ជាតិ
ICC-Preah Vihear ប្រជុំ​នៅ​សៀមរាប ផ្តោតលើ​លទ្ធផល​ជួសជុល​ប្រាសាទព្រះវិហារ និង​កោះកែរ​
19, Sep 2019 , 3:57 pm        
រូបភាព
​សៀមរាប​៖ គណៈកម្មការ​សម្របសម្រួល អន្តរជាតិ​ដើម្បី​អភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ (ICC-Preah Vihear) បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​វត្តមាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​។ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​សហប្រធាន​ភាគី​ចិន លោក​ZHOU Jiagui និង​សហប្រធាន​ភាគី​ឥណ្ឌា លោកស្រី Manika JAIN និង​មានការ​ចូលរួម​ពី​ប្រទេស​ជា​សមាជិក​ស្ថាបនិក​រួមមាន បារាំង ប៊ែ​ល​ហ្សិ​ច ជប៉ុន ថៃឡង់​ដ៏ សហរដ្ឋ​អា​មេ​រិច ព្រមទាំង អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ​លើ​ផ្នែក​អភិវឌ្ឍន៍ និង​អភិរក្ស ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ សរុប​ប្រមាណ ២៥០​នាក់​។



​អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក គង់ ពុទ្ធិកា បានផ្តល់​បទ​សម្ភាស​ដ​ល់​អ្នកសារព័ត៌មាន​ពី​របៀបវារៈ​សំខាន់ៗ​ដែល​នឹង​ត្រូវធ្វើ​បទ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​នេះ ដែល​ក្នុងនោះ​ផ្តោតជាសំខាន់​លើ​លទ្ធផល​កិច្ចការ​អភិរក្ស​នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ​។ លោក​បន្ថែមថា នៅ​ប្រាសាទព្រះវិហារ ក្រុម​អ្នកជំនាញ​នឹងធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា​ដើម្បី​អភិរក្ស​ជណ្ដើរ​ខាងជើង ក្រោម​មូលនិធិ​ស្ថានទូត​សហរដ្ឋអាមេរិក​ដើម្បី​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ដែល​គម្រោង​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១៨-២០១៩​។

​ចំណែក​នៅ​ប្រាសាទ​កោះកែរ អ្នកជំនាញ​នឹងធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​សិក្សា​ពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ ព្រោះថា​កោះកែរ​ជា​រមណីយដ្ឋាន​ទេសចរណ៍​និង​មិនទាន់មាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​នៅឡើយ​។ ក្រុម​អ្នកជំនាញ​នឹងធ្វើ​បទ​បង្ហាញ​ដល់​សមាជិក​គណៈកម្មកា​រ​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ ក៏ដូចជា​ដើម្បី​សុំ​អនុសាសន៍​បន្ថែម​លើ​ការងារ​ដែល​បាន​ដាក់ចេញ​កន្លងមក​៕


Tag:
 ICC-Preah Vihear
  បេតិកភណ្ឌ​
  ព្រះវិហារ​
  កោះកែរ​
© រក្សាសិទ្ធិដោយ thmeythmey.com