អន្តរជាតិ
​អង់គ្លេស​មិនទាន់​រកឃើញ «​បង្គន់​មាស​» តម្លៃ​ជាង​៥​លាន​ដុល្លារ ដែល​ចោរលួច​ពី​កន្លែង​តាំង​ពិ​ព័រ​ណ៌​ឡើយ​
18, Sep 2019 , 5:54 pm        
រូបភាព
«​បង្គន់​មាស​» តម្លៃ​ជាង​៥​លាន​ដុល្លារ ដែល​ចោរលួច​ពី​កន្លែង​តាំង​ពិ​ព័រ​ណ៌​នៅវិមាន Blenheim។ រូបថត AFP
«​បង្គន់​មាស​» តម្លៃ​ជាង​៥​លាន​ដុល្លារ ដែល​ចោរលួច​ពី​កន្លែង​តាំង​ពិ​ព័រ​ណ៌​នៅវិមាន Blenheim។ រូបថត AFP
ដោយ: ធីតា
​បង្គន់​ដែល​ផលិត​ចេញពី​មាស​ទម្ងន់​១៨​កា​រ៉ាត់​ដែលមាន​ចាន​បង្គន់ ប្រដាប់​កាច់​ទឹក និង​បំពង់​បង្ហូរ ត្រូវបាន​ចោរ​មួយក្រុម​លួច​យក នា​អំឡុងពេល​នៃ​ការ​ដាក់តាំង​ពិ​ព័រ​ណ៌​មួយ​នៅ​វិមាន Blenheim ចក្រភព​អង់គ្លេស កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ បុរស​២​នាក់​ត្រូវបាន​ឃាត់ខ្លួន ប៉ុន្តែ​មុខសញ្ញា​ពិតប្រាកដ​មិនទាន់​រកឃើញ​នោះឡើយ​។ វិចិត្រករ​អ៊ីតាលី លោក Maurizio Cattelan ដែលជា​ម្ចាស់​ស្នាដៃ បាន​សម្តែង​ការ​ហួសចិត្ត ប៉ុន្តែ​លោក​រំពឹងថា ក្រុមចោរ​មាន​បេះដូង​ចិត្តល្អ​ដូច​តួ Robin Hood ដោយ​លួច​ពី​អ្នកមាន​ជួយ​ដល់​អ្នកក្រ​។​



«​ដំបូង​គេ​ប្រាប់​ខ្ញុំ​ពី​ដំណឹង​ក្រុម​ចោរលួច​បង្គន់ ខ្ញុំ​ហួសចិត្ត ហើយ​ឆ្ងល់​ថា​ហេតុអ្វី​ក៏​ពួកគេ​ល្ងង់ខ្លៅ​ម្ល៉េះ​? តាមពិត​ខ្ញុំ​ភ្លេច​គិតថា បង្គន់​នោះ​ធ្វើ​ពី​មាស​»​។ លោក Maurizio Cattelan បាន​ថ្លែងប្រាប់​សារព័ត៌មាន New York Times​។ វិចិត្រករ​អ៊ីតាលី ដែលមាន​វ័យ​៥៨​ឆ្នាំ​រូបនេះ ជា​ម្ចាស់​ស្នាដៃ​ដែល​បានធ្វើ​បង្គន់​មាស​នោះ​។​

​ស្នាដៃ​សិល្បៈ​មួយ​នេះ ត្រូវបាន​រចនា​ឡើង​សម្រាប់តែ​មនុស្ស​១​ភាគរយ​ប៉ុណ្ណោះ​ដែលមាន​ជាងគេ​លើ​លោក​។ លោក Cattelan លើកឡើង​បែប​សុទិដ្ឋិនិយម​ថា​៖ «​អំពើចោរកម្ម​នេះ សូម​ឲ្យ​ដូច​សកម្មភាព​ដែល​យកតាម​តួ Robin Hood ទៅ​ចុះ ដោយ​លួច​ពី​អ្នកមាន យកទៅជួយ​ដល់​អ្នកក្រ​»​។​

​លោក Dominic Hare អគ្គនាយក​ទទួលបន្ទុក​នៅ​សារមន្ទីរ​នៅ​វិមាន Blenheim បាន​វាយតម្លៃថា បង្គន់​មាស​នោះ​មានតម្លៃ​ចន្លោះ​ពី​៥​លាន ទៅ​៦​លាន​ដុល្លារ​អាមេរិក ពោលគឺ​មិនមែន​ត្រឹមតែ​ជាង​១​លាន​ដុល្លារ​អាមេរិក ដែល​សារព័ត៌មាន​អង់គ្លេស បាន​ផ្សព្វផ្សាយ​កន្លងមក​នោះឡើយ​។​

​វិមាន Blenheim ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ហើយក៏​ជាទី​កំណើត​របស់​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Winston Churchill ផងដែរ​។​

​ក្រោម​ឈ្មោះថា «America» បង្គន់​មាស​នោះ ស្ថិតក្នុង​ចំណោម​វត្ថុ​ដែល​ត្រូវបាន​ដាក់តាំង​ពិ​ព័រ​ណ៌ ដែលមាន​រយៈពេល​រហូត​ដល់​ថ្ងៃទី​២៧ ខែតុលា​។ របាយការណ៍​បង្ហាញថា ក្រុមចោរ​បាន​ចូលទៅ​លួច​នា​អំឡុង​វេលាយប់ ហើយ​ចាកចេញ​នៅ​ម៉ោង​ជិត​៥​ទៀបភ្លឺ​។ តាម​ការវិភាគ​លើ​កា​ម៉េ​រា​សុវត្ថិភាព ក្រុមចោរ​ប្រើប្រាស់​រថយន្ត​ចំនួន​២​គ្រឿង​។​


វិចិត្រករ​អ៊ីតាលី លោក Maurizio Cattelan ជាអ្នក​រចនាបង្គន់មាស «America»

​​បង្គន់ «America» ត្រូវបាន​ដាក់តាំង​ក្នុង​ពិ​ព័រ​ណ៌​លើកដំបូង​នៅ​សារមន្ទីរ Guggenheim ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ចន្លោះ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ ដោយមាន​អ្នក​ធ្លាប់ប្រើ​ប្រាស់​វា​ប្រមាណ​១០​ម៉ឺន​នាក់​។ វិមាន Blenheim បាន​សម្តែង​ការសោកស្តាយ​តាមរយៈ Twitter របស់ខ្លួន ជុំវិញ​ការបាត់បង់​បង្គន់​ដ៏​មានតម្លៃ​មហាសាល​នេះ​ផងដែរ​។​

​មនុស្ស​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​មាន​បុរស​វ័យ​៦៦​ឆ្នាំ​ម្នាក់ និង​៣៦​ឆ្នាំ​ម្នាក់ទៀត​។ អ្នក​ក​ទាំងនោះ ត្រូវបាន​ដោះលែង​វិញ ប៉ុន្តែ​ស្ថិតក្រោម​ការស៊ើបអង្កេត មុន​ឈានទៅដល់​ការចាប់ខ្លួន​បណ្តាញ​ជន​ល្មើស ដើម្បី​នាំយក​បង្គន់​នោះ ត្រឡប់​ទៅ​សារមន្ទីរ​វិញ​៕



© រក្សាសិទ្ធិដោយ thmeythmey.com