FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះWorld Cup៖ គ្មានការរឹតត្បិតស្ត្រីអ៊ីរ៉ង់ចូលទស្សនាការប្រកួតរវាងអ៊ីរ៉ង់និងកម្ពុជាឡើយ
× បើមិនមានការផ្លាស់ប្តូរអ្វីទៀតទេនោះ អ្នកគាំទ្រកីឡាបាល់ទាត់ស្ត្រីអ៊ីរ៉ង់នឹងអាចចូលទ្សនាដោយសេរីជាលើកដំបូងនាការជួបគ្នារវាងក្រុមជម្រើសជាតិបុរសអ៊ីរ៉ង់ ទល់នឹងជម្រើសជាតិកម្ពុជាក្នុងការប្រកួតជម្រុះ World Cup 2022 ជុំទី២ ពូល C ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា នាកីឡដ្ឋាន Azadi ស្ថិតក្នុងក្រុងតេហេរ៉ង់។ ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីមានអ្នកគាំទ្រស្ត្រីអ៊ីរ៉ង់ម្នាក់បានសម្រេចដុតសម្លាប់ខ្លួននៅខាងមុខតុលាការ ដើម្បីប្រឆាំងនឹងការហាមប្រាមស្ត្រីអ៊ីរ៉ង់ចូលកីឡដ្ឋានកាលពីថ្ងៃទី៩កញ្ញា។
ខណៈស្ត្រីបរទេសត្រូវបានអនុញ្ញាតឲ្យចូលមើលការប្រកួត ផ្ទុយទៅវិញសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់បានកំណត់ការហាមប្រាមស្ត្រីជនជាតិខ្លួន មិនឲ្យមានវត្តមានក្នុងកីឡដ្ឋានសម្រាប់ការប្រកួតរបស់ក្រុមបុរសតាំងពីឆ្នាំ១៩៨១មក ពោលគឺចាប់ពីពេលបដិវត្តអ៊ីស្លាម ឆ្នាំ១៩៧៩។
លោក Ali Rabiei អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់បានអះអាងនៅសប្តាហ៍នេះថា មិនមានការរឹតត្បិតលើអ្នកគាំទ្រកីឡាបាល់ទាត់ស្ត្រីទៀតនោះឡើយ ហើយពួកគេអាចទិញសំបុត្រ ដើម្បីមើលការប្រកួតរវាងអ៊ីរ៉ង់និងកម្ពុជាបានដោយសេរី។
«សំបុត្រនឹងដាក់លក់សម្រាប់ស្ត្រីទាំងអស់ក្នុងជំនួបទល់កម្ពុជា។ យើងមិនអាចព្រងើយកន្តើយនឹងបញ្ហាដែលទាក់ទងនឹងស្ត្រីទៀតឡើយ។ យើងត្រូវបង្ហាញការអត់ឱន ហើយក៏មិនគួរឲ្យមានហេតុការណ៍ដូចជាកញ្ញា Sahar Khodayari ដែលបានដុតខ្លួនឯងជុំវិញការហាមប្រាមនេះ»។ លោក Ali Rabiei រៀបរាប់ដូច្នេះ។
កញ្ញា Khodayari វ័យ២៩ឆ្នាំ បានស្លាប់នៅឯមន្ទីរពេទ្យកាលពីថ្ងៃទី៩ ខែកញ្ញា ដោយសារការដុតខ្លួនឯងនៅខាងក្រៅតុលាការ ដែលនេះជាការបង្ហាញពីការបូជាជីវិតដើម្បីប្រឆាំងបម្រាមរបស់ប្រទេសនាង។
បើយោងតាមទូរទស្សន៍ Bloomberg ដែលបានស្រង់សម្តីលោក Hossein Ali Amiri អនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការសភា រដ្ឋាភិបាលអ៊ីរ៉ង់បានអនុវត្តការងារនេះរួចរាល់ហើយដើម្បីត្រៀមសម្រាប់ការអនុញ្ញាតឲ្យស្ត្រីចូលទៅក្នុងកីឡាដ្ឋានទាំងអស់ឲ្យបានឆាប់បំផុត។
ចំណាត់ការខាងលើនេះកើតឡើង បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសពីការបញ្ជូនមន្ត្រីខ្លួនទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការអនុញ្ញាតិឲ្យស្ត្រីអ៊ឺរ៉ង់អាចចូលទស្សនាការប្រកួតក្នុងកីឡដ្ឋានវិញ ពោលគឺនៅក្រោយមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីអ្នកគាំទ្រស្ត្រីអ៊ីរ៉ង់នាង ahar Khodayari សម្រេចដុតសម្លាប់ខ្លួននៅខាងមុខតុលាការ ដ្បិតនាងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ ពីបទព្យាយាមចូលកីឡដ្ឋានដោយបន្លំខ្លួនស្លៀកពាក់ជាបុរស។
អនុប្រធានាធិបតីអ៊ីរ៉ង់រូបនេះបញ្ជាក់ទៀតថា នឹងមានច្រកទ្វារដាច់ដោយឡែកជាពិសេសសម្រាប់ស្ត្រីនៅគ្រប់កីឡដ្ឋានធំៗទូទាំងប្រទេសអ៊ីរ៉ង់រួមទាំងសេវាកម្មផ្សេងទៀត ដែលកំពុងស្ថិតក្រោមការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាអ៊ីរ៉ង់លោក Masoud Soltanifar៕
Tag:
World Cup
អ៊ីរ៉ង់
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com