អន្តរជាតិ
កប៉ាល់​ដឹកជញ្ជូន​ថ្មី​របស់​ចិន​នឹង​ជួយ​សាងសង់​ប្រជុំ​កោះ​នៅក្នុង​សមុទ្រ​មាន​ជម្លោះ​
19, Sep 2019 , 1:39 pm        
រូបភាព
ដោយ: VOA
​តៃប៉ិ ៖​កប៉ាល់​ដឹកជញ្ជូន​ដ៏​ធំថ្មី​មួយ នឹង​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដឹកជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ទៅកាន់​ទីកន្លែង​ដែល​ខ្លួន​ត្រួតត្រា​នានា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មាន​ជម្លោះ ដែលជា​ផ្លូវទឹក​សម្បូរ​ធនធាន​ដែល​ទាមទារ​ដោយ​ប្រទេស​ផ្សេងៗ​ទៀត​។

 
​ចិន បានធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​មានការ​ភ្ញាក់ផ្អើល​ចាប់តាំងពី​ឆ្នាំ​២០១០​ដោយ​ការចាក់ដី​ធ្វើ​កោះ​តូចៗ​សម្រាប់​ការប្រើប្រាស់​ខាង​វិស័យ​យោធា​។ ប្រ៊ុយណេ ម៉ាឡេស៊ី កោះ​តៃវ៉ាន់ វៀតណាម និង​ប្រទេស​ហ្វីលីពីន បានទាមទារ​ទាំងអស់​ឬ​ផ្នែក​នានា​នៃ​សមុទ្រ​ដែលមាន​ទំហំ​៣​លាន​៥​សែន​គីឡូ​ម៉ែត្រការ៉េ​ជាមួយ​ចិន​។ ចិន​បានទាមទារ​សមុទ្រ​នោះ​ប្រហែល​៩០​ភាគរយ​។​
 
​កប៉ាល់​ដឹកជញ្ជូន​ឈ្មោះ Sansha 2 ដែល​បាន​ឆ្លងកាត់​ការសាកល្បង​កាលពី​ខែសីហា អាច​បើកបរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល​។ នេះ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​ផ្លូវការ​នៃ​ប្រទេស​ចិន​។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​នោះ បាន​រាយការណ៍​ថា កប៉ាល់​ដែល​អាច​ផ្ទុក​បាន​៨​ពាន់​តោន​គូប នឹង​ជួយ​ការងារ​ស៊ីវិល និង​យោធា​។​
 
​ពួក​អ្នកវិភាគ​ទស្សន៍ទាយ​ថា កប៉ាល់​នោះ នឹង​ជួយ​ដឹកជញ្ជូន​ឧបករណ៍​ទៅកាន់​ប្រជុំ​កោះ Paracel ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ត្រួតត្រា​ដោយ​ចិន ក៏ប៉ុន្តែ មានការ​ឈ្លោះប្រកែក​យ៉ាងខ្លាំង​ជាមួយ​វៀតណាម​ហើយ​អាចធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​ទាមទារ​ប្រជុំ​កោះ Spratly កាន់តែខ្លាំង​ឡើង​។​
 
​លោក​Jay Batongbacal សាស្ត្រាចារ្យ​កិច្ចការ​ដែនសមុទ្រ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន និយាយថា​៖ «​ពួកគេ កំពុង​ពង្រីក​សមត្ថភាព​របស់​ខ្លួន​គ្រប់​វិស័យ ទាំងអស់​។ ការប្រើប្រាស់​កប៉ាល់​នោះ​នៅក្នុង​តំបន់​ដែលមាន​ជម្លោះ​នានា ជា​និមិត្តរូប​។ ការណ៍​នេះ ក៏មាន​សារៈសំខាន់​កាន់តែខ្លាំង​ឡើង​សម្រាប់​ពួកគេ ពី​ព្រោះតែ​ពួកគេ​បាន​នាំមុខ​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​»​។​
 
