ជាតិ
សង្គមជាតិ
ដំណាំ​ស្រូវ​ជិត​៣​ពាន់​ហិកតា​នៅ​ខេត្តកំពង់ធំ រង​ការខូចខាត​ដោយសារ​គ្រោះទឹកជំនន់​
19, Sep 2019 , 10:39 pm        
រូបភាព
រូបភាពពី​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តកំពង់ធំ
រូបភាពពី​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តកំពង់ធំ
ដោយ:
​ភ្នំពេញ​៖ គ្រោះទឹកជំនន់​នៅ​ឆ្នាំនេះ បានធ្វើ​ឲ្យ​ខូ​ត​ខាត​ដំណាំ​ស្រូវ​សរុប​ប្រមាណ​២.៨១៣​ហិកតា នៅ​ស្រុក​ចំនួន​៥ ក្នុង​ខេត្តកំពង់ធំ​។ បើតាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ ស្ថានភាព​ទឹក​នៅ​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា មាន​កម្ពស់​ដល់​១៣.៦១​ម៉ែត្រ​។



​របាយការណ៍​ដែល​បង្ហាញ​ដោយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ដំណាំ​ស្រូវ​ជិត ៣​ពាន់​ហិកតា​នៅ​ខេត្តកំពង់ធំ បាន​រង​ការប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់ គឺ​នៅក្នុង​ស្រុក​ចំនួន​៥​រួមមាន  ស្រុក​សណ្តាន់ ចំនួន ៥៥២​ហិកតា ស្រុក​ប្រាសាទ​សំបូរ​ចំនួន ១៥៥០​ហិកតា ស្រុក​ស្ទោង​ចំនួន​២៣៨ ហិកតា ស្រុក​សន្ទុក​ចំនួន​២៣៥​ហិកតា និង​ស្រុក​កំពង់ស្វាយ​ចំនួន​៣៨​ហិកតា​។ សម្រាប់​ដំណាំ​ស្រូវ​ដែលមាន​លក្ខណៈ​ជា​គ្រួសារ​រង​ការខូចខាត​សរុប​ចំនួន​១០​ហិកតា​ផងដែរ​នៅ​ស្រុក​ប្រាសាទ​សំបូរ​។​


រូបភាពពី​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តកំពង់ធំ

​ផ្ទៃដី​ភ្ជួរ​រាស់​នៅ​ខេត្តកំពង់ធំ​នៅ​រដូវវស្សា​ឆ្នាំនេះ មាន​សរុប​ចំនួន ២២១.៤៩០​ហិកតា ក្នុងនោះ​ភ្ជួរ​ដោយ​គ្រឿងយន្ត​កសិកម្ម​ចំនួន ២១៦.៣៤១​ហិកតា និង​ភ្ជួរ​ដោយ​គោក្របី​ចំនួន​៥.១៤៩​ហិកតា និង​ផ្ទៃដី​សំណាប​សរុប​ចំនួន​១.០៧៦​ហិកតា​។ សម្រាប់​ផ្ទៃដី​អនុវត្ត​ភ្ជួរ​រាស់​ដំណាំ​ស្រូវ​មាន​សរុប​ចំនួន​២២១.០១៣​ហិកតា ស្មើនឹង​១០៣.៦២​ភាគរយ នៃ​ផែនការ​២១៣.៣០០​ហិកតា ធៀប​ទៅ​ឆ្នាំមុន​ដូចគ្នា ទាប​ជាង​ចំនួន​៥០២​ហិកតា​។ ចំណែក​ផ្ទៃដី​ប្រមូល​ស្រូវស្រាល​ដើមរដូវ​វស្សា​មាន​ចំនួន​២៦.៩៨៤​ហិកតា ដែល​ទិន្នន័យ​ជា​មធ្យម ៣.៩១៨​តោន​ក្នុង​មួយ​ហិកតា​។ នេះ​បើតាម​របាយការណ៍​ស្តីពី​ស្ថានភាព​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ឆ្នាំ​២០១៩​។

​លោក កាន សាឡ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បាន​បញ្ជាក់ថា  ដំណាំ​ស្រូវ​នៅ​ខេត្តកំពង់ធំ​អនុវត្តបាន​ចំនួន ៥៣.១៣៨​ហិកតា បើ​ធៀប​ទៅនឹង​ឆ្នាំមុន​ដូចគ្នា គឺ​ទាប​ជាង​ចំនួន​២.៥៩៦​ហិកតា​។ លោក​បញ្ជាក់ថា តម្លៃ​ស្រូវ​សើម​ពូជ ៥៤៥១ មានតម្លៃ​ចន្លោះ​ចាប់ពី​៨១០​រៀល ទៅ​៨២០​រៀល ក្នុង​មួយ​គីឡូក្រាម ចំណែក​ពូជ​៥០៤ មានតម្លៃ​ចន្លោះ​ចាប់ពី​៦២០​រៀល ទៅ ៦៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​៕

Tag:
 ដំណាំ​
 ​ស្រូវ​
 ​គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com