ជាតិ
រុស្ស៊ីសន្យាជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា រូបភាពពីក្រសួងទេសចរណ៍ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា
× រុស្ស៊ីសន្យាជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា។ ការសន្យានេះ ធ្វើឡើងក្រោយពីរដ្ឋមន្រី្តក្រសួងទេសចរណ៍កម្ពុជា ស្នើឲ្យឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ដើម្បីលើកកម្ពស់វិសយទេសចរណ៍គ្នាទៅវិញទៅមក។ នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា កម្ពុជា និងរុស្ស៊ី មិនទាន់មានជើងហោះហើរត្រង់ ដែលអាចធ្វើដំណើរទៅវិញទៅមកនៅឡើយទេ។ ដោយសារមើលឃើញពីបញ្ហានេះ ទើបលោក ថោង ខុន ស្នើទៅលោកឯកអគ្គរដ្ឋទូតរុស្ស៊ី ឱ្យជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក(Vladivostok) ឬ ពីទីក្រុងណាមួយរបស់រុស្សីមកកាន់កម្ពុជា ដែលមានរយៈចម្ងាយខ្លីជាងមកពីមូស្គូ ដើម្បីជំរុញកំណើនទេសចររុស្ស៊ីឱ្យមកកម្ពុជាកាន់តែច្រើន។
រដ្ឋមន្រី្តក្រសួងទេសចរណ៍
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក ឌីមីទ្រី ស្វឺតខ្វវ សន្យាជួយកម្ពុជាលើការតភ្ជាប់ជើងហោះហើរត្រង់នេះ។ ប៉ុន្តែលោក ស្នើឱ្យកម្ពុជាសហការជាមួយរុស្ស៊ីឲ្យបានជិតស្និទ្ធ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការដំណើរការទៅបានល្អ។ នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍ ដែលបានស្រង់សម្តីលោក ថោង ខុន រដ្ឋមន្រី្តទេសចរណ៍កម្ពុជា និងលោក ឌីមីទ្រី ស្វឺតខ្វវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។
រយៈពេល៧ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចររុស្ស៊ីបានមកទស្សនាកម្ពុជា មានប្រមាណជាង ៣,៤ម៉ឺននាក់។ ក្នុងចំណោមតំបន់អាស៊ាន ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី (ពិសេសកោះបាលី) ជាប្រទេសទទួលបានទេសចររុស្ស៊ីច្រើនជាងគេ។ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចររុស្ស៊ីបន្ថែមទៀត តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់មកខេត្តសៀមរាប និងតំបន់ឆ្នេរ ក៏ដូចជារាជធានីភ្នំពេញ។ នេះបើតាមក្រសួងទេសចរណ៍។
គួរបញ្ជាក់ថា កម្ពុជាទទួលបានទេសចររុស្ស៊ីប្រមាណជិត ៦,៥ម៉ឺននាក់ កាលពីឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com