ជាតិ
ពលរដ្ឋ៤០០គ្រួសារ ខ្វះស្បៀង និង៥គ្រួសារមានជំងឺ ដោយសារទឹកជំនន់នៅខេត្តព្រៃវែង រូបភាពពីរដ្ឋបាលខេត្តព្រៃវែង ស្ថានភាពទឹកជំនន់
× ភ្នំពេញ៖ គិតមកដល់ពេលនេះ មានពលរដ្ឋជាង៥៦០០គ្រួសារ និងស្រូវវស្សាជាង១ម៉ឺនហិកតា រងផលប៉ះពាល់ដោយទឹកជំនន់ ខណៈដែលមានពលរដ្ឋជាង១៦០គ្រួសារបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ទឹកជំនន់បានជន់លិចនៅក្រុងស្រុកចំនួន១០ ក្នុងចំណោមក្រុងស្រុកទាំង១៣នៅខេត្តព្រៃវែង។
តាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗទទួលបានលោក អ៊ុយ សាគុណ នាយករដ្ឋបាលខេត្តព្រៃវែងតាម Telegram បានបញ្ជាក់ថា ក្នុងចំណោមគ្រួសារដែលកំពុងរងគ្រោះដោយសារទឹកជំនន់នេះ មានពលរដ្ឋជាង៤០០គ្រួសារ ដែលខ្វះខាតស្បៀងអាហារ និង៥គ្រួសារកំពុងជួបបញ្ហាជំងឺ។ «ស្ថានភាពទឹកខេត្តព្រៃវែងមិនទាន់ស្រកទេ ដោយកម្ពស់ទឹកទន្លេងមេគង្គនិងភ្លៀងនៅតែបន្តធ្លាក់ ហើយអាចនឹងកើនឡើងបន្តទៀត»។ នេះបើតាមលោក អ៊ុយ សាគុណ។
ក្រុង និងស្រុកទាំង១០ ដែលរងការជន់លិចដោយទឹកជំនន់មាន ស្រុកកំពង់ត្របែក ស៊ីធរកណ្ដាល ពារាំង ពោធិ៍រៀង ពាមរក៍ ពាមជរ ព្រះស្ដេច បាភ្នំ ស្រុកកំពង់ត្របែក និងក្រុងព្រៃវែង។ ដោយឡែកសាលារៀន និងមន្ទីរពេទ្យ៤២កន្លែង រួមទាំងផ្លូវលំប្រមាណ២,៦ម៉ឺនម៉ែត្រ ក៏រងផលប៉ះពាល់ផងដែរ។ ចំណែកផ្លូវខេត្តព្រៃវែង នៅចំណុចបឹងស្នេហ៍ អាជ្ញាធរផ្អាកចរាចរណ៍បណ្ដោះអាស្នន ដោយសារទឹកបឹងកើនឡើង ។ នេះបើតាមលោក សាគុណ ដែលប្រាប់សារព័ត៌មានថ្មីៗថា៖ «ការផ្អាកនេះ គឺចំពោះតែយានយន្តដឹកទំនិញធំៗប៉ុណ្ណោះ។ ចំណែករថយន្តតូចៗអាចឆ្លងកាត់បាន»៕
© រក្សាសិទ្ធិដោយ thmeythmey.com