អន្តរជាតិ
អតីតប្រធានាធិបតីទុយនីស៊ី បេន អាលី ទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ អតីតប្រធានាធិបតីទុយនីស៊ី ហ្ស៊ីន អែល អាប៊ីឌីន បេន អាលី ពេលនៅកាន់អំណាច។ រូបភាព AFP
× អតីតប្រធានាធិបតីទុយនីស៊ី ហ្ស៊ីន អែល អាប៊ីឌីន បេន អាលី (Zine El Abidine Ben Ali) បានទទួលមរណភាពនៅថ្ងៃទី១៩ ខែកញ្ញានៅឯទឹកដីអារ៉ាប៊ីសាអូឌីត ជាទីដែលលោករស់នៅដោយនិរទេសខ្លួនចាប់តាំងពីឆ្នាំ២០១១ មក។ លោក បេន អាលី ដឹកនាំរដ្ឋអាហ្វ្រិកខាងជើងមួយនេះរយៈពេល២៣ឆ្នាំ មុននឹងអស់អំណាចដោយសារបដិវត្តន៍អារ៉ាប់។ តមក បដិវត្តន៍នេះ ក៏ធ្វើឲ្យរញ្ជួយនយោបាយមជ្ឈិមបូព៌ា និងនៅក្នុងប្រទេសដែលមានមេដឹកនាំកាន់យូរឆ្នាំ។
មេដឹកនាំទីមួយដែលអស់អំណាចដោយសារបដិវត្តន៍អារ៉ាប់ លោក ហ្ស៊ីន អែល អាប៊ីឌីន បេន អាលី បានទទួលមរណភាពក្នុងវ័យ៨៣ ។ នេះការបញ្ជាក់របស់ក្រសួងការបរទេសទុយនីស៊ី ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២០ ខែកញ្ញា។ មេធាវីរបស់លោក ក៏បានបញ្ជាក់ពីមរណភាពនេះដែរ ដោយស្រង់ប្រភពពីគ្រួសារ និងគ្រូពេទ្យរបស់លោក បេន អាលី ផ្ទាល់។ លោក បេន អាលី បានភៀសខ្លួនទៅកាន់អារ៉ាប៊ីសាអូឌីតនៅឆ្នាំ២០១១ បន្ទាប់ចុះចេញពីតំណែងប្រធានាធិបតីក្រោមសម្ពាធដ៏ខ្លាំងក្លានៃរបស់ប្រជាជន។
នៅឆ្នាំ១៩៨៧ លោក បេន អាលី ធ្វើរដ្ឋប្រហារមិនបង្ហូរឈាមមួយផ្ដួលនាយករដ្ឋមន្ត្រី Habib Bourguiba ដែលជាបិតាឯករាជ្យទុយនីស៊ី។ លោក បេន អាលី ត្រូវបានគេឃើញថា មេដឹកនាំម្នាក់ដែលអាចតទល់លទ្ធិជ្រុលនិយមក្នុងតំបន់ ហើយបានប្រែក្លាយទុយនីស៊ីទៅជាប្រទេសមាននិន្នាការកណ្ដាលក្នុងពិភពលោកអារ៉ាប់។ យ៉ាងណាមិញ លោក បេន អាលី បែរជាងប់នឹងអំណាច កែរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ដើម្បីតំណែងរបស់ខ្លួន។
នៅឆ្នាំ២០១០ អ្នកដូរតាមផ្លូវម្នាក់ បានដុតខ្លួនឯងដើម្បីតវ៉ាភាពអត់ការងារធ្វើ និងការធ្វើទុក្ខបុកម្នេញដោយប៉ូលិសទុយនីស៊ី។ ហេតុការណ៍នេះ ហើយជាឆ្នួនបញ្ឆេះឲ្យមានបដិវត្តន៍អារ៉ាប់នៅទុយនីស៊ី និងការតវ៉ាប្រឆាំងការដឹកនាំរបស់លោក បេន អាលី ។ មនុស្សច្រើនជាង៣០០នាក់ បានបាត់បង់ជីវិតក្នុងការបង្ក្រាបដោយរដ្ឋាភិបាល។ ការងើបឡើងរបស់ប្រជាជនទុយនីស៊ីក៏ជោគជ័យ ដោយលោក បេន អាលី ចុះចេញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ។
ការងើបឡើងរបស់ប្រជាជនទុយនីស៊ីប្រឆាំងរបបដឹកនាំលោក បេន អាលី ក៏នាំឲ្យពាក្យបដិវត្តន៍អារ៉ាប់ ដែលត្រូវបានប្រើយ៉ាងទូលាយ។ បដិវត្តន៍នេះ ក៏អូសទម្លាក់មេដឹកនាំនៅក្នុងតំបន់ជាបន្តបន្ទាប់ដូចជាលោក ហូស្នី មូបារ៉ាក់ នៅអេហ្ស៊ីប និងលោក ម៉ូអាម៉ា ហ្កាដាហ្វី នៅលីប៊ីជាដើម ខណៈមេដឹកនាំខ្លះបន្តក្ដាប់អំណាចដដែលតួយ៉ាងប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ដែលបន្តដឹកនាំស៊ីរីក្នុងស្ថានភាពសង្គ្រាម៨ឆ្នាំមកនេះ។
នៅពាក់កណ្ដាលឆ្នាំ២០១២ លោក បេន អាលី ត្រូវបានតុលាការទុយនីស៊ីកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធការបង្ក្រាបលើបាតុករ។ យ៉ាងណាក្ដី គេមិនទាន់ដឹងថា ពិធីបុណ្យសពរបស់អតីតប្រធានាធិបតីរូបនេះ ធ្វើនៅអារ៉ាប៊ីសាអូឌីត ឬទឹកដីកំណើតនៅទុយនីស៊ីឡើយ។ ប្រជាជនទុយនីស៊ី ហាក់មិនប្រឆាំងការវិលត្រឡប់របស់អតីតមេដឹកនាំខ្លួនឡើយ៕
Tag:
ទុយនីស៊ី
Zine El Abidine Ben Ali
© រក្សាសិទ្ធិដោយ thmeythmey.com