ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
នយោបាយអន្តរជាតិ
ដីនៅកាលីម៉ាន់តាន់ឡើងថ្លៃ ក្រោយមេដឹកនាំឥណ្ឌូណេស៊ីប្រកាសរើរដ្ឋធានីពីហ្សាការតា
19, Sep 2019 ,
10:16 am
រូបភាព
ទន្លេ Mahakam ក្នុងទីក្រុង Samrinda នៃខេត្ត កាលីម៉ានតានខាងកើត (Reuters)
×
ដោយ:
ចាប់តាំងពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូដូ វីដូដូ បានប្រកាសផ្លាស់ប្តូររដ្ឋធានីពីហ្សាការតាទៅកាន់ខេត្តកាលីម៉ាន់តាន់ខាងកើត (East Kalimantan) លើកោះប័រណេអូកាលពីចុងខែសីហាមក លោក ស៊ីកបុកឌីន (Sikbukdin) ទទួលការហៅចូលតាមទូរសព្ទពីមនុស្សចម្លែកយ៉ាងតិច ៥នាក់ ដោយពួកគេសាកសួរថាតើលោកចាប់អារម្មណ៍ក្នុងការលក់ដីរបស់លោកឬទេ។
«ខ្ញុំ ប្រាប់ពួកគេថា ទេ! ខ្ញុំមិនមានបំណងលក់ដីខ្ញុំឡើយ។ ដីនេះ គឺសម្រាប់កូនៗរបស់ខ្ញុំ»។ បុរសវ័យ ៥៦ឆ្នាំ ដែលជាប្រធានកុលសម្ព័ន្ធមួយឈ្មោះថា Paser Balik លើកឡើងបែបនេះ។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោក ស៊ីកបុកឌីន អះអាងទៀតថា ភ្នាក់ងារអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនទាំងក្នុងខេត្តកាលីម៉ានតាន់ និងក្រុងហ្សាការតា សុទ្ធតែបានមកទាក់ទងលោក ហើយពួកគេ គឺមានចរិតហិង្សាខ្លាំងណាស់។
តាមការបញ្ជាក់របស់ប្រជាជនរស់នៅខេត្ត កាលីម៉ានតានខាងកើត តម្លៃដីក្នុងសង្កាត់ចំនួន ២ ដូចជា Penajam Paser Utara និង Kutai Kertanegara ដែលនឹងក្លាយជាទីតាំងនៃរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី បានហក់ឡើងភ្លាមៗ បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី វីដូដូ ។ ទន្ទឹមនេះ ក្រុមអ្នកភ្នាក់ងារអភិវឌ្ឍន៍អចលនទ្រព្យ កំពុងដុតដៃដុតជើងបញ្ចុះបញ្ចូលប្រជាជនរស់នៅទីនោះឲ្យលក់ដី។
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តផ្លាស់ប្តូររដ្ឋធានីបច្ចុប្បន្នខ្លួន គឺទីក្រុង ហ្សាការតា ព្រោះថាទីក្រុងនេះពោរពេញដោយការបំពុល និងជាទីក្រុងលិចទឹកលឿនរហ័សបំផុតមួយក្នុងពិភពលោក។ មានប្រជាជនរស់នៅជាង១០លាននាក់ គួបផ្សំនឹងមនុស្ស៣០លាននាក់ផ្សេងទៀត ដែលរស់នៅហ៊ុមព័ទ្ធទីក្រុងនេះ ហើយតែងធ្វើដំណើរទៅប្រកបការងារនៅក្រុងហ្សាការតាផងនោះ វាបង្កជាការកកស្ទះយ៉ាងធ្ងន់ធ្ងរ។ គេប៉ាន់ស្មានថា បញ្ហាដ៏ស្មុគស្មាញនេះ ធ្វើឲ្យក្រុងហ្សាការតាខាតបង់៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
បើប្រៀបធៀបគ្នាវិញនោះ ខេត្តកាលីម៉ាន់តាន់ខាងកើត ពុំសូវរងផលប៉ះពាល់ច្រើនពីគ្រោះមហន្តរាយធម្មជាតិដូចទីក្រុង ហ្សាកាតារ ហើយមានប្រជាជនរស់នៅត្រឹមតែ ៣,៥លាននាក់ប៉ុណ្ណោះ។ ទាក់ទិននឹងគម្រោងរើរដ្ឋធានីចេញពីហ្សាការតានេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី សង្ឃឹមថាអាចពង្រីកការអភិវឌ្ឍទៅតំបន់ផ្សេង ដែលពុំមែនផ្តោតតែទៅលើកោះ ជ្វា ។
ប្រសិនបើ សភាឥណ្ឌូណេស៊ី ផ្តល់ភ្លើងបៃតងដល់សំណើរបស់លោកប្រធានាធិបតី ចូកូវី មែននោះ រដ្ឋាភិបាល នឹងចាប់ផ្តើមការសាងសង់រដ្ឋធានីថ្មី នាឆ្នាំ២០២០ លើផ្ទៃដី ៤ម៉ឺនហិកតា ហើយរើការិយាល័យរដ្ឋបាលខ្លួនទៅកាន់ទីនេះ នាឆ្នាំ២០២៤។ តាមការគ្រោងទុក មន្ត្រីសាធារណៈប្រមាណ ១,៥លាននាក់ នឹងផ្លាស់ប្តូរមកធ្វើការនៅរដ្ឋធានីថ្មីផងដែរ។
