សង្គមអន្តរជាតិ
អន្តរជាតិ
រុក្ខជាតិ «Venus Fly Trap» ស៊ីសត្វជាអាហារ
× រុក្ខជាតិជាសារពាង្គកាយមួយដែលរស់នៅដោយធ្វើរស្មីសំយោគ នៅពេលដែលមានវត្តមានពន្លឺដើម្បីផលិតអាហារសម្រាប់ការរស់រានមានជីវិត។ វាលូតលាស់យឺតៗចេញពីបរិស្ថានរបស់វា។ តែសម្រាប់ធម្មជាតិ រុក្ខជាតិខ្លះវិវត្តមកដោយមានលក្ខណៈពិសេសអ្វីមួយខុសពីរុក្ខជាតិដទៃ។ បើរុក្ខជាតិគ្មានមាត់ គ្មានប្រដាប់រំលាយអាហារទេ ហេតុអ្វីបានជារុក្ខជាតិដែលនឹងធ្វើការឡើងបន្តិចទៀតនេះ បែរជាទៅត្រូវការសារធាតុចិញ្ចឹមពីសត្វវិញ?
ដើមរុក្ខជាតិបៃតងតូចមួយនេះត្រូវបានគេឲ្យឈ្មោះថា«Venus Fly Trap»។ បើតាមការបកស្រាយរបស់គេហទំព័រ livescience.com រុក្ខជាតិនេះត្រូវបានជីវវិទូដ៏ល្បីល្បាញជនជាតិអង់គ្លេសម្នាក់ លោក Charles Darwin កត់ត្រាទុកក្នុងសៀវភៅបោះពុម្ភរបស់លោកតាំងពីឆ្នាំ១៨៧៥។ ភាគច្រើនវារស់នៅតាមតំបន់ក្នុងរដ្ឋ Carolina ខាងជើង និងខាងត្បូង នៃទឹកដីសហរដ្ឋអាមេរិក។
រុក្ខជាតិនេះមានកម្ពស់ប្រមាណជា១៣សង់ទីម៉ែត្រពីដី ហើយមានផ្នែកមួយដែលមានរាងដូចជាប្រអប់មាត់នៅខាងលើនៃដើម។ ប្រអប់មាត់នេះមានទំហំប្រហែលជា៣សង់ទីម៉ែត្រ និងមានបន្លាវែងៗស្រួលៗនៅសងខាង ដែលគេហៅថា«ធ្មេញ»។ វាចូលចិត្តរស់នៅកន្លែងក្តៅ ហើយមានសំណើមអាកាសខ្ពស់។ ប្រអប់មាត់នេះឯងដែលជាកន្លែងដែលធ្វើឲ្យមនុស្សទូទៅចាប់អារម្មណ៍។ នៅក្នុងមាត់របស់វា រុក្ខជាតិមួយនេះផលិតសារធាតុផ្អែម និងក្លិនពិសេសមួយ ដែលសត្វល្អិតតូចៗ ជាពិសេសសត្វរុយចូលចិត្ត។ នៅពេលដែលសត្វរុយហើរចូលទៅខាងក្នុង មាត់របស់វាមិនទាន់បិទភ្លាមនោះទេ។
រុក្ខជាតិនេះប្រើប្រាស់រោមតូចៗដើម្បីសង្កេតមើលចលនារបស់សត្វល្អិត។ បើសត្វល្អិតបង្កើតឲ្យមានចលនាពីរដង ក្នុងមាត់របស់វា ក្នុងរយៈពេល២០វិនាទី នោះមាត់របស់រុក្ខជាតិនេះនឹងបិទ
ភ្លាមៗយ៉ាងរហ័យតិចជាងមួយវិនាទី។ បន្លាធ្មេញស្រួចៗទាំងនោះហ៊ុមព័ទ្ធជិត ដូចជារបងមិនឲ្យសត្វល្អិតនោះហើរចេញទៅក្រៅ។
នៅពេលដែលវាចាប់សត្វល្អិតបានដោយជោគជ័យហើយ សារធាតុរំលាយអាហារនឹងបញ្ចេញមកក្នុងប្រអប់មាត់។ ជាទូទៅ មាត់របស់វានឹងបើកមកវិញនៅរយៈ១២ថ្ងៃក្រោយ។ សំបកខ្លួនប្រាណរបស់សត្វល្អិត ដែលមិនរលាយនឹងធ្លាក់ចេញមកក្រៅ។ មូលហេតុដែលវាត្រូវការសត្វល្អិត គឺដោយសារតែតម្រូវការសារធាតុចិញ្ចឹមបន្ថែម ដូចជាប្រូតេអ៊ីនជាដើម។ ក្រៅពីរុយ វាក៏ស៊ីសត្វពីងពាង ខ្យង់ និងកង្កែបតូចៗផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com