​លោក Andrew Yang អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ចិន​សិក្សា​ពី​គោលនយោបាយ​ជឿនលឿន​នៅ​កោះ​តៃវ៉ាន់ បាន​និយាយថា កប៉ាល់​ដឹកជញ្ជូន​ទី​២​របស់​ចិន​ដែល​គ្មាន​គូ​ប្រៀប ហើយ​អាច​ដឹកជញ្ជូន​បាន​យ៉ាងច្រើន ប្រហែល​នឹង​ដឹកជញ្ជូន​គ្រាប់រំសេវ ម្ហូប អាហារ ទឹក​និង​ម៉ាស៊ីនភ្លើង​ទៅកាន់​ប្រជុំ​កោះ​តូចៗ​ដែល​ចិន​ត្រួតត្រា​»​។​
 
​លោក Yang និយាយទៀតថា «​កប៉ាល់​ថ្មី​បំផុត​នេះ នឹង​បង្កើន​ការជួយឧបត្ថម្ភ​ខាង​ភស្តុភារ​សម្រាប់​កងទ័ព​ដែល​បោះទីតាំង​នៅលើ​ប្រជុំ​កោះ​តូចៗ​ទាំងនោះ​។ ចិន​មាន​កងទ័ព និង​កិច្ចប្រតិបត្តិការ​នៅ​ទីនោះ ដូច្នេះ​ពួកគេ​ត្រូវការ​ប្រព័ន្ធ​ជួយឧបត្ថម្ភ​ភស្តុភារ​កាន់តែខ្លាំង​ឡើង​»​។​
 
​សមុទ្រ​នៅ​តំបន់​ត្រូពិច​នោះ បាន​លាតសន្ធឹង​ពី​ទីក្រុង​ហុងកុង​ភាគខាងត្បូង​ទៅដល់​កោះ Borneo​។ ប្រទេស​ទាមទារ​ចំនួន​៦ បាន​ឲ្យ​តម្លៃ​សមុទ្រ​នោះ​ដោយសារ​ត្រី ថា​ម ពល និង​ផ្លូវ​នាវាចរណ៍​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​រាយការណ៍​ទៀតថា កប៉ាល់ Sansha 2 បានធ្វើការ សាកល្បង​កាលពី​ចុងខែ​សីហា​ហើយ​បាន​បើក​ទៅកាន់​កោះ Woody​នៅក្នុង​ប្រជុំ​កោះ Paracel​។ កប៉ាល់​នោះ អាចធ្វើ​ដំណើរ​ចម្ងាយ​៦​ពាន់​គីឡូម៉ែត្រ​ដោយ​មិនចាំបាច់​ឈប់​ចាក់​ប្រេង​ហើយ​អាច​ដឹក​មនុ​ស្សបាន​៤​រយ​នាក់​។​
 
​ចិន​ប្រតិបត្តិការ​ផ្លូវ​យោធា​នៅលើ​កោះ Woody ហើយ​បាន​រក្សា​កងទ័ព​នៅ​ទីនោះ​។​កប៉ាល់​ដឹកជញ្ជូន​ដែល​បាន​ប្រើ​នៅ​កោះ​នោះ​កាលពី​១១​ឆ្នាំមុន អាច​ដឹកជញ្ជូន​បានតែ​២​ពាន់​៥​រយ​៤០​តោន​គីប​តែប៉ុណ្ណោះ​។​
 
​កម្មវិធី​កិច្ច​ផ្តួចផ្តើម​នៅក្រោម​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ដែលជា​អង្គការ​ស្រាវជ្រាវ​មួយ ប្រាប់​ឲ្យ​ដឹងថា នៅលើ​កោះ​តូច​៣​សំខាន់ៗ​នៅ​ប្រជុំ​កោះ Spratly ចិន​បាន​ស្ថាបនា​ផ្លូវ​យន្តហោះ​និង​ទីកន្លែង​សម្រាប់​ទុក​យន្តហោះ​យោធា​។​
 
​ប្រទេស​ផ្សេងៗ​ទៀត​ដែល​បានទាមទារ​សមុទ្រ​ចិន​ខាងត្បូង ខ្វះ​កម្លាំងយោធា ឬ​បច្ចេក វិទ្យា​។ កងទ័ព​រំដោះប្រជាជន​ចិន ដែលមាន​ចំណាត់ថ្នាក់​ទី​៣​នៅក្នុង​ពិភពលោក បាន​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​ប្រជុំ​កោះ Spratly កាលពី​ឆ្នាំទៅ​។ ក្រសួង​ការ ពារ​ប្រទេស​សហរដ្ឋអាមេរិក បាន​ប្រាប់​ឲ្យ​ដឹងថា ចិន មាន​ផែន​ការដាក់​ឲ្យ​ប្រើ​ស្ថានីយ​ថាមពលនុយក្លេអ៊ែរ​អណ្តែត​លើទឹក​នៅ​ឆ្នាំ​២០២០​។​
 
​លោក Batongbacal និយាយទៀតថា កប៉ាល់​ដឹកជញ្ជូន​នេះ បង្ហាញ​ឲ្យ​ឃើញ​បច្ចេកវិទ្យា​ថ្មីៗ​បំផុត​របស់​ចិន​។ លោក Yang ទស្សន៍ទាយ​ថា ចិន ប្រហែល​នឹងធ្វើ​កប៉ាល់​ប្រភេទ​នេះ​បន្ថែមទៀត​សម្រាប់​បើកបរ​ឆ្លាស់គ្នា​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​រាយការណ៍​ទៀតថា ក្រុមហ៊ុន​ផលិត​កប៉ាល់ Sansha 2 និង​ក្រុមហ៊ុន​ដែល​ផលិត​កប៉ាល់ Sansha 1 មាន​គម្រោង​ផលិត​កប៉ាល់​ដឹកជញ្ជូន​ទី​៣​ដើម្បី​ផ្តល់​សេវាកម្ម​ឲ្យ​ប្រសើរ​ឡើងដល់​បុគ្គលិក​នៅលើ​កោះ​នោះ​។​
 
​លោក Yang និយាយទៀតថា «​កោះ​តៃវ៉ាន់ នៅពេល​ខ្លះ បាន​បញ្ជូន​នាវា​ដឹកជញ្ជូន​ទៅកាន់​ប្រជុំ​កោះ Spratly​។ ទោះជា​យ៉ាងណាក៏ដោយ តៃវ៉ាន់ បាន​កាន់កាប់​កោះ​ដ៏​សំខាន់​តែមួយគត់​នៅ​ប្រជុំ​កោះ​ទាំងនោះ​»​។​
 
​លោក Collin Koh ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ខាង​សន្តិសុខ​ផ្លូវ​នាវាចរណ៍​នៅឯ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុងប្រទេស​សិង្ហ​បុរី បាន​និយាយថា កងទ័ពជើងទឹក​រប​ស់​វៀតណាម ធ្វើការ​ដឹកជញ្ជូន​តាម​កប៉ាល់​ដែរ ក៏ប៉ុន្តែ ប្រើ​នាវា​នេសាទ​តូចៗ​ជាង​សម្រាប់​ការងារ​ដឹកជញ្ជូន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន អាច​បង្អាក់​បេសកកម្ម​ផ្គត់ផ្គង់​ដោយ​កប៉ាល់​តូចៗ​នេះ​។​
 
​លោក Koh បាន​និយាយទៀតថា​៖ «​បញ្ហា​គឺថា តើ​ប្រទេស​ទាមទារ​ផ្សេងទៀត អាចធ្វើ​ការដឹកជញ្ជូន​របស់ខ្លួន​ដោយ​គ្មាន​ការបង្អាក់ ដូចដែល​ចិន បានធ្វើ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែរឬទេ​»​។​
 
​សហរដ្ឋអាមេរិក​ដែលជា​អតីត​គូសត្រូវ​សម័យ​សង្គ្រាមត្រជាក់​រប​ស់​ចិន​និង​ជា​គូប្រកួត​ប្រជែង​សេដ្ឋកិច្ច​នៅពេល​បច្ចុប្បន្ននេះ បានចាប់ផ្តើម​បង្កើន​ការបើកបរ​កប៉ាល់​កាត់​តាម​សមុទ្រ​ចិន​ខាងត្បូង​នៅ​ឆ្នាំ​២០១៧​នៅក្រោម​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិនបាន​ទាមទារ​ផ្លូវទឹក​នោះទេ ក៏ប៉ុន្តែ ជឿថា ផ្លូវទឹក​នោះ ត្រូវតែ​បើកចំហ​សម្រាប់​ការប្រើ​ជា​លក្ខណៈ​អន្តរជាតិ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com