ពលរដ្ឋ​៤០០​គ្រួសារ ខ្វះ​ស្បៀង និង​៥​គ្រួសារ​មាន​ជំងឺ ដោយសារ​ទឹកជំនន់​នៅ​ខេត្តព្រៃវែង​
ជាតិ
ពលរដ្ឋ​៤០០​គ្រួសារ ខ្វះ​ស្បៀង និង​៥​គ្រួសារ​មាន​ជំងឺ ដោយសារ​ទឹកជំនន់​នៅ​ខេត្តព្រៃវែង​
18, Sep 2019 , 9:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រៃវែង ស្ថានភាពទឹកជំនន់
រូបភាពពីរដ្ឋបាលខេត្តព្រៃវែង ស្ថានភាពទឹកជំនន់
​ភ្នំពេញ​៖ គិត​មកដល់ពេលនេះ មាន​ពលរដ្ឋ​ជាង​៥៦០០​គ្រួសារ និង​ស្រូវវស្សា​ជាង​១​ម៉ឺន​ហិកតា រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ខណៈ​ដែលមាន​ពលរដ្ឋ​ជាង​១៦០​គ្រួ​សារបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ទឹកជំនន់​បាន​ជន់​លិច​នៅ​ក្រុង​ស្រុក​ចំនួន​១០ ក្នុងចំណោម​ក្រុង​ស្រុក​ទាំង​១៣​នៅ​ខេត្តព្រៃវែង​។



​តាម​របាយការណ៍​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​លោក អ៊ុយ សា​គុណ នាយក​រដ្ឋបាល​ខេត្តព្រៃវែង​តាម Telegram បាន​បញ្ជាក់ថា ក្នុងចំណោម​គ្រួសារ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ មាន​ពលរដ្ឋ​ជាង​៤០០​គ្រួសារ ដែល​ខ្វះខាត​ស្បៀងអាហារ និង​៥​គ្រួសារ​កំពុង​ជួប​បញ្ហា​ជំងឺ​។ «​ស្ថានភាព​ទឹក​ខេត្តព្រៃវែង​មិនទាន់​ស្រក​ទេ ដោយ​កម្ពស់​ទឹកទន្លេ​ង​មេគង្គ​និង​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ ហើយ​អាច​នឹង​កើនឡើង​បន្តទៀត​»​។ នេះ​បើតាម​លោក អ៊ុយ សា​គុណ​។​



​ក្រុង និង​ស្រុក​ទាំង​១០ ដែល​រង​ការ​ជន់​លិច​ដោយ​ទឹកជំនន់​មាន ស្រុក​កំពង់ត្របែក ស៊ីធរ​កណ្ដាល ពារាំង ពោធិ៍រៀង ពាម​រក៍ ពាម​ជរ ព្រះស្ដេច បាភ្នំ ស្រុក​កំពង់ត្របែក និង​ក្រុង​ព្រៃវែង​។ ដោយឡែក​សាលារៀន  និង​មន្ទីរពេទ្យ​៤២​កន្លែង រួមទាំង​ផ្លូវលំ​ប្រមាណ​២,៦​ម៉ឺន​ម៉ែត្រ ក៏​រង​ផលប៉ះពាល់​ផងដែរ​។ ចំណែក​ផ្លូវ​ខេត្តព្រៃវែង នៅ​ចំណុច​បឹង​ស្នេហ៍ អាជ្ញាធរ​ផ្អាក​ចរាចរណ៍​បណ្ដោះអាស្ន​ន ដោយសារ​ទឹក​បឹង​កើនឡើង ។ នេះ​បើតាម​លោក សា​គុណ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ការផ្អាក​នេះ គឺ​ចំពោះតែ​យានយន្ត​ដឹកទំនិញ​ធំៗ​ប៉ុណ្ណោះ​។ ចំណែក​រថយន្ត​តូចៗ​អាច​ឆ្លងកាត់​បាន​»៕

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com