អន្តរជាតិ
អ្នកជំនាញសន្តិសុខ៖ ប្រព័ន្ធខែលមីស៊ីលអាមេរិកគ្មានសមត្ថភាពទប់ស្កាត់ដ្រូនតម្លៃថោក រូបភាព (Reuters)
× ការចំណាយរាប់ពាន់លានដុល្លារពីសំណាក់រដ្ឋាភិបាលអាប៊ីសាអូឌីត លើសព្វាវុធទំនើបរបស់ប្រទេសលោកខាងលិច ដែលរចនាឡើងដើម្បីតាមចាប់ការវាយប្រហាររយៈកម្ពស់ខ្ពស់ បានបង្ហាញថា វាគ្មានសមត្ថភាពទប់ស្កាត់ដ្រូនតម្លៃថោកឡើយ។ នេះជាការអះអាងរបស់អ្នកជំនាញសន្តិសុខ ក្រោយកើតហេតុការណ៍វាយប្រហារលើរោងចក្រចម្រាញ់ប្រេងនៅអារ៉ាប៊ីសាអូឌីត ដែលបណ្តាលឲ្យឧស្សាហកម្មប្រេងសកលរង្គោះរង្គើរជាខ្លាំង កាលពីចុងសប្តាហ៍មុន។
ការវាយប្រហារទៅលើរោងចក្រប្រេងរបស់ក្រុមហ៊ុន Saudi Aramco បានបង្ហាញពីការធ្វេសប្រហែសរបស់រដ្ឋាភិបាលក្រុងរីយ៉ាដ ក្នុងកិច្ចការពារទ្រព្យសម្បត្តិរបស់ខ្លួន ព្រោះវាមានការវាយប្រហារម្តងហើយម្តងទៀតពីក្រុមឧទ្ទាមហ៊ូធី ចាប់តាំងពីអារ៉ាប៊ីសាអូឌីតចូលប្រឡូកក្នុងសង្គ្រាមនៅយេម៉ែនមក។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកវិភាគសន្តិសុខអារ៉ាប៊ីសាអូឌីត ដោយបដិសេធមិនបញ្ចេញឈ្មោះ បានលើកឡើងថា៖«នៅឯណាប្រព័ន្ធខែលការពារមីស៊ីល និងអាវុធអាមេរិក ដែលយើងបានចំណាយលុយទិញរាប់ពាន់លានដុល្លារ ដើម្បីការពារប្រទេស និងរោងចក្រផលិតប្រេងរបស់យើង? ប្រសិនបើពួកគេធ្វើរឿងទាំងនេះកាន់តែច្បាស់ទៀត ពួកគេអាចនឹងវាយប្រហារលើរោងចក្រចម្រាញ់ទឹកស្អាត និងគោលដៅជាច្រើនទៀត»។ ក្នុងន័យនេះ លោកចង់ចំអកឲ្យប្រព័ន្ធខែលការពារមីស៊ីលអាមេរិក Patriot ដែលបានដំឡើងដើម្បីការពារតែមីស៊ីលក្នុងរយៈចម្ងាយខ្ពស់តែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងប្រព័ន្ធការពារនេះ មន្ត្រីជាន់ខ្ពស់នៃប្រទេសអារ៉ាប៊ីសាអូឌីត បានពន្យល់ថា ប្រសិនបើដ្រូន និងមីស៊ីលស្វ័យនាំផ្លូវ ហោះក្នុងល្បឿនយឺត និងរយៈកម្ពស់ទាបប្រព័ន្ធនោះ ខែលការពារមិនអាចចាប់សញ្ញាបានទេ ព្រោះវាហោះនៅក្រោមប្រព័ន្ធរ៉ាដា។
ជាការពិត ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក Patriot បានប្រើប្រឆាំងនឹងមីស៊ីលប៉ាលីស្ទិករយៈចម្ងាយខ្ពស់របស់ក្រុមឧទ្ទាមហ៊ូធី ជាច្រើនដងរួចមកហើយ។ វាបានការពារទីក្រុងជាច្រើន រួមបញ្ជូលទាំងក្រុងរីយ៉ាដផងដែរ ចាប់តាំងពីខ្លួនប្រឡូកក្នុងសង្គ្រាមនៅយេម៉ែនក្នុងឆ្នាំ២០១៥មក។
វាមានវិធីជាច្រើនក្នុងការការពារពីការឈ្លានពានរបស់យន្តហោះដ្រូន។ នាយកប្រតិបត្តិ និងអ្នកបង្កើតក្រុមហ៊ុនសន្តិសុខអាវកាសអាមេរិក Dedrone លោក Jorg Lamprecht បានលើកឡើងថា ការរួមបញ្ជូលនៃការចាប់សញ្ញារលកសំឡេង ប្រព័ន្ធរ៉ាដា និងប្រព័ន្ធចាប់រូបភាពកម្រិតខ្ពស់ ដោយបំពាក់ជាមួយក្បាលគ្រាប់ និងបច្ចេកវិទ្យា គឺអាចកម្ទេចវាបានហើយ។
សូមបញ្ជាក់ថា ការវាយប្រហារលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅថ្ងៃទី១៤ ខែកញ្ញា ត្រូវបានក្រុមឧទ្ទាមហ៊ូធី ដែលមានមូលដ្ឋាននៅយេម៉ែន បានប្រកាសថាជាស្នាដៃរបស់ខ្លួន ខណៈពេលអាមេរិកបានចោទថាវាជាទង្វើរបស់អ៊ីរ៉ង់។ ការចោទប្រកាន់នេះគឺរួមបញ្ជូលទាំងទីតាំង និងអាវុធ ដែលបានបាញ់ចេញពីអ៊ីរ៉ង់៕
Tag:
អារ៉ាប៊ីសាអូឌីត
ក្រុមឧទ្ទាមហ៊ូធី
© រក្សាសិទ្ធិដោយ thmeythmey.com