កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង ឬ​ភ្នំពេញ​ក្រោ​ន​ឡើងទៅ​ជួប​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​?
19, Sep 2019 , 4:37 pm        
រូបភាព
លោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោន(ឆ្វេង) និងលោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង, រូបភាពពី CNCC
លោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោន(ឆ្វេង) និងលោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង, រូបភាពពី CNCC
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​ប្រជែង​ជាមួយ​ភ្នំពេញ​ក្រោ​ន ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ដែលមាន​បឹងកេត​កំពុង​រង់ចាំ​។ ការប្រកួត​ធ្វើឡើង​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៩ ខែកញ្ញា នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​។



​តាម​ប្រវត្តិ​ក្រុម​ទាំងពីរ​ធ្លាប់​ទម្លាក់​គ្នា​ម្នាក់​មួយដង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ធ្លាប់​ជួបគ្នា​១​ដង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នៅ​ឆ្នាំ​២០០៩ ភ្នំពេញ​ក្រោ​ន​បាន​ទម្លាក់​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​លទ្ធផល ៤-០ ដើម្បី​ឡើងទៅ​ជួប​ណាហ្គា​វើ​ល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ហើយ​បាន​ក្លាយជា​ម្ចាស់​ជើងឯក ក្រោយ​ភ្នំពេញ​ក្រោ​ន​បាន​បន្ត​យកឈ្នះ​ណាហ្គា​វើ​ល ១-០ នៅ​គ្រានោះ​។

​នៅ​ឆ្នាំ​២០១៦ ព្រះខ័ន​រាជ​ស្វាយរ​រៀង​បាន​ទម្លាក់​ភ្នំពេញ​ក្រោ​ន​វិញ​ម្តង​ជាមួយ​បាល់​កាត់សេចក្តី ៣-២ ក្រោយ​ក្រុម​ទាំងពីរ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ក្នុងការ​ប្រកួត​១២០​នាទី​។ កាលណោះ​ស្វាយរៀង​បាន​ត្រឹម​ជើងឯក​រង ក្រោយ​ចាញ់​ក្រសួងការពារជាតិ​ដោយ​បាល់​កាត់សេចក្តី ៦-៥ បន្ទាប់ពី​ក្រុម​ទាំងពីរ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ក្នុងការ​ប្រកួត​១២០​នាទី​។​

​បន្ថែម​លើ​នេះ​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ម្តង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០០៨ ដោយ​កាលណោះ​ភ្នំពេញ​ក្រោ​ន​ជា​ម្ចាស់​ជើងឯក ក្រោយ​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ១-០​។ លទ្ធផល​ជារួម តាំងពី​បង្កើត​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ឆ្នាំ​២០០៧ ភ្នំពេញ​ក្រោ​ន​ធ្លាប់​ឈ្នះ​ជើងឯក​២​លើក ជើងឯក​រង​១​លើក និង​ចំណាត់ថ្នាក់​លេខ​៣​ចំនួន​៣​លើក​។ ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៤​លើក ជើងឯក​រង​២​លើក និង​លេខ​៣​ចំនួន​២​លើក​។

​បើ​ក្រុម​ណា​ឈ្នះ​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ម៉ោង​៦​ល្ងាច​នេះ នឹង​ឡើងទៅ​ជួប​ជាមួយ​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​បាន​ទម្លាក់​វិសាខា​ជាមួយ​ជម្នះ ៤-០​។ ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា សម្រេចបាន​៣​គ្រាប់​ម្នាក់ឯង​ឲ្យ​បឹងកេត និង​រួមចំណែក​មួយគ្រា​ប់​ពី​កីឡាករ ម៉ុ​ន វ៉ាន់ដា​៕

Tag:
 Hun Sen Cup 2019
  ព្រះខ័ន​រាជ​ស្វាយរៀង​
  ភ្នំពេញ​ក្រោ​ន​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com