ជាតិ
ក្រសួងគ្រោងបញ្ចាំងភ្លើងនៅតាមប្រាសាទសម្រួលការទស្សនាភ្ញៀវទេសចរនាពេលរាត្រី
× សៀមរាប៖ ក្រសួងទេសចរណ៍ គ្រោងរៀបចំភ្លើងបំភ្លឺនៅតាមប្រាសាទ ពិសេសអង្គរវត្តដើម្បីសម្រួលការទស្សនា នាពេលរាត្រី។ គម្រោងបំភ្លឺភ្លើងនៅតាមប្រាសាទនេះ ធ្វើឡើងស្របពេលដែលចំនួនភ្ញៀវទេសចរណ៍នៅកម្ពុជា កំពុងធ្លាក់ចុះ។
យោងតាមការចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ដែលចេញផ្សាយនៅថ្ងៃទី១៦ កញ្ញា ត្រង់ចំណុចទី៤នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យទេសចរណ៍ដែលដាក់ចេញដោយគណៈកម្មការអន្ដរក្រសួង គឺចង់ឱ្យសិក្សា និងដាក់ឱ្យដំណើរការគម្រោងទស្សនាប្រាសាទអង្គរពេលរាត្រី ដើម្បីទាក់ទាញនិងសម្រួលការទស្សនានាពេលរាត្រី។ ត្រង់ចំណុចនេះ គណៈកម្មការ បានសរសេរយ៉ាងដូច្នេះថា៖« ការបញ្ចាំងភ្លើង និងការទស្សនាក្រៅប្រាសាទនាពេលរាត្រី តែត្រូវការពារសុវត្ថិភាពប្រាសាទ និងវត្ថុបុរាណ។ រៀបចំខ្សែទស្សនកិច្ចពិសេស Angkor Night សម្រាប់ទស្សនាប្រាសាទមួយចំនួននាពេលរាត្រី»។ បន្ថែមពីនោះ គណៈកម្មការនេះក៏បានជំរុញឱ្យមានការរៀបចំទេសចរជិះកង់ផងដែរ ដ្បិតថាទេសចរណ៍ប្រភេទនេះកំពុងពេញនិយម។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសណ្ឋាគារ សុខាល័យ ក្រោមប្រធានគណៈកម្មការ លោក ថោង ខុន និងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងសមាជិកជាច្រើនរូបទៀត អង្គប្រជុំបានប្រកាសដាក់ចេញគម្រោងផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងផែនការសកម្មភាពការងារអនុវត្តចំពោះមុខ រយៈពេលខ្លី សម្រាប់ឆ្នាំ២០១៩-២០២០ ក្រោមពាក្យស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស» ដែលបានកំណត់គោលដៅសំខាន់ៗក្នុងខេត្តសៀមរាបរួមមាន តំបន់បឹងទន្លេសាប ភ្នំគូលែន ទីក្រុងសៀមរាប និងតំបន់ជុំវិញ។
សម្រាប់តំបន់បឹងទន្លេសាប ត្រូវពន្យារការស្នាក់នៅរបស់ទេសចរ ដោយតម្រូវឱ្យមានការរៀបចំកញ្ចប់ទស្សនាបន្ថែមដូចជាការស្នាក់នៅជាមួយប្រជាជន គម្រោងរៀបចំភូមិទេសចរណ៍ធម្មជាតិ និងការពង្រឹងគុណភាពសេវាកម្ម។ល។ តំបន់ភ្នំគូលែន ត្រូវរៀបចំផែនការមេអភិវឌ្ឍន៍ បង្កើតមជ្ឈមណ្ឌលព័ត៌មានជីវចម្រុះ បង្កើតសួនទេសចរណ៍ ការចងក្រងជាសហគមន៍ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន។ល។ តំបន់ទីក្រុង រៀបចំបង្កើតវិថីម្ហូបអាហារ កែលម្អផ្លូវមាត់ស្ទឹងសៀមរាបពីព្រះរាជដំណាក់ដល់បឹងទន្លេសាបឱ្យក្លាយជាស្ទឹងទេសចរណ៍ប្រណីត ពង្រឹកផ្លូវថ្មើរជើងពិសេសផ្លូវថ្មើរជើងពេលរាត្រី និងពង្រឹងបញ្ហាអនាម័យ បរិស្ថាន។ល។ និងតំបន់ប្រាសាទអង្គរ សិក្សាពីគម្រោងទស្សនាប្រាសាទពេលរាត្រី។ល។
បន្ថែមពីនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងពីការត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលអនាគត គណៈកម្មការអន្ដរក្រសួង ក៏កំពុងសិក្សាគម្រោងបង្កើតទីក្រុងសៀមរាបថ្មី ដែលនឹងអនុញ្ញាតឱ្យមានការសង់អាគារទំនើបៗ និងការបង្កើតអាកាសយានដ្ឋានអន្ដរជាតិធំថ្មី។ តំបន់នោះត្រូវគេដឹងថា នៅស្រុកសូទ្រនិគម ចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
ជារឿងមួយដែលមិនអាចប្រកែកបាន គឺចំនួនទេសចរនៅខេត្តសៀមរាបបន្ដធ្លាក់ជាបន្តបន្ទាប់។ នារយៈពេល៨ខែដើមឆ្នាំនេះ ទេសចរមកកម្សាន្តខេត្តសៀមរាបបានធ្លាក់ចុះជាង៩ភាគរយ ដែលបញ្ហានេះធ្វើឱ្យប្រតិបត្តិករទេសចរណ៍ជាច្រើនរងការខាតបង់ផ្នែកអាជីវកម្ម។ យ៉ាងណាក៏ដោយ គណៈកម្មការអន្ដរក្រសួងដែលមានក្រសួងទេសចរណ៍ជាប្រធាន បានខិតខំប្រឹងប្រែងរកដំណោះស្រាយលើបញ្ហានេះ និងបានលើកយកផែនការអភិវដ្ឍន៍ជាច្រើនសម្រាប់ស្ដារស្ថានការណ៍ដ៏ពិបាកនេះ៕
Tag:
ទេសចរណ៍
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍សៀមរាប
ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com