ជាតិ
សង្គមជាតិ
ពលរដ្ឋពីរនាក់ ដែលដីភ្នំបាក់លើ៤ថ្ងៃ ត្រូវបានរកឃើញម្នាក់នៅមានជីវិត, ម្នាក់ទៀត មិនទាន់ឃើញ
19, Sep 2019 , 5:21 pm        
រូបភាព
តំបន់ដែលពលរដ្ឋខ្មែរពីរនាក់ ត្រូវបានដីភ្នំបាក់សង្កត់លើ (រូបពីលោក ឈុំ សុជាត)
តំបន់ដែលពលរដ្ឋខ្មែរពីរនាក់ ត្រូវបានដីភ្នំបាក់សង្កត់លើ (រូបពីលោក ឈុំ សុជាត)
ពលរដ្ឋខ្មែរ២នាក់ ដែលដីភ្នំបាក់សង្កត់លើ ដោយសារជំនន់ទឹកភ្លៀងវាយប្រហារ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ច រកឃើញម្នាក់ហើយ ឈ្មោះ ធាន កុយ អាយុ១៧ឆ្នាំ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ ចំណែកម្នាក់ទៀត ឈ្មោះ ផាន រី សមត្ថកិច្ច កំពុងបន្តរុករក។



លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ដែលដឹកនាំកម្លាំងរុករក ក្រោមការបញ្ជារបស់ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ធាន កុយ ត្រូវបានដីភ្នំបាក់សង្កត់លើ បណ្តាលឲ្យរបួសធ្ងន់។ លោក បន្តថា ក្រោយរកឃើញ ជនរងគ្រោះនោះ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ពលរដ្ឋខ្មែរទាំងអស់ ដែលស្ថិតក្នុងគ្រោះថ្នាក់នេះ មាន៧នាក់ តែ៥នាក់ រត់រួចខ្លួន ដោយក្នុងនោះ ៤នាក់ មិនរងរបួសអ្វីឡើយ តែមានម្នាក់របួសធ្ងន់។ ឧបទ្ទវហេតុនេះ កើតឡើងតាំងពីថ្ងៃទី១៦ ខែកញ្ញា មកម្ល៉េះ។ លោក ឈុំ សុជាត បានឲ្យដឹងថា អ្នកទាំងនោះ សុទ្ធតែជាបុរស ហើយពួកគេ ចូលទៅក្នុងព្រៃ (ចូលដល់ទឹកដីថៃ) ដើម្បីដាក់អន្ទាក់សត្វព្រៃ។

អ្នកទាំង៥នាក់ ដែលរត់ផុតពីការបាក់ដីភ្នំនោះ គឺ ឈ្មោះ ដុំ សុភាព អាយុ៦៤ឆ្នាំ ឈ្មោះ ឆែម អាយុ២៥ឆ្នាំ ឈ្មោះ កៅ កាន់ អាយុ១៧ឆ្នាំ ឈ្មោះ កៅ នី អាយុ២០ឆ្នាំ និង ឈ្មោះ ទ្រីន កុសល អាយុ២៥ឆ្នាំ (របួស)។ ពលរដ្ឋទាំង៧នាក់ខាងលើ រស់នៅក្នុងភូមិជាមួយគ្នា គឺភូមិអូរត្រែង ឃុំតាតោត ស្រុកសំឡូត ខេត្តបាត់ដំបង៕

អត្ថបទទាក់ទង

Tag:
 ទឹកជំនន់
  ពលរដ្ឋបាត់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com