កីឡាអន្តរជាតិ
អន្តរជាតិ
Ancelotti៖ Liverpool ចាញ់ Napoli តែ​ពួកគេ​នឹង​លើក​ពាន UCL ទៀត​
18, Sep 2019 , 5:33 pm        
រូបភាព
​លោក Carlo Ancelotti និយាយ​បែប​លេងសើច​បន្ទាប់ពី Napoli យកឈ្នះ Liverpool ដោយ​ធានាថា​លោក Jurgen Klopp នឹង​នាំ​ហង្ស​ក្រហម​លើក​ពាន Champions League បន្តទៀត ក្រោយ​ក្រុម​អង់គ្លេស​មួយ​នេះ​ចាញ់​ក្រុម​ពី​លី​គ​កំពូល​អ៊ីតាលី Serie A​។​



Napoli បានទទួល​ជ័យជម្នះ​លើ​ម្ចាស់​ការពារ​ជើងឯក​ចាស់​ដោយ​លទ្ធផល ២-០ ក្នុងការ​ប្រកួត​បើកឆាក​ពូ​ល E នៃ​ក្របខណ្ឌ Champions League នៅ​រាត្រី​ថ្ងៃទី​១៧ ខែកញ្ញា​។ ទាំងពីរ​គ្រាប់​របស់ Napoli សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Dries Mertens ដោយ​បាល​ពិន័យ​ប៉េ​ណា​ល់​ទី​នៅ​នាទី​៨២  និង Fernando Llorente ធ្វើបាន​នៅ​ចុង​ម៉ោង​។​



​នេះ​ជា​រដូវ​កាល​ទី​២​ហើយ​ដែល​ក្រុម Liverpool ចាញ់​ក្រុម Napoli ក្នុង​វគ្គ​ចែក​ពូ​ល ពោលគឺ​ចាញ់ ១-០ ក្នុង​ដី​ដូចគ្នានេះ​កាលពី​ប្រកួត​ចុងក្រោយ​រដូវ​កាល​មុន ២០១៨-១៩​។ យ៉ាងណាក៏ដោយ​ហង្ស​ក្រហម​បាន​ក្លាយជា​ម្ចាស់​ពាន​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ ហើយ​លោក Ancelotti បាន​រម្លឹក​ដល់​លោក Klopp អំពី​ហេតុការណ៍​នោះ​បន្ទាប់ពី​ការប្រកួត​។​

«​ខ្ញុំ​បាន​ប្រាប់​គាត់​កុំ​បារម្ភ​ព្រោះ​ប្រសិនបើ​គាត់​ចាញ់​នៅទីនេះ​គាត់​នឹង​បន្ត​ឈ្នះ​ជើងឯក Champions League​។ ខ្ញុំ​បាន​ធានា​គាត់​បែបនេះ​»​។ Ancelotti បាន​ប្រាប់​ទូរទស្សន៍ Sky Sport Italia ដូច្នេះ​។

​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី វ័យ​៦០​ឆ្នាំ​បន្ថែមថា ជំនួប​ទល់នឹង Liverpool គឺ​តឹងតែង​តាំងពី​នាទី​ដំបូង​រហូតដល់​នាទីចុងក្រោយ​តែម្តង​សម្រាប់​ការ​ប៉ះគ្នា​ពីរ​រដូវ​កាល​ចុង​ក្រោយនេះ​។ ប៉ុន្តែ​យ៉ាងណា​លោក Ancelotti ពិតជា​កោតសរសើរ​កូនក្រុម​ខ្លួន​ចំពោះ​ការខិតខំ​ប្រឹងប្រែង ជាពិសេស​តំបន់​ការពារ និង​ចង់​ឲ្យ​ក្រុម​រក្សា​ទម្រង់​លេង​បែបនេះ​៕

Tag:
 Carlo Ancelotti
  UEFA Champions League
  Napoli
© រក្សាសិទ្ធិដោយ thmeythmey.com