ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
មិន តាំង​លីវ ជម្នះ​នឹង​បំណង​ម្តាយ​ឲ្យ​រៀន​«​ពេទ្យ​» មក​ចាប់យក​ជំនាញ​«​អគ្គិសនី​»
17, Sep 2019 , 6:05 pm        
រូបភាព
​ភ្នំពេញ​៖ «​ដោយសារ​ម្តាយ​ខ្ញុំ គាត់​ជា​ពេទ្យ អីចឹង​ពេលដែល​ចប់​ថ្នាក់​ទី​១២​ភ្លាម គាត់​ប្រាប់ថា​ឲ្យ​ខ្ញុំ​ទៅ​រៀន​ពេទ្យ ប៉ុន្តែ ខ្ញុំ​ប្រាប់​គាត់​វិញ​ថា ខ្ញុំ​ចង់​រៀន​វិស្វករ​។ ពេល​រៀន​ដល់​ឆ្នាំ​ទី​៣ ត្រូវ​ជ្រើសរើស​ជំនាញ​ជាក់លាក់ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ចាប់យក​ជំនាញ​អគ្គិសនី ហើយ​គាត់ (​ម្តាយ​) សួរ​ខ្ញុំ​វិញ​ថា ម្ដេចក៏​មិន​រៀន​គីមី​អាហារ ឬ​រៀន​ជំនាញ​ផ្សេង​»​។ នេះ​ជាស​ម្តី​របស់​និស្សិត​ស្រី មិន តាំង​លីវ បាន​ជម្នះ​នឹង​បំណង​របស់​ម្តាយ​ដែល​ចង់​ឲ្យ​ខ្លួន​រៀន​ពេទ្យ​។ បើទោះជា ម្តាយ​របស់ តាំង​លីវ មិន​ពេញ​ចិត្តនឹង​អ្វីដែល​កូនស្រី​របស់ខ្លួន​កំពុង​រៀន តែ​ក៏​មិនបាន​ចាប់បង្ខំ តាំង​លីវ ឲ្យ​រៀន​ជំនាញ​ពេទ្យ​តាម​បំណង​គ្រួសារ​នោះដែរ​។​


សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កញ្ញា មិន តាំង​លីវ និស្សិត​ផ្នែក​អគ្គិសនី និង​ស្វ័យប្រវត្តិកម្ម ដូចតទៅ​៖ 


និស្សិត​ស្រី មិន តាំង​លីវ ជំនាញ​អគ្គិសនី និង​ស្វ័យប្រវត្តិកម្ម ឆ្នាំ​ទី​៤ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​បញ្ចេញ​សមត្ថភាព​តាមរយៈ​ការបង្កើត​ស្នាដៃ​ជា​ក្រុម ក្នុង​ការធ្វើ Robot យកទៅ​ប្រកួត រហូត​បាន​ជាប់​លេខ​មួយ​ទូទាំងប្រទេស និង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​វៀតណាម​ទៀត​ដែរ​។ តាមរយៈ​ស្នាដៃ​ទាំងនេះ ផ្គួប​ផ្សំ​នឹង​ការស្រាវជ្រាវ​រៀនសូត្រ​បន្ថែម ជា​ហេតុផល​មួយចំនួន​ដែល តាំង​លីវ បានបង្ហាញ​ឲ្យ​ក្រុមគ្រួសារ​និង​អ្នក​នៅ​ជុំវិញខ្លួន បានឃើញ​ពី​ការខិតខំ​ប្រឹង​ធ្វើ​នូវ​អ្វីដែល តាំង​លីវ ស្រឡាញ់​ចូលចិត្ត​។​


 
​រយៈពេល​៤ ឆ្នាំ នៃ​ជំនាញ​អគ្គិសនី និង​ស្វ័យប្រវត្តិកម្ម ដែល​សិក្សា​អំពី​ការបញ្ជា​ស​សេរ​កូដ ធ្វើ​សៀគ្វី នេះ ត្រូវបាន​និស្សិត មិន តាំង​លីវ ឲ្យ​ដឹង​ទៀតថា ជំនាញ​អគ្គិសនី​នេះ មិនសូវ​ឃើញ​មាន​វត្តមាន​មនុស្ស​ស្រី​រៀន​ក៏ដោយ ប៉ុន្តែ គេ​ផ្តល់​អាទិភាព​ឲ្យ​មនុស្ស​ស្រី​ច្រើនជាង​។ «​នៅពេលដែល​ខ្ញុំ​ធ្វើការ (​ចុះ​កម្មសិក្សា​) គឺ​គេ​លើកទឹកចិត្ត​ដល់​មនុស្ស​ស្រី​ឲ្យ​ធ្វើការ​ងារ​នេះ​ច្រើន​»​។ នេះ​ជាការ​បញ្ជាក់​របស់​និស្សិត មិន តាំង​លីវ ដែល​ធ្លាប់បាន​ចុះ​កម្មសិក្សា​នៅក្នុង​ក្រុមហ៊ុន CESK Trading Co., Ltd រយៈពេល​ពី​រខែក​ន្លះ​។​


 
​ទោះបី​ជំនាញ​អគ្គិសនី​នេះ មាន​ផល​លំបាក​មួយចំនួន​ចំពោះ​មនុស្ស​ស្រី​ក៏ដោយ ប៉ុន្តែ និស្សិត​វ័យ​២២​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ រូបនេះ មិន​រួញរា​នឹង​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត​ស្រី ដែល​ចង់​ចាប់យក​ជំនាញ​វិជ្ជាជីវៈ​ទាំងឡាយ ដែល​ខ្លួន​ស្រលាញ់​ឡើយ​។ និស្សិត​ស្រី​ជំនាញ​អគ្គិ​សិ​នី ដែល​បាន​ជ​ម្នះ​នឹង​បំណង​ម្តាយ​ឲ្យ​ទៅ​រៀន​ពេទ្យ រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ទោះបី​គាត់​ជា​មនុស្ស​ស្រី​ក៏ដោយ មិនត្រូវ​គិតថា រៀន​ជំនាញ​ហ្នឹង​ពិបាក​, ជំនាញ​ហ្នឹង​សម្រាប់តែ​មនុស្ស​ប្រុស​, គេ​មើល​មក​មនុស្ស​ស្រី មិនអាច​រៀន​កើត​ក៏ដោយ ប៉ុន្តែ យើង​ត្រូវ​ដឹងថា អ្វីដែល​យើង​ស្រឡាញ់ យើង​ខំ​ធ្វើ យើង​ប្រាកដជា​អាចធ្វើ​បាន​»​។​


 
​នៅសល់តែ​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ តាំង​លីវ នឹងត្រូវ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​អគ្គិសនី និង​ស្វ័យប្រវត្តិកម្ម នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ដែល​មុខជំនាញ​នេះ​ត្រូវ​រៀន​រយៈពេល​៥​ឆ្នាំ​។ ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ កញ្ញា មិន តាំង​លីវ មានបំណង​ចង់​ធ្វើជា​វិស្វករ​នៃ​ជំនាញ​របស់ខ្លួន នៅក្នុង​ក្រុមហ៊ុន​មួយ ដើម្បី​ដកស្រង់​បទពិសោធ មុននឹង​ចាប់​ផ្តើមធ្វើ​ជំនួញ​លើ​មុខជំនាញ​របស់ខ្លួន នៅ​ថ្ងៃ​អនាគត​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com