អន្តរជាតិ
លោក ប្រា​យុទ្ធ មិន​សប្បាយចិត្ត ព្រោះ​ប្រជាជន​ថៃ​តែង​សុំ​លុយ​ពេល​លោក​ចុះ​ខេត្ត​ម្ដងៗ
18, Sep 2019 , 4:46 pm        
រូបភាព
រូបភាព China Daily
រូបភាព China Daily
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៥ ខែកញ្ញា បានបង្ហាញ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​ជុំវិញ​ការស្នើសុំ​លុយ​របស់​ប្រជាជន​ឥតឈប់ឈរ​។ លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជួយ​ពន្យល់​ប្រជាពលរដ្ឋ​ពី​របៀប​ដែល​រដ្ឋាភិបាល​បម្រើការ​ងារ និង​ដែន​កំណត់​របស់ខ្លួន​។ 



​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​បានរៀបចំ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ និយាយ​ត្រង់ៗ​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស​ទៅកាន់​ខេត្ត​នានា ប្រជាពលរដ្ឋ​តែងតែ​ស្រែក​សុំ​ប្រាក់​ពី​រូ​លោក និង​សួរថា ហេតុអ្វី​រាជរដ្ឋាភិបាល​របស់លោក​មិនបាន​ផ្តល់ប្រាក់​ឲ្យ​ទៅ​តំបន់​ពួកគេ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។

​លោក ប្រា​យុទ្ធ បាន​បន្ថែមទៀតថា ប្រជាជនមាន​ទម្លាប់​ឡើង​ស៊ាំ​ទៅហើយ​ជាមួយ​អ្វីដែល​ពួកគេ​ធ្លាប់​ទទួលបាន ដោយ​មិនបាន​ពិចារណា​ថា​វា​ត្រូវ​ឬ​ខុស ហើយ​ចេះតែ​ស្នើសុំ​មិនចេះចប់​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​មិនអាច​បំពេញតម្រូវការ​នៃ​ការស្នើសុំ ហើយ​ថែមទាំង​ត្រូវអនុវត្ត​នីតិវិធី​ប្រកបដោយ​តម្លាភាព​ដើម្បី​ស្វែងរក​ជំនួយ​ជូន​ប្រជាជន​ទៀតផង​។​

​លោក ប្រា​យុទ្ធ បានស្នើ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​អង្គសិក្ខាសាលា​ឲ្យ​បង្កើត​ការយល់ដឹង​ក្នុងចំណោម​ពលរដ្ឋ និង​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​រៀន​ពី​របៀប​ជួយ​ខ្លួនឯង​។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី បើ​ប្រជាជន​មិន​ជួយ​ខ្លួនឯង​ទេ ដំណោះស្រាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​នឹងត្រូវ​បរាជ័យ ទោះជា​រដ្ឋាភិបាល​មាន​ប្រាក់​គ្រប់គ្រាន់​ក៏ដោយ​។​

​បើ​តា​ប្រភពព័ត៌មាន​ដដែល លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​រិះគន់​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ផងដែរ ដែល​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​រប​ស់លោក​អំពី​បញ្ហា​គ្រោះទឹកជំនន់ ដែល​ការពិត​គឺ​មកពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​៕


© រក្សាសិទ្ធិដោយ thmeythmey.com