FIFA
កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
កម្ពុជានៅតែមានគម្លាតពីអ៊ីរ៉ង់ដល់ទៅ១៤៦លេខក្នុងតារាង FIFA Ranking
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នៅរក្សាចំណាត់ថ្នាក់ទី១៦៩ដដែលក្នុងតារាងចំណាត់ថ្នាក់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA World Ranking) នៅខែកញ្ញានេះ បើទោះកើន១ពិន្ទុក្តី។ ចំណាត់ថ្នាក់នេះ មានន័យថាកម្ពុជាស្ថិតក្រោមជម្រើសជាតិអ៊ីរ៉ង់ចំនួន១៤៦លេខ ខណៈដែលពួកគេរក្សាចំណាត់ថ្នាក់កំពូលតារាងក្នុងតំបន់អាស៊ីដដែល។
ការរក្សាចំណាត់ថ្នាក់ដដែលនេះ គឺយោងតាមលទ្ធផល២ប្រកួតចុងក្រោយរបស់កម្ពុជា ក្នុងនោះស្មើជាមួយហុងកុង ១-១ និងចាញ់បារ៉ែន ១-០ នាការប្រកួតជម្រុះជុំទី២ ពូល C នៃព្រឹត្តិការណ៍ World Cup 2022។
រីឯអ៊ីរ៉ង់ដែលនឹងត្រូវស្វាគមន៍ក្រុមគោព្រៃកម្ពុជានៅថ្ងៃទី១០ ខែតុលា បើទោះជាមិនបានកើនពិន្ទុបន្ថែមក្តី ប៉ុន្តែពួកគេនៅរក្សាចំណាត់ថ្នាក់ទី២៣ពិភពលោក និងកំពូលនៅតំបន់អាស៊ីដដែល ស្របពេលជប៉ុន កូរ៉េខាងត្បូងនៅលេខរៀងបន្តបន្ទាប់។
វៀតណាមបានធ្លាក់ពីលេខ៩៦ ទៅ៩៩ តែនៅមានចំណាត់ថ្នាក់ល្អជាងគេសម្រាប់តំបន់អាស៊ាន ដោយឈរពីលើថៃដែលឡើងពីលេខ១១៦ ទៅ១១៤ ហ្វីលីពីន (១២៦ធ្លាក់ទៅ១២៧) មីយ៉ាន់ម៉ា (ធ្លាក់ពី១៣៥ ទៅ១៤៥) សិង្ហបុរី (ឡើងពី១៦២ទៅ១៥៧) ម៉ាឡេស៊ី (ឡើងពី១៥៩ទៅ១៥៨) និងឥណ្ឌូនេស៊ី (ធ្លាក់ពី១៦០ទៅ១៦៧)។ កម្ពុជា ឈរពីលើឡាវ (១៨៧) ព្រុយណេ (១៩១) និង ទីម័រខាងកើត (១៩៩)។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ចំណាត់ថ្នាក់នៅតំបន់អាស៊ាននេះ គឺមីយ៉ាន់ម៉ាបានធ្លាក់រហូតដល់ទៅ១០លេខ ហើយឥណ្ឌូណេស៊ីធ្លាក់៧លេខ។
ក្នុងតំបន់អាស៊ី (AFC) អ៊ីរ៉ង់ការពារចំណាត់ថ្នាក់ទី១ (២៣ពិភពលោក) ជប៉ុននៅលេខ២ (៣១ពិភពលោក) កូរ៉េខាងត្បូង (៣៧) អូស្ត្រាលី (៤៤) កាតា (៦២) អេមីរ៉ាតអារ៉ាប់រួម (៦៦) ចិន (៦៨) អារ៉ាប៊ីសាអូឌីត (៧០) អ៊ីរ៉ាក់ (៧៩) នៅលេខរៀងបន្តបន្ទាប់។
រីឯចំណាត់ថ្នាក់កំពូលលើលោក បែលហ្ស៊ិកនៅតែរក្សាចំណាត់ទី១របស់ខ្លួនដដែលក្នុងតារាង FIFA World Ranking តាមពីក្រោយដោយបារាំង ប្រេស៊ីល អង់គ្លេស ព័រទុយហ្គាល់ អ៊ុយរូហ្គាយ អេស្ប៉ាញ ក្រូអាស៊ី កូឡុំប៊ី និងអាហ្សង់ទីនដែលស្ថិតក្នុងតំបន់ Top 10៕
Tag:
FIFA Ranking
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com