ជាតិ
មេដឹកនាំ​កម្ពុជា ស្នើឱ្យ​មេដឹកនាំ​ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ពិចារណា​លើ​អត្ថប្រយោជន៍​នៃ​សោធ​និវត្ត​ពលករ​
17, Sep 2019 , 10:59 pm        
រូបភាព
នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ កញ្ញា ២០១៩
នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ កញ្ញា ២០១៩
​ភ្នំពេញ​៖ ពី​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់ ការងារ​លើក​ទី​៥ ក្នុង​ក្របខណ្ឌ​ក្រុម​ប្រទេស CLMTV ( កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​) សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​មេដឹកនាំ​ប្រទេស​ទាំងនោះ ពិចារណា​លើ​ការរៀបចំ​អត្ថប្រយោជន៍​នៃ​សោធ​និវត្ត​ពលករ​។​



​ថ្លែង​ចំពោះមុខ​មេដឹកនាំ​CLMTV សម្ដេច ហ៊ុន សែន បាន​លើក​ពី​បំណង​រៀបចំ​ផលប្រយោជន៍​សម្រាប់​ពល​ករ នៅពេលដែល​ពួកគេ​ចាស់​ទៅ ហើយ​ត្រូវ​ចូល​និវត្ត​។ ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ពន្យល់ថា ក្នុងករណី​មាន​ពលករ​ខ្មែរ​ម្នាក់ គាត់​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ រយៈពេល​១០​ឆ្នាំ ហើយ​គាត់​ត្រឡប់មក​ធ្វើការ​ងារ​នៅ​កម្ពុជា​វិញ​នោះ គឺ​ក្រុមហ៊ុន ឬ​សហគ្រាស ត្រូវ​គិត​ថ្ងៃ​ចូលធ្វើ​ការងារ​របស់គាត់​ចាប់ពី​១០​ឆ្នាំ​ឡើងទៅ (​រាប់​ចាប់ពី​ធ្វើការ​នៅ​ថៃ រយៈពេល​១០​ឆ្នាំ​) ពោលគឺ​រាប់​១០​ឆ្នាំ ១​ថ្ងៃ នៃ​ចាប់​ពីថ្ងៃ​ផ្ដើម​ការងារ​ថ្មី​នៅ​កម្ពុជា​ឡើយ​។




​ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ក្នុង​កិច្ចប្រជុំ​ក្រោម​ប្រធានបទ «​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅក្នុង​ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​» នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នេះ យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវ​គេ​(​ពលករ​) ធ្វើការ​នៅ​ថៃ​ប្រមាណ​១០​ឆ្នាំ អ៊ីចឹង​គេ​ត្រឡប់​ទៅធ្វើ​ការ​ក្នុងប្រទេស តាម​រោងចក្រ​តាម​ប្រទេស គឺ​មិន​គិតពី​១​ថ្ងៃ​ទេ គឺ​គិតពី​១០​ឆ្នាំ​ឡើងទៅ​។ ប៉ុន្តែ​ការផ្ទេរ​អត្ថប្រយោជន៍ ផ្ទេរ​ធនធាន​មក​ចិញ្ចឹម​នោះ វា​សុទ្ធតែជា​បញ្ហា​។ បើ​យើង​ធ្វើ​(​រៀបចំ​ការផ្ទេរ​) បែបនេះ​បាន ពាក្យ​ថា ជោគវាសនា​អាស៊ាន​រួមគ្នា​តែមួយ នឹង​ទទួលផល​ប្រយោជន៍​ដល់​ប្រជាជន​»​។​

​ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ស្នើឱ្យ​មេដឹកនាំ​ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ពិចារណា​លើ​ការរៀបចំ​អត្ថប្រយោជន៍​សោធ​និវត្ត​ដល់​ពលករ​នេះ មុននឹង​ដាក់​ស្នើ​ទៅ​អាស៊ាន​ពិនិត្យ​នឹង​សម្រេច​រួមគ្នា​។​«​បើ​យើង​មាន​ជំហរ​រួមគ្នា ក្នុង​ក្របខណ្ឌ​ប្រទេស​ទាំង​៥​នេះ យើង​អាច​យក​បញ្ហា​នេះ ទៅ​ជជែក​គ្នា​ទៀត​នៅ​អាស៊ាន ដើម្បី​បង្កើតឡើង​នៅ​ស្ថានភាព​តំណ ត​ភ្ជាប់​គ្នា ដែល​អាចធ្វើ​ការ​នៅ​ប្រទេសមួយ ប៉ុន្តែ​មក​ចូល​និវត្ត​នៅក្នុង​ប្រទេសមួយ ប៉ុន្តែ​ទទួលបាន​នូវ​ប្រាក់កម្រៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា កម្ពុជា​កំពុង​រៀបចំ​ឯកសារ​បែបបទ ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​ថៃ លើ​បញ្ហា​សោធ​និវត្ត​ពលករ​នេះហើយ​។​

​បើតាម​ប្រមុខ​រដ្ឋាភិបាល ការយកចិត្តទុកដាក់​ចល័តភាព​នៃ​រប​បស​ន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ ជា​រឿង​សំខាន់បំផុត​មួយ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស ឬ​ពលករ​បរទេស​នៅ​កម្ពុជា ទទួល​បានការ​គាំពារ និង​អត្ថប្រយោជន៍​ផ្សេងៗ​ពី​សង្គម​ដូចៗ​គ្នា​។​

​ការ​ចល័ត​ពលករ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​អះអាងថា មិនមែនជា​រឿង​ថ្មី​នោះឡើយ ពោលគឺ​មានការ​ពិភាក្សា​គ្នា​ជា​យូរណាស់​មកហើយ ជាពិសេស​ក្នុង​ក្របខណ្ឌ​អាស៊ាន នៅ Cebu និង ម៉ានីល ជាដើម​។ នៅ​តំបន់​អាស៊ាន ព្រុយ​ណេ សិង្ហ​បុរី និង​ម៉ាឡេស៊ី ជា​ប្រទេស​ដែល​ខ្វះ​កម្លាំង​ពលករ ហើយ​សម្តេច ហ៊ុន សែន បាន​កត់សម្គាល់ថា ក្នុង​ក្របខណ្ឌ​ប្រទេស CLMTV ( កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​) ថៃ​ជា​ប្រទេស​ដែល​ទទួល​ពលករ​ពី​កម្ពុជា​ច្រើនជាងគេ ប៉ុន្តែ​ថៃ​ក៏​បញ្ជូន​ពលករ​របស់ខ្លួន​ទៅ​ក្រៅប្រទេស​ផងដែរ​៕


Tag:
 ​ហ៊ុន សែន​
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com