កីឡាជាតិ
ជាតិ
បឹងកេត​ប្រជែង​ជាមួយ​វិសាខា ដណ្តើម​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​សម្តេច ហ៊ុន សែន នៅ​ល្ងាច​នេះ​
18, Sep 2019 , 1:23 pm        
រូបភាព
លោក Tunji Ayoyinka Akeeb គ្រូបង្វឹកក្រុមវិសាខា(ឆ្វេងទី២)ចាប់ដៃជាមួយលោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត, រូបភាពពី CNCC
លោក Tunji Ayoyinka Akeeb គ្រូបង្វឹកក្រុមវិសាខា(ឆ្វេងទី២)ចាប់ដៃជាមួយលោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត, រូបភាពពី CNCC
ដោយ:
ភ្នំពេញ៖ ​បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​វិសាខា ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ នេះ​ជា​លើក​ទី​១ ដែល​ក្រុម​ទាំង​ពីរបាន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​ទាំង​ពីរបាន​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ក្នុងនោះ​វិសាខា​បាន​ទម្លាក់​គីរីវង់​សុខ​សែន​ជ័យ​ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៥-២ ខណៈ​បឹងកេត​ទម្លាក់​សូល​ទី​ឡូ​អង្គរ ២-១​។ បឹងកេត​ទំនងជា​អាចមាន​ការប្រឹងប្រែង​ខ្លាំង​នៅថ្ងៃនេះ ដ្បិត​ពួកគេ​ទើបតែ​របូត​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​។ 
 
​ជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៦​ល្ងាច​នេះ នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង​និង​មាន​ភាព​ទាក់ទាញ​ក្នុង​ក្រសែភ្នែក​ទស្សនិកជន ដ្បិត​វិសាខា ក៏បាន​អះអាង​ពី​ការត្រៀមខ្លួន​បានល្អ​សម្រាប់​ការ​ប្រជែង​ដណ្តើមពាន​នេះដែរ​។ 
 
​នេះ​ជា​លើក​ទី​៣​ហើយ សម្រាប់​បឹងកេត ដែល​បាន​បង្ហាញខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​ពួកគេ​បង្ហាញខ្លួន​ក្នុង​ពានរង្វាន់​នេះ​តាំងពី​ឆ្នាំ​២០១២​។ សម្រាប់​ការបង្ហាញ​ខ្លួន​ពីរលើក​កន្លងមក បឹងកេត​មិន​ធ្លាប់​ឈ្នះ​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះទេ​។ ពោលគឺ​នៅ​ឆ្នាំ​២០១៤ ពួកគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ណាហ្គា​វើ​ល ៣-០​។ នៅ​ឆ្នាំ​២០១៧ ពួកគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​អគ្គិសនី​កម្ពុជា​ដោយ​បាល់​កាត់សេចក្តី ៥-៤​។​
 
​សម្រាប់​វិសាខា​វិញ ក៏​ជាការ​បង្ហាញខ្លួន​លើក​ទី​១ នៃ​ការឡើង​មកកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ការ​ពានរង្វាន់​នេះ ។ នា​ការ​បង្ហាញខ្លួន​លើកដំបូង​នៅ​ឆ្នាំ​២០១៨ វិសាខា​បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រោម​ថ្វី​ជើងព្រះ​ខ័ន​រាជ​ស្វាយរៀង​ជាមួយ​លទ្ធផល ២-១​។  ពានរង្វាន់​សម្តេច ហ៊ុន សែន បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៧ ៕
 

Tag:
 Hun Sen Cup 2019
  វិសាខា​
  បឹងកេត​
© រក្សាសិទ្ធិដោយ thmeythmey.com