ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
ជីដូន និង​ម្ដាយ​នាំ​កូនចៅ​ទៅ​វត្ត​ពេល​ភ្ជុំបិណ្ឌ​ដើម្បីឱ្យ​ពួកគេ​ចេះ​ធ្វើបុណ្យ​ពី​តូច​
28, Sep 2019 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ ជីដូន​ជីតា និង​មាតាបិតា​មួយចំនួន បាន​នាំ​ចៅ​កូន ឬ​ក្មួយ​តូចៗ​របស់ខ្លួន​ទៅ​វត្ត ក្នុងឱកាស​រដូវ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​នេះ​។ នាំ​ក្មេង​ដែលមាន​អាយុ​តិច​ទៅ​វត្ត​ជាមួយ ព្រោះ​ចាស់ៗ​ទាំងនោះ ចង់ឱ្យ​ក្មេង​បាន​ស្គាល់​ព្រះពុទ្ធសាសនា និង​ចង់​បណ្ដុះ​សេចក្ដី​ល្អ​ក្នុង​ចិត្ត​សណ្ដាន​របស់​ពួកគេ​តាំងតែ​ពី​នៅ​តូច​នោះឯង​។​


 
​ដើម្បី​ដឹង​ច្បាស់​ពី​គោលបំណង​របស់​ចាស់ទុំ​មួយចំនួន ដែល​បាន​នាំ​ចៅ​ទៅ​វត្ត​ក្នុង​រដូវ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​នេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖


 

​ព្រឹក​ព្រហាមស្រាង​នា​ថ្ងៃ​កាន់បិណ្ឌ​ទី​២ ដែល​ត្រូវ​នឹង​ថ្ងៃ​២​រោជ​ខែ​ភ​ទ្របទ​ឆ្នាំកុរ​ឯកស័ក្ដិ​ពុទ្ធសករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥​ខែកញ្ញា គេ​ឃើញ​មាន​ពុទ្ធបរិស័ទ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី អង្គុយ​ត្រៀបត្រា​ក្នុង​សាលាឆាន់​នៃ​វត្ត​សន្សំ​កុសល​។ ក្នុងចំណោម​ពុទ្ធបរិស័ទ​ជា​មនុស្ស​ធំ ដែល​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ  គេ​ក៏​ឃើញ​មាន​ក្មេង​តូចៗ​តាំងពី​មិនទាន់​ចេះ​ក្រឡាប់ ដល់​អាយុ​២​ខួប ៣​ខួប ៥​ឆ្នាំ រហូតដល់​៨​ទៅ​៩​ឆ្នាំ អង្គុយ​ក្បែរ​ជីដូន​និង​ម្ដាយ​ឪពