Atletico Madrid នឹងបើកទ្វារកីឡដ្ឋាន Estadio Wanda Metropolitano ដើម្បីទទួលភ្ញៀវ Juventus ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុពូល D នៃការប្រកួតពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ជំនួបនេះ ក៏មានការប៉ះគ្នារវាងតារាឆ្នើមរបស់ព័រទុយហ្គាល់ពីររូបគឺ Cristiano Ronaldo និងកីឡាករវ័យក្មេង Joao Felix ផងដែរ។
AT-Madrid បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកមិនធ្លាប់មានដើម្បីនាំយកខ្សែបម្រើ Joao Felix ពី Benfica នៅរដូវកាលនេះក្នុងតម្លៃកំណត់ត្រាក្លិប ១៤០លានដុល្លារអាមេរិក។ ការបង្ហាញខ្លួនក្នុងក្របខណ្ឌអឺរ៉ុបលើកដំបូងសម្រាប់ក្រុម Felix ត្រូវប្រឈមមុខនឹងសិស្សច្បង Ronaldo ដែលសមាជិកក្រុម Juventus នៅយប់នេះ។
ការប៉ះគ្នារវាង AT-Madrid និង Juventus អាចជាការតទល់គ្នាដ៏គួរឲ្យចាប់អារម្មណ៍ផងដែរក្នុងក្របខណ្ឌ Champions League រដូវកាលនេះ។ Felix វ័យ១៩ឆ្នាំ ត្រូវបានគេចាត់ទុកថាជាអ្នកស្នងតំណែងនៃភាពល្បីល្បាញរបស់ Ronaldo ដែលមានវ័យ៣៤ឆ្នាំទៅហើយ ដ្បិតការបង្ហាញខ្លួនរបស់ខ្សែបម្រើវ័យក្មេងរូបនេះកន្លងមកពិតជាអស្ចារ្យ។
ការជួបគ្នារបស់ Super Star ទាំងពីរ ក៏ជាការទន្ទឹងរង់ចាំរបស់អ្នកតាមដានវិស័យកីឡាបាល់ទាត់នៅជុំវិញពិភពលោកផងដែរ។ ក្រុមអ្នកគាំទ្រពិតជាចង់ដឹងពីកម្រិតលេងរបស់ពួកគេ ហើយក៏ចង់ដឹងថា AT-Madrid ឬ Juventus ដែលអាចទទួលបាន៣ពិន្ទុពីការប្រកួតដំបូងនេះ៕