាម​ព្រំដែន​ជាមួយ​ចិន​។ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ប៉ះពាល់​តែ​ទៅលើ​សត្វ​ជ្រូក​តែប៉ុណ្ណោះ វា​មិន​ប៉ះពាល់​ដល់​មនុស្ស​ទេ​។ មកទល់នឹង​ពេលនេះ​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​មិនទាន់​រកឃើញ​នៅឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com