អន្តរជាតិ
សកម្មជន​ហុងកុង ស្នើ​នៅមុខ​សមាជិកសភា​អាមេរិក​ឲ្យ​ដាក់​សម្ពាធ​លើ​ប៉េកាំង​
18, Sep 2019 , 11:59 am        
រូបភាព
សកម្មជនទាមទារប្រជាធិបតេយ្យ Joshua Wong ផ្តល់សក្ខីកម្មនៅមុខសមាជិកសភាអាមេរិក នៅ Capitol Hill ថ្ងៃ១៧ កញ្ញា ២០១៩ (AFP)
សកម្មជនទាមទារប្រជាធិបតេយ្យ Joshua Wong ផ្តល់សក្ខីកម្មនៅមុខសមាជិកសភាអាមេរិក នៅ Capitol Hill ថ្ងៃ១៧ កញ្ញា ២០១៩ (AFP)
ដោយ:
​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​នៃ​ទីក្រុង​ហុងកុង បានស្នើ​ដោយផ្ទាល់​នៅមុខ​សមាជិកសភា​អាមេរិក​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ទទូច​ឲ្យ​សភា​អាមេរិក អនុម័ត​ច្បាប់​ថ្មី​ដើម្បី​គាំទ្រ​ស្វ័យភាព​ក្រុង​ហុងកុង​។ បើ​ចូល​ជា​ធរមាន​មែន​នោះ ច្បាប់​នេះ​នឹង​តម្រូវ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន ដែល​ទទួលខុសត្រូវ​លើ​ការធ្វើ​ឲ្យ​បាត់បង់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ហុងកុង​។



​សកម្មជន​ទាមទារ​ប្រជា​ធិ​តេ​យ្យ រួមមាន យុវជន Joshua Wong និង​តារាចម្រៀង​ហុងកុង Denise Ho បានធ្វើ​ដំណើរការ​ទៅដល់​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ផ្តល់​សក្ខីកម្ម​ចំពោះមុខ​គណៈកម្មការ​ប្រតិបត្តិ​ទទួលបន្ទុក​លើ​ប្រទេស​ចិន​នៃ​សភា​អាមេរិក ខណៈ​ភាពវឹកវរ​ក្នុង​ក្រុង​ហុងកុង​ចូលដល់​ថ្ងៃទី​១០០​ហើយ​នោះ​។

​អ្នកប្រវត្តិសាស្ត្រ នឹង​ក្រឡេក​មក​មើល​ឆ្នាំ ២០១៩ ជា​ចំណុច​របត់​មួយ​។ សកម្មជន​ហុងកុង Wong និយាយ​បែបនេះ ដោយ​បង្ហាញ​ក្តី​ស​ង្ឈឹ​ម​ថា ពួកគេ​នឹង​សាទរ​សភា​អាមេរិក ដែល​ឈរ​នៅ​ខាង​ប្រជាជន​ហុងកុង លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ 

​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃទី​១៧ កញ្ញា នៅ​វិមាន Capitol អាមេរិក យុវជន​វ័យ ២២​ឆ្នាំ Joshua Wong ដែល​មេដឹកនាំ​ម្នាក់​នៃ​ចលនា​ឆ័​ត្រ​កាលពី​ឆ្នាំ​២០១៤ បញ្ជាក់ថា ក្រុង​ប៉េកាំង បានប្រែក្លាយ​យុវជន​មួយ​ជំនាន់​តែម្តង​ឲ្យ​ក្លាយជា​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ ទន្ទឹមនេះ Wong ក៏បាន​ព្រមាន​ទៀតថា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ប្រហែល​ចាត់វិធានការ​កាន់តែខ្លាំង​ឡើង នៅមុន​ខួប​ទី​៧០​ឆ្នាំ​នៃ​កំណើត​ប្រទេស​ចិន ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​១ ខែតុលា​ខាងមុខ​។

​ដាក់​ស្នើឡើង​ដោយ សមាជិក​ព្រឹទ្ធសភា Marco Rubio នៃ​រដ្ឋ Florida និង​តំណាងរាស្ត្រ Christopher Smith នៃ​រដ្ឋ New Jersey សេចក្តីព្រាងច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហុងកុង នឹង​តម្រូវ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​ចិន ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការបំផ្លាញ​សេរីភាព​មូលដ្ឋាន​ក្នុង​ក្រុង​ហុងកុង​។ ការគាំទ្រ​ក្នុង​សភា​ទាំងពីរ​របស់​អាមេរិក កំពុង​កើនឡើង​សម្រាប់​សេចក្តីព្រាងច្បាប់​មួយ​នេះ ដែល​បច្ចុប្បន្ន​ទទួលបាន​ការគាំទ្រ​ពី​អ្នកតាក់តែង​ច្បាប់​ចំនួន ៤៥ នាក់ ទាំង​ក្នុង​ព្រឹទ្ធសភា និង​សភាតំណាងរាស្ត្រ​។

​ទោះជា​បែបនេះ​ក្តី រដ្ឋាភិបាល​ក្រុង ប៉េកាំង បានចាត់ទុក​សំណើ​ច្បាប់​នេះ​ជា​ភស្តុតាង​នៃ​កិច្ចប្រឹងប្រែង​ពី​សំណាក់​កម្លាំង​បរទេស​ក្នុង​គោលដៅ​ជ្រៀត​ជ្រៀក​កិច្ចការ​របស់​ទីក្រុង​ហុងកុង ដែល​ខ្លួន​ចាត់ទុកជា បញ្ហា​ផ្ទៃក្នុង ។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP តារាចម្រៀង​ហុងកុង និង​ជា​សកម្មជន Denise Ho បាន​អំពាវនាវ​ឲ្យ​អ្នកតាក់តែង​ច្បាប់​អាមេរិក​អនុម័ត​សេចក្តីព្រាងច្បាប់ ហើយ​និង​បាន​និយាយថា​៖«​នេះ​មិនមែនជា​ការស្នើសុំ សម្រាប់​អ្វីដែល​ហៅថា ការជ្រៀតជ្រែក​ពី​បរទេស​ឡើយ ហើយក៏​ពុំមែន​សម្រាប់​ឯករាជ្យភាព​ហុងកុង​ផងដែរ​»​។ កញ្ញា Ho សង្កត់ធ្ងន់ថា វា​ជាការ​ស្នើសុំ​បន្ទាន់​មួយ​សម្រាប់​សិទ្ធិមនុស្ស​ជាស​កល សម្រាប់​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​ក្នុងការ​ជ្រើសរើស​។     ​

​ប្រសិនបើ​ទីក្រុង​ហុងកុង បាត់បង់​ស្វ័យភាព​មែន​នោះ រដ្ឋាភិបាល​ចិន នឹង​ប្រើ​ភាពជោគជ័យ​មួយ​នេះ​ជា​យាន​មួយ​សម្រាប់​ពង្រីក​ឥទ្ធិពល​នៃ​របប​ផ្តាច់​ការខ្លួន​នៅ​បរទេស ព្រមទាំង​ប្រើ​អំណាច​សេដ្ឋកិច្ច​ខ្លួន​ដើម្បី​លួងលោម​បណ្តា​ប្រទេស​ដទៃ​ឲ្យ​អនុលោម​តាម​គុណ​តម្លៃ​នៃ​លទ្ធិ​ក​ម្មុយ​នី​ស្ត​។ សកម្មជន Ho ព្រមាន​បន្ថែម​បែបនេះ​៕

Tag:
 សហរដ្ឋអាមេរិក​
  ហុងកុង​
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com