ទិដ្ឋភាពដីទំនេរជាច្រើន នៅសង្កាត់ Penajam Paser Utara (CNA)
មែនទែនទៅ ផែនការរើទីតាំងរដ្ឋធានីថ្មីនេះ បង្កើតដំណឹងល្អសម្រាប់ប្រជាជនខ្លះ ជាពិសេស សក្ដានុពលដែលវានាំមកសម្រាប់តម្លៃដី ប៉ុន្តែពុំមែនសម្រាប់អនាគតនៃទីក្រុងនេះឡើយ។ ត្រង់នេះ គឺសំដៅលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ព្រោះតែកាលានុវត្តភាពដ៏ច្រើនសន្ធឹកសន្ធាប់ មកពីការកសាងរដ្ឋធានីថ្មីក្នុងខេត្តមួយ ដែលបច្ចុប្បន្នគ្របដណ្តប់ទៅដោយព្រៃ។
យ៉ាងណាមិញ អ្នកខ្លះ ក៏មានមន្ទិលសង្ស័យពីគំនិតផ្តួចផ្តើមដ៏មានមហិច្ឆតារបស់រដ្ឋាភិបាលកណ្តាលឥណ្ឌូណេស៊ីផងដែរ ដោយអះអាងថា ដំណើរការនៃការផ្លាស់ប្តូររដ្ឋធានី ពុំមែនជារឿងងាយស្រួលឡើយ។ ប្រជាជនដែលរស់នៅខេត្តកាលីម៉ាន់តាន់ខាងកើត បានលើកឧទាហរណ៍នៃការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៩៩គីឡូម៉ែត្រដ៏យឺតយ៉ាវមួយ ដែលភ្ជាប់ក្រុង Balikpapan ទៅ Samarinda។ វាបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១១ ហើយក្រោយប្រើពេលជិត១០ឆ្នាំមក ចុងក្រោយ រដ្ឋាភិបាលបានសម្រេចចិត្តកំណត់ពេលបើកឲ្យប្រើប្រាស់ នៅមុនដំណាច់ឆ្នាំ២០១៩នេះ។
ដីឡើងថ្លៃយ៉ាងគំហុក
រដ្ឋាភិបាល បានអះអាងថា ខ្លួនកាន់កាប់ដីចំនួន ១៨ម៉ឺនហិកតាត្រៀមទុកសម្រាប់កសាងរដ្ឋធានីថ្មី ដែលស្ថិតនៅចំណុចកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី។ តំបន់នេះ មានទីតាំងនៅក្បែរទីក្រុងសម្បូរប្រេង Balikpapn និងក្រុង Samarinda (រដ្ឋធានីនៃខេត្ត កាលីម៉ាន់តាន់ខាងកើត) ។
ស្លាកសញ្ញា សរសេរថា «ទ្រព្យសម្បត្តិសម្រាប់លក់» ត្រូវគេប្រទះឃើញនៅតាមបណ្តាយផ្លូវពីសង្កាត់ Panajam Paser Utara និង Kutai Kartanegara។ វាទីដែលនឹងក្លាយជារដ្ឋធានីឥណ្ឌូណេស៊ីថ្មី។ បុរសម្នាក់ ដែលលើកស្លាកសញ្ញាលក់ដីនេះ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទូរទស្សន៍សិង្ហបុរី Channel News Asia ថា លោកលក់ដីក្នុង១ហិកតា តម្លៃ ១,២ពាន់លានរូពី ឬស្មើនឹង៨៥២១០ដុល្លារ។
មនុស្សគ្រប់គ្នាកំពុងដំឡើងថ្លៃដីរបស់ពួកគេ។ ដំបូងឡើយ វាមានតម្លៃ ១២៦លានរូពីប៉ុណ្ណោះ (ជិត៩ពាន់ដុល្លារ) ក្នុង១ហិកតា ។ លោក លើកឡើងបែបនេះ ដោយបន្ថែមថា លោកពុំមានឯកសារស្របច្បាប់បញ្ជាក់កម្មសិទ្ធិលើដីធ្លីរបស់លោកឡើយ។
បុរសជាម្ចាស់ហាងអាហារមួយកន្លែងក្នុងសង្កាត់ Panajam Paser Utara ឈ្មោះថា Eko បាននិយាយថា ជារៀងរាល់ថ្ងៃ អតិថិជនលោក នាំគ្នាជជែកតែរឿងតម្លៃដី។ លោក ក៏យល់ឃើញថា តម្លៃដីកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីលោកប្រធានាធិបតីបានប្រកាសនឹងរើរដ្ឋធានីទៅកាន់ខេត្តកាលីម៉ានតានខាងកើតមក។ លោក អះអាងបែបនេះ៖«ពីមុន ដីទំហំ១ហិកតា ដាក់លក់ក្នុងតម្លៃប្រមាណ ៣៥០លានរូពី ប៉ុន្តែឥឡូវនេះ វាមានតម្លៃដល់៤ពាន់លានរូពីឯណោះ»៕
ស្លាកសញ្ញា «ដីសម្រាប់លក់» លើផ្ទះប្រជាជននៅសង្កាត់ Penajam Paser Utara (ទូរទស្សន៍ CNA)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឥណ្ឌូណេស៊ី
រដ្ឋធានី
ហ្សារកាតា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម