ជាតិ
ពីនេះ ពីនោះ
«​អក្សរ​,​ពាក្យ​,​ឃ្លា​,​ប្រយោគ​,​ល្បះ​,​កថាខណ្ឌ​,​តែងសេចក្តី ឬ​អត្ថបទ និង​សៀវភៅ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
17, Aug 2023 , 7:29 am        
រូបភាព
​រវាង​ពាក្យ​«​អក្សរ​,​ពាក្យ​,​ឃ្លា​,​ប្រយោគ​,​ល្បះ​,​កថាខណ្ឌ​,​តែងសេចក្តី ឬ​អត្ថបទ និង​សៀវភៅ​»​គឺ​មានន័យ​ដាច់ដោយឡែក​ពីគ្នា​។ នេះ​បើតាម​វេយ្យាករណ៍​ខ្មែរ ពាក្យ​ទាំងនេះ​មានន័យ​ខុសគ្នា​ដូចខាងក្រោម​។​



​ទី​១. «​អក្សរ​»(Alphabet) មានន័យថា ជា​ស្នាមគំនូស មាន​ទ្រង់ទ្រាយ​ផ្សេងៗ​គ្នា អាស្រ័យ​លើ​ជាតិ​សាសន៍​នីមួយៗ ដែល​គេ​បាន​បង្កើតឡើង​។ គេ​បង្កើត​វា​ឡើង​ដើម្បី​កត់ត្រា​ពាក្យសំដី ចងក្រង​ក្បួនច្បាប់​ហោរាសាស្ត្រ ផ្តល់ព័ត៌មាន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត កត់ត្រា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ចងក្រង​ក្បួនច្បាប់​សាសនា កត់ត្រា​រូបមន្ត​វិទ្យាសាស្ត្រ​។ «​អក្សរ​» រួមមាន​ជា ព្យញ្ជនៈ ស្រៈ លេខ និង​វណ្ណយុត្តិ​។

​ចំពោះ​អក្សរ​ខ្មែរ​យើង​មាន​រូបរាង​ពិសេស​ប្លែក ពី​អក្សរ​ជាតិ​សាសន៍​ដទៃ​ត្រង់​ថា ព្យញ្ជនៈ​មាន តួខ្លួន សក់ និង​ជើង​។ ចំពោះ​ស្រៈមាន ការដាក់​ពីមុខ​ព្យញ្ជនៈ​ផង និង​ពីក្រោយ​ព្យញ្ជនៈ​ផង ហើយ​នៅលើ​ព្យញ្ជនៈ​ផង និង​ក្រោម​ព្យញ្ជនៈ​ផង​។ ចំពោះ​លេខវិញ មាន​លក្ខណៈ​ស្រដៀង​នឹង​ព្យញ្ជនៈ​ដែរ តែ​គ្មាន​ជើងទេ​។ ចំណែក​វណ្ណយុត្តិ​វិញ មាន​ដាក់​នៅ​ពីមុខ ពីក្រោយ និង​ពីលើ​ពាក្យ ប៉ុន្តែ​ពុំមាន​ដាក់​នៅ​ពីក្រោម​ទេ​។

​ទី​២. «​ពាក្យ​» (Word) គឺ​កើតឡើង​ពី​ការនិយាយស្តី​។ ពាក្យ​ដែលមាន​ពីរ​ម៉ា​ត់ទៅ​ច្រើន​ម៉ាត់​(​មួយ​ព្យាង្គ ដល់​ច្រើន​ព្យាង្គ​)​។ ពាក្យ ជា​ភាសា សម្តី និង​ប្រយោគ​សម្តី​។ ពាក្យចំ ឬ​ពាក្យ​ដែលមាន​សេចក្តី​ត្រង់ៗ​មិន​ប្រៀបធៀប​។

​ទី​៣.«​ឃ្លា​» (Phrase) ជា​ល្បះ​សេចក្តី ដែល​ត្រូវ​ដក​ឲ្យ​ដាច់​ឃ្លាត ជា​ខ្ទង់ៗ​ក្នុងការ​និយាយ ឬ​ការសរសេរ​។ «​ឃ្លា​» ជួនកាល​ជា​កំរង​ពាក្យ​មួយក្រុម ជួន​ជា​ល្បះ​មួយ ឬ​អាចជា​ល្បះ​លើសពី​មួយ​ថែមទៀត​។​

​ទី​៤. «​ល្បះ​» (Sentence) គឺ​កើតចេញពី​ប្រធាន កិរិយា និង​កម្មបទ​។
​ទី​៥. «​កថាខណ្ឌ​» (Paragraph) គឺ​កើតឡើង​ពី​ការរួម​ផ្សំ​រវាង​ល្បះ​ច្រើន​បញ្ចូល​គ្នា ដើម្បី​បង្ហាញ​គំនិត​សំខាន់​អ្វីមួយ​។
​ទី​៦.«​តែងសេចក្តី​» ឬ​«​អត្ថបទ​» (​គឺ​កើតចេញពី​ការរួម​ផ្សំ​រវាង កថាខណ្ឌ​ច្រើន បញ្ចូល​គ្នា​។ តែងសេចក្តី​រួមមាន សេចក្តី​ផ្តើម តួ​សេចក្តី និង​សេចក្តី​បញ្ចប់​។
​ទី​៧. «​សៀវភៅ​» (Book)​កើតចេញពី​ការ​តែងសេចក្តី អត្ថបទ​ច្រើន​រួមបញ្ចូល​គ្នា​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com