ជាតិ
ជំនន់​ទឹកទន្លេ​ចាប់ផ្តើម​ស្រក​ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​គំរាម​ខេត្ត​១១
18, Sep 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ លោក គន់​ គីម​ (កណ្តាល) ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជាអនុប្រធាន​ទី១​ គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទួលសុវត្ថិភាព​តាឃីន​ ស្ថិត​នៅក្នុង​ឃុំបុស្សលាវ​ ជាឃុំ​ដែល​ងាយរងគ្រោះ​ដោយទឹកជំនន់​នៅ​ស្រុកចិត្របូរី​
រូបឯកសារ៖ លោក គន់​ គីម​ (កណ្តាល) ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជាអនុប្រធាន​ទី១​ គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទួលសុវត្ថិភាព​តាឃីន​ ស្ថិត​នៅក្នុង​ឃុំបុស្សលាវ​ ជាឃុំ​ដែល​ងាយរងគ្រោះ​ដោយទឹកជំនន់​នៅ​ស្រុកចិត្របូរី​
ដោយ: VOA
​ភ្នំពេញ ៖ ទឹកជំនន់​តាម​បណ្តា​ខេត្ត​មួយចំនួន​ជាប់​នឹង​ដង​ទន្លេមេគង្គ​បានចាប់ផ្តើម​ស្រក​ជា​បណ្តើរៗ ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​ព្រមាន​ពី​ជំនន់​ទឹកភ្លៀង​ដែល​អាច​បន្ត​កើនឡើង​ក្នុង​ខេត្ត​ចំនួន​១១​។​

 
​លោក គន់ គីម ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា រហូតមកដល់​ពេលនេះ ទឹកជំនន់​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បាន​ស្រក​ទៅវិញ​ជា​បណ្តើរៗ​។ ហើយ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​តំបន់​សុវត្ថិភាព​ក៏​នឹង​ត្រៀម​ត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ពួកគេ​វិញ​ដែរ​។​
 
«​ឥឡូវនេះ​ទឹក​ទាំងបី​ទាំង​បួន​ខេត្ត​នេះ​បាន​ស្រក​ផុតពី​ប្រកាស​ប្រុងប្រយ័ត្ន តែ​ប្រជាជន​យើង​ក៏​មិនអាច​មានលទ្ធភាព​ទាន់​វិលត្រឡប់​ទៅវិញ​ដែរ​។ កន្លែង​ណា​ដែល​ទឹក​ស្រក​ខ្លាំង​មែនទែន គាត់​ក៏​សុំ​អនុញ្ញាត​ត្រឡប់​ទៅវិញ ហើយ​យើង​ក៏​ជួយ​ជ្រោមជ្រែង​ជួយ​ដឹកជញ្ជូន​ពួកគាត់​ត្រឡប់​ទៅវិញ​ដែរ​»​។​
 
​ទឹកជំនន់​ទន្លេមេគង្គ នៅក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តកំពង់ធំ បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន​១២​នាក់ និង​របួស​ចំនួន​២​នាក់​។ នេះ​បើ​ផ្អែក​តាម​តួលេខ​ចុងក្រោយ​របស់​ក្រុមមន្ត្រី​កម្ពុជា​។​
 
​លោក​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គន់ គីម បាន​ឲ្យ​ដឹង​បន្ថែមថា ប្រជាពលរដ្ឋ​ចំនួន​៨៧,៤៦៩​គ្រួសារ បាន​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់ ក្នុងនោះ​ពលរដ្ឋ​ចំនួន​ជាង​១០,០០០ គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​តំបន់​សុវត្ថិភាព​។ ផ្ទះ​ចំនួន​ជាង​៦៥,៦០០​ខ្នង សាលារៀន​ជាង​៣២០​ខ្នង មណ្ឌល​សុខភាព​ចំនួន​២៣​កន្លែង​រួមទាំង​វត្ត​អា​រ៉ា​ម​ចំនួន​១៥៣ បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​។ ដោយឡែក​ដំណាំ​ស្រូវ​ចំនួន​១,២៥០​ហិកតា​បាន​ខូចខាត​។​
 
​ជាមួយគ្នានេះ​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អះអាង​ដូចគ្នា​នឹង​លោក​គន់ គីម ដែរ​ថា​ជំនន់​ទន្លេមេគង្គ​ចាប់ផ្តើម​ស្រក​ចុះ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​លោក​ព្រមាន​ថា​ខេត្ត​នៅតាម​តំបន់​មាត់សមុទ្រ​កំពុង​ស្ថិតក្រោម​ការគំរាមកំហែង​ពី​ជំនន់​ទឹកភ្លៀង ស្រប​ពេលដែល​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​
 
«​ជំនន់​ទឹកភ្លៀង​យើង​ចាប់ផ្តើម​ប្រឈម​ជាថ្មី យោងទៅលើ​ស្ថានភាព​អាកាសធាតុ​ដែល​ក្រសួង​បាន​ជម្រាបជូន​នៅថ្ងៃនេះ​អីចឹង យើង​ឃើញ​មាន​បណ្តា​ខេត្ត​មួយចំនួន ជាពិសេស​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​»​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក ចេញ​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​ឲ្យ​ដឹងថា​ខេត្ត​មួយចំនួន អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ចាប់ពី​ថ្ងៃទី​១៨-២៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយសារតែ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កំពុង​ហូរ​កាត់​លើ​ប្រទេស​កម្ពុជា​។​
 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​បណ្តា​ខេត្ត​នានា ជាពិសេស​ខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ឲ្យ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ដែល​បង្កដោយ​ភ្លៀង​ច្រើន​លើសលុប​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com