អន្តរជាតិ
លោក មហា​ធៀ កែសម្រួល​គោលនយោបាយ​ការបរទេស​ឲ្យ​ស្របតាម​បរិបទ​ពិភពលោក​
19, Sep 2019 , 10:19 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់, រូបភាព (Reuters)
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់, រូបភាព (Reuters)
​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​១៨ ខែកញ្ញា បានប្រកាស​ពី​បទដ្ឋាន​ថ្មី​មួយ ពាក់ព័ន្ធ​ទៅនឹង​គោលនយោបាយ​ការបរទេស​ម៉ាឡេស៊ី​។ បទដ្ឋាន​ថ្មី​នេះ នឺង​សង្កត់ធ្ងន់​លើ​ការមិន​ចូលបក្ស​សម្ពន្ធ​ជាមួយនឹង​ប្រទេស​មហាអំណាច ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ឥស្លាម​ពិភពលោក ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​សេដ្ឋកិច្ច​ជាដើម​។



«​យើង​កំពុង​រស់នៅក្នុង​ពិភពលោក​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​លឿន​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី លោក​មហា​ធៀ មហាម៉ាត់ ដែល​បន្តថា ការផ្លាស់ប្តូរ​ទាំងនេះ​នាំមក​នូវ​ទាំងពីរ​គឺ ទាំង​ការប្រកួតប្រជែង និង​ឱកាស ហើយ​តម្រូវ​ឲ្យ​ម៉ាឡេស៊ី​ស្វែងរក​វិធីសាស្ត្រ​ថ្មី​។ មេដឹកនាំ​ម៉ាឡេស៊ី​វ័យ ៩៤​ឆ្នាំ​បញ្ជាក់ថា លក្ខខណ្ឌ​មូលដ្ឋាន​នៃ​គោលនយោបាយ​ការបរទេស​នៅ​ដដែល លើកលែងតែ​វា​ប៉ះពាល់​ផលប្រយោជន៍​ប្រជាជន​ម៉ាឡេស៊ី ទើបត្រូវ​ធ្វើការ​កែប្រែ​។ 

​ប្រធានបទ «​ការផ្លាស់ប្តូរ​និរន្តរភាព​» គឺជា​បទដ្ឋាន​ថ្មី​របស់​ម៉ាឡេស៊ី នឹង​យកទៅអនុវត្ត ដើម្បី​រក្សា​ចំណងមិត្តភាព​ជាមួយ​បណ្តាល​ប្រទេស​ទាំងអស់ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ដោយ​ផ្អែក​ទៅតាម​ច្បាប់​អន្តរជាតិ​។ ប៉ុន្តែ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏មាន​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ក្នុង​ការតវ៉ា ការ​ប្រឆាំងនឹង​អយុត្តិធម៌ និង​ការគាបសង្កត់ ក៏ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស​ដោយ​ប្រទេស​ណាមួយ​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។​

​ទាក់ទង​គោលនយោបាយ​ថ្មី លោក មហាម៉ាត់ ចង់​ឲ្យ​មាន​តំបន់​ជម្លោះ​ផ្លូវទឹក​ដែល​គ្មាន​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​កែប្រែ​តំបន់​ជម្លោះ​ទៅជា​តំបន់​ពាណិជ្ជកម្ម សន្តិភាព និង​មិត្តភាព​។ ពោល គឺ​សមុទ្រ​ចិន​ខាងត្បូង​គួរតែ​ជា​សមុទ្រ​នៃ​កិច្ចសហប្រតិបត្តិការ ការតភ្ជាប់ និង​ការកសាង​សហគមន៍ ប៉ុន្តែ​មិនមែនជា​តំបន់​ប្រឈមមុខ​ដាក់គ្នា ឬ​តំបន់​ជម្លោះ​ឡើយ​។ លើសពីនោះ ម៉ាឡេស៊ី បានប្រកាសថា​ខ្លួន​មានបំណង​ចង់​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សាសនា​ឥស្លាម​(OIC) ដែរ​។

​បន្ថែម​ពីនេះ​ទៅទៀត បទដ្ឋាន​ថ្មី​នេះ ក៏បាន​លើកឡើង​ពី​គម្រោង​«​ម៉ាឡេស៊ី​ក្នុង​បរិបទ​ថ្មី​» ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​លោក​ខាងត្បូង ឬ​ប្រទេស​កំពុង​អភិវឌ្ឍ​មាន​ទឹកមាត់ប្រៃ​ជាង​មុន​។ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ បាន​និយាយ​រិះគន់​ប្រទេស​មហាអំណាច ដែល​តែងតែ​ដាក់​សម្ពាធ​របស់​ពួកគេ​លើ​ប្រទេស​តូចៗ​។ ក្នុងន័យនេះ​លោក​ចង់​សំដៅលើ ពិភពលោក​ពហុ​និយម​ដែល​រង​ការគំរាមកំហែង​។​

​ពាក់ព័ន្ធ​នឹង​ការប្រើ​ឥទ្ធិពល​របស់​ប្រទេស​មហាអំណាច​ទាំងនេះ លោកនាយក​រដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រូបនេះ បាន​អះអាងថា ប្រទេស​ធំៗ​បានន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ឯកតោភាគី ដោយ​មិនបាន​គោរព​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ការព្រមព្រៀង​ពហុភាគី​ឡើយ​។ ចំពោះ​ការដាក់ទណ្ឌកម្ម​នេះ​ទៀតសោត វា​មិន​ត្រឹមតែ​ប៉ះពាល់​តែ​ប្រទេសមួយ​ឡើយ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​ផ្សេងទៀត ។

«​ពួក​អ្នកមាន និង​អ្នកមានអំណាច​នឹង​យក​នូវ​អ្វីដែល​គេ​ចង់បាន ប៉ុន្តែ​អ្នកក្រ និង​អ្នកទន់ខ្សោយ​នឹង​ប្រមូលយក​នូវ​អ្វី​ដែលជា​កាតព្វកិច្ច​។ ម៉ាឡេស៊ី​នឹង​ទទួល​នូវ​អ្វី​ជា​កាតព្វកិច្ច ប៉ុន្តែ​វា​នៅក្រោម​ការបើកផ្លូវ​ឲ្យ​តវ៉ា​»​។ នេះ​ជាស​ម្តី​របស់​នាយករដ្ឋមន្ត្រី​វ័យ​ចំណាស់​ជាងគេ​របស់​ម៉ាឡេស៊ី​៕

Tag:
 មហា​ធៀ​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com