ជាតិ
សង្គមជាតិ
ក្រសួងប្រាប់ឲ្យពលរដ្ឋឈប់ផឹកស្រា ដែលគ្មានប្រភព និងការត្រួតពិនិត្យច្បាស់លាស់
× ក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នលើការពិសាស្រាស និងស្រាថ្នាំ ក្រោយរកឃើញថា ស្រាទាំងនោះ មានជាតិមេតាណុលកម្រិតខ្ពស់ ដែលនាំឲ្យប៉ះពាល់ដល់ជីវិត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៦កញ្ញា ឆ្នាំ២០១៩។
ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ និងការពិសាស្រា នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។ ពាក់ព័ន្ធនឹងការពុលស្រា ក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្រាសឬស្រាថ្នាំ ដែលពលរដ្ឋពិសាក្នុងតំបន់ដែលកើតហេតុកន្លងមក មានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឲ្យពុល។ ដូច្នេះប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ដែលទិញពីប្រភពមិនច្បាស់លាស់ និងផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។
សេចក្ដីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា៖ «ការពុលចំណីអាហារ មានរោគសញ្ញា ឈឺក្បាល ក្អួត ចង្អោរ រាក រាកមួល ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។ ចំណែកការពុលស្រាមានរោគសញ្ញា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ និងអាចវិវត្តទៅស្លាប់បាន»។
ដើម្បីចៀសផុតពីការពុលចំណីអាហារនិងស្រានេះ ពលរដ្ឋត្រូវអនុវត្តវិធានការបង្ការមួយចំនួន រួមមាន៖ ត្រូវប្រើប្រាស់ទឹកស្អាត ម្ហូបអាហារស្អាត លាងដៃនឹងសាប៊ូមុនពេលបរិភោគនិងក្រោយបន្ទោរបង់, ចម្អិនអាហារឲ្យបានឆ្អិនល្អជាពិសេសសាច់ ,រក្សាទុកម្ហូបអាហារឆៅនិងឆ្អិនដាច់ដោយឡែកពីគ្នា, កុំរក្សាទុកអាហារលើសពី២ម៉ោងក្នុងកំដៅធម្មតា និងកុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រាស់។ ដោយឡែកមនុស្សពេញវ័យទាំងអស់ពិសាគ្រឿងស្រវឹងក្នុងកម្រិតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរឬបញ្ជាគ្រឿងម៉ាស៊ីន។ ប្រសិនមានរោគសញ្ញាពុលស្រា ពលរដ្ឋត្រូវស្វែងរកដំបូន្មាននៅមណ្ឌលសសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ។ នេះជាការណែនាំរបស់ក្រសួងសុខាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com