អន្តរជាតិ
លោក ត្រាំ តែងតាំង​ប្រេសិត​កិច្ចការ​ចំណាប់ខ្មាំង​ជាទី​ប្រឹក្សា​សន្តិសុខ​ជំនួស​លោក ប៊ូល​តុ​ន
19, Sep 2019 , 7:39 pm        
រូបភាព
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិថ្មី Robert O
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិថ្មី Robert O'Brien ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៨ ខែកញ្ញា បានប្រកាស​តែងតាំង​លោក Robert O'Brien ដែលជា​ប្រេសិត​ដោះស្រាយ​ចំណាប់ខ្មាំង ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​។ លោក  Robert O'Brien នឹង​ជំនួស​តំណែង​លោក ច​ន ប៊ូល​តុ​ន ដែល​ត្រូវ​បញ្ចប់​តំណែង​ដោយមាន​ជំហរ​មិន​គ្នា​ជាមួយ​ប្រធានាធិបតី​លើ​បញ្ហា​ជាច្រើន​ដូចជា​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ជាដើម​។ លោក ត្រាំ រំពឹងថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​នេះ នឹង​ធ្វើការ​បានល្អ​។​



​លោក Robert O'Brien គឺជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទី​បួន​ហើយ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​អំណាច​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដំបូង គឺ​លោក Michael Flynn ទី​ពីរ​គឺ​លោក HR. McMaster និង​ទី​បី​លោក ច​ន ប៊ូល​តុ​ន ដែល​ទើប​ត្រូវបាន​លោក ត្រាំ បណ្ដេញ​ចេញពី​តំណែង​ប៉ុន្មាន​មកនេះ តែ​សាមីខ្លួន​ថា លោក​សុំលាលែង​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​។ ការប្រកាន់​ជំហរ​តឹងរ៉ឹង​បញ្ហា​អ៊ីរ៉ង់ នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​មូល​ហេតុដែល​លោក ប៊ូល​តុ​ន អស់តំណែង​។​

​ដក​អ្នក​កាច​ដាក់​អ្នក​ស្លូត​! វត្តមាន​លោក O'Brien ដែលជា​ប្រេសិត​ប្រធានាធិបតី​ទទួលបន្ទុក​កិច្ចការ​ចំណាប់ខ្មាំង អាចធ្វើ​ឲ្យ​គោលនយោបាយ​រដ្ឋបាល​លោក ត្រាំ មិនសូវ​កាច​ដូច​ជំនាន់​លោក ប៊ូល​តុ​ន ។ លោក ប៊ូល​តុ​ន ត្រូវបាន​គេ​ចាត់ទុកជា​មន្ត្រី​ដែលមាន​និន្នាការ​ប្រើ​ធម៌​ក្ដៅ ហើយ​គេ​ក៏​ឃើញ​មាន​ភស្តុតាង​ច្រើន​ហើយ​ដែរ​ក្នុង​គោលនយោបាយ​ការបរទេស​អាមេរិក​ដូចជា ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ពី​សន្ធិសញ្ញា​ហាមឃាត់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម​ជាមួយ​រុស្ស៊ី​ជាដើម​។​

​លោក ត្រាំ ធ្លាប់​និយាយថា លោក ប៊ូល​តុ​ន មិនត្រូវ​គ្នា​ជាមួយ​មន្ត្រី​ឯទៀត​ក្នុង​រដ្ឋបាល​របស់លោក ហើយក៏​មាន​ជំហរ​ខុសគេ​លើ​គោលនយោបាយ​អាមេរិក​សព្វថ្ងៃ​ដែរ​។ ខុសពី​លោក ប៊ូល​តុ​ន ដែល​មិនសូវ​ត្រូវ​គ្នា​ជាមួយ​មន្ត្រីក្រោមឱវាទ​លោក ត្រាំ ដទៃទៀត លោក O'Brien ទទួល​តំណែង​ទីប្រឹក្សា​នេះ ដោយមាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​សមាជិក​ធំៗ​បក្ស​សាធារណរដ្ឋ​ដទៃទៀត​។

​នៅលើ Twitter របស់ខ្លួន លោក ត្រាំ និយាយថា លោក​ធ្លាប់​ធ្វើការ​ជាមួយ​លោក O'Brien ហើយ​គេ​នឹងធ្វើ​ការ​ដ៏​អស្ចារ្យ​។ បើតាម​កាសែត The New York Times លោក ត្រាំ ពេញចិត្ត​ការងារ​រប​ស់លោក O'Brien ក្នុង​រយៈពេល​កន្លងមក ដោយបាន​ចរចា​ឲ្យ​មានការ​ដោះលែង​ជនជាតិ​អាមេរិក​នៅ​តួ​ក​គី និង​កូរ៉េខាងជើង​ជាដើម​។

​កិច្ច​បន្ទាន់​របស់លោក O'Brien គឺ​បញ្ហា​ជាមួយ​អ៊ីរ៉ង់​ដែល​កំពុង​ឡើងក​ម្ដៅ​ក្រោយ​ការវាយប្រហារ​លើ​រោងចក្រ​ផលិត​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ លោក ត្រាំ ចោទ​ទីក្រុង​តេ​ហេ​រ៉ង់​ថា នៅ​ពីក្រោយ​ហេតុការណ៍​នេះ ទោះ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​នៅ​យេ​ម៉ែន ប្រកាស​ទទួលខុសត្រូវ​ក៏ដោយចុះ​។ ការចរចា​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​ដែល​ជាប់គាំង និង​ការដក​ទ័ព​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន ក៏​ជា​សំណុំរឿង​រង់ចាំ​ដំណោះស្រាយ​សមស្រប​ដែរ​៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ច​ន ប៊ូល​តុ​ន​
  Robert O\'Brien
© រក្សាសិទ្ធិដោយ thmeythmey.com