ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ក្រៅពី​ញ៉ាំ​ស្ករ រឿង​ទាំងនេះ​ក៏​ធ្វើឱ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់​ដែរ​
19, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មិន​ថា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​នោះទេ ការរក្សាបាន​នូវ​កម្រិត​ជាតិ​ស្ករ​ត្រឹមត្រូវ​ក្នុង​ឈាម​គឺ​ចាំបាច់​បំផុត​។ ហើយ​ក្រៅពី​ទទួលទាន​ជាតិ​ស្ករ​ច្រើន​ក៏​នៅមាន​សកម្មភាព​មួយចំនួនទៀត​ដែល​ជះឥទ្ធិពល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​គួរ​ចៀសវាង​ដើម្បី​ទប់ស្កាត់​បញ្ហា​ជាតិ​ស្ករ​កើនឡើង​ខ្ពស់ ៖

១. ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​

​យោងតាម​អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​បានឱ្យដឹងថា ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំងពេក​ក៏​ជា​អ្វីដែល​បង្កបញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ភាព​ស្ត្រេ​ស​បង្កើន​ចំណង់​អាហារ​ដែល​ធ្វើឱ្យ​អ្នក​ឃ្លាន​ផ្អែម​។​

២. គេង​មិន​គ្រប់​

​ការ​គេង​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នោះ​ក៏​ព្រោះតែ​ការ​គេង​មិន​គ្រប់​ជះឥទ្ធិពល​ដល់​រាងកាយ​ក្នុងការ​ប្រើប្រាស់​បំ​លែង​ជាតិ​ស្ករ ហើយ​លទ្ធផល​ចុងក្រោយ​ជាតិ​ស្ករ​ដែល​លើស​នឹងត្រូវ​ប្រមូលផ្ដុំ​ក្នុង​ឈាម​។​

៣. ជាតិ​ផ្អែម​សិប្បនិម្មិត​

​ប្រសិនបើ​អ្នក​គិតថា​ការចៀសវាង​ទទួលទាន​ស្ករ​ធម្មតា​ជំនួស​ដោយ​ជាតិ​ផ្អែម​សិប្បនិម្មិត​វិញ​គឺ​មិន​ប៉ះពាល់​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម ចូរ​គិត​ម្ដងទៀត​។ តាមពិតទៅ​ជាតិ​ផ្អែម​សិប្បនិមិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ផ្អែម​សិប្បនិមិត​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

៤. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​

​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ក៏​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ប្រហែល ២ លីត្រ​ក្នុង​មួយថ្ងៃ​។

៥. កង្វះ​លំ​ហាត់ប្រាណ​

​ការមិនធ្វើ​សកម្មភាព​រាងកាយ​អ្វី​សោះ​ក៏​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការធ្វើ​លំ​ហាត់ប្រាណ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រួមបញ្ចូល​ទាំង​ជួយ​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ស្ត្រេ​ស​? យោងតាម មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​សំខាន់បំផុត​មួយ​នៅលើ​ពិភពលោក NIH បាន​ណែនាំ​ឱ្យធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោចណាស់ ១៥០ នាទី​រាល់​សប្តាហ៍​។ ហើយ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ហាត់ប្រាណ​ជាប្រចាំ​មិនគួរ​ផ្អាក ឬ​រំលង​លើសពី ២ ថ្ងៃ​ជាប់​គ្នា​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com