គំនិតមួយ
ជាតិ
​អាន​សៀវភៅ​នាំ​ឲ្យគ្រប់គ្រងអារម្មណ៍បានល្អ មានចំណេះ អភិវឌ្ឍ​ជំនាញ ដឹង​ពាក្យ​ពិបាក និង​មិន​ភ្លេចភ្លាំង​
15, May 2021 , 10:29 pm        
រូបភាព
​ការអាន​សៀវភៅ​គឺ​ល្អ​សម្រាប់​អ្នក​ហើយ​មាន​មនុស្ស​ជោគជ័យ​ជាច្រើន​ដែល​សុទ្ធតែ​ចូលចិត្ត​អាន​សៀវភៅ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ ក៏ដូចជា​ការកម្សាន្ត​នៅពេល​ទំនេរ​។


​ទាំងនេះ​គឺជា​ហេតុផល​ទាំង ៥ ដែល​អ្នក​គួរតែ​សៀវភៅ​៖

​អាន​សៀវភៅ​ធ្វើ​ឲ្យ​អ្នក​អាច​រស់នៅ​បានយូរ​ជាង​មុន​


តាម​ការសិក្សា​របស់​ស​កល​វិទ្យាល័យ Yale បាន​រកឃើញថា អ្នក​ចូលចិត្ត​អាន​សៀវភៅ គឺអាច​រស់នៅ​វែង​ជាង​អ្នក​ដែល​មិន​ចូលចិត្ត​អាន​សៀវភៅ​បាន​ពីរ​ឆ្នាំ ព្រោះ​ការអាន​កាន់តែច្រើន​ធ្វើ​ឲ្យ​អ្នក​យល់​អារម្មណ៍​មនុស្ស​ជុំវិញ និង​ការគ្រប់គ្រង​អារម្មណ៍​ជាដើម​។ បើ​ធៀប​ទៅនឹង​អ្នក​មិន​ចូលចិត្ត​អាន​សៀវភៅ អ្នកអាន​សៀវភៅ​មាន​រយៈពេល​២៣ ខែ​រស់នៅ​វែង​ជាង​។ ប៉ុន្តែ​វា​មិនសូវមាន​ឥទ្ធិពល​ទេ​សម្រាប់​អ្នក​ចូលចិត្ត​អាន​ការ​សែត ក៏ដូចជា​ទស្សនា​វ​ដ្តី​។ 
 
​អាន​សៀវភៅ​ធ្វើ​ឲ្យ​អ្នក​ស្រូប​យកចំណេះ​ដឹងបាន​ច្រើនជាង​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច​



​បន្ថែម​ពីលើ​នេះ​ទៅទៀត ការសិក្សារ​ស្រាវជ្រាវ​មួយ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​បាន​បង្ហាញថា សិស្ស​អាច​ទាញយក​ចំណេះដឹង​បានកា​ន់​តែ​ច្រើន​តាមរយៈ​សៀវភៅ ជាជាង​តាមរយៈ​កញ្ចក់​សំភារៈ​អា​ឡិច​ត្រូ​និ​ច ដោយសារ​សិស្ស​អាចធ្វើ​ការ កាត់​ចំណាំ ការ​គូស​ចំណាំ និង​កត់សម្គាល់​បាន​។ ជាក់ស្តែង​ការសិក្សា​មួយ​នៅក្នុង​ប្រទេស​ន័​រ​វែ​ស បាន​បង្ហាញថា​សិស្ស ដែល​បាន​អាន​នៅលើ​ក្រដាស ទទួលបាន​ពិន្ទុ​ល្អ​លើ​ការប្រលង​ផ្នែក​អាន​ជាង​សិស្ស​អាន​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។​
 
​អភិវឌ្ឍន៍​ជំនាញ​នៅក្នុង​ពេលអនាគត 



ជាការ​ពិត ភស្តុតាង​មួយ​បាន​បង្ហាញថា ការរស់នៅ​ក្នុង​បរិ​កាស ដែលមាន​សៀវភៅ​នៅ​ជុំវិញខ្លួន គឺ​ផ្តល់​ផលប្រយោជន៍​ឲ្យ​សម្រេច​ជោគជ័យ​ក្នុងការ​សិក្សា​បាន​កាន់តែ​ប្រសើរ​។ ផ្នែក​ទៅតាម​ការសិក្សា​មួយ បានបង្ហាញ​ពី​របៀប ដែល​មនុស្ស​ធំ​ឡើង​ជាមួយនឹង​បណ្ណាល័យ​នៅក្នុង​ផ្ទះ បាន​ជួយ​ឲ្យ​ពួកគេ​អាច​ដោះស្រាយ​បញ្ហា​អក្សរសាស្ត្រ ការគិត​លេខ និង​បញ្ហា​បច្ចេកទេស​ជាដើម​។ ជាការ​ពិត ជំនាញ​ទាំងនេះ គឺ​ជួយ​ក្មេង​ជាច្រើន​នៅក្នុង​យុគ​បដិវត្ត​ឧ​ស្សហកម្ម​លើក​ទី​៤​។ ជា​ឧទាហរណ៍ របាយការណ៍​ការងារ​សម្រាប់​អនាគត របស់​វេទិការ​សេដ្ឋកិច្ចពិភពលោក បានបង្ហាញ​ពី​តម្រូវការ​ជំនាញ​ទន់​។ សម្រាប់​ជំនាញ​នេះ​ទៀតសោត គឺ​បាន​តាមរយៈ​ការអាន​សៀវភៅ​។ 
 
​ការអាន​ជួយ​ឲ្យ​អ្នកចេះ​ពាក្យ​ពិបាក​កាន់តែច្រើន​



យ៉ាងណាមិញ ការអាន​សៀវភៅ វា​មិន​ត្រឹមតែ​ផ្លាស់ប្តូរ​នូវ​អារម្មណ៍ និង​ការយល់​ពី​មនុស្ស​នៅ​ជុំវិញខ្លួន​ទេ ប៉ុន្តែ​ការអាន​សៀវភៅ​ជួយ​ឲ្យ​អ្នក​ពង្រឹង​ពាក្យ ឬ​ភាសា​ថែមទៀត​។ តាមរយៈ​របាយការណ៍​របស់​សកល​វិទ្យាល័យ Oxford បានបង្ហាញ​ភស្តុ​ង​តាង​ថា​៖ «​ការអាន​លឺៗ ការពិភាក្សា​អំពី​ការអាន និង​បទពិសោធន៍​នៃ​ការអាន​ដោយ​ឯករាជ្យ​នៅ​សាលា និង​នូវផ្ទះ គឺ​ជួយ​បង្កើន​ការចេះ​ពាក្យ​កាន់តែច្រើន​»​។ 
 
​ការអាន​ជួយ​ការពារ​ខួរក្បាល​អ្នក​ពី​ជំងឺ​ភ្លេចភ្លាំង​



ជា​ចុងក្រោយ ការធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល គឺ​ជួយ​កាត់បន្ថយ​នូវ​ជំងឺ​ភ្លេចភ្លាំង​។ នេះ​បើ​យោងតាម​ការបកស្រាយរ​បស់​អង្គការ Alzheimer’s Society​។ ការស្វែងរក​នូវ​អ្វី​ថ្មី ដើម្បី​ប្រកួតប្រជែង​ជាមួយ​ខួរក្បាល​របស់​អ្នក ដូចជា​ការ​អាន​​សៀវភៅ​ឲ្យ​ញាប់​ញាប់ គឺ​វា​ជួយ​ពង្រឹង​នូវ​សមត្ថភាព​ខួរក្បាល​របស់​អ្នក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​ផ្សេងៗ​ជាដើម​៕

Tag:
 អប់រំ
  អំណាន
© រក្សាសិទ្ធិដោយ thmeythmey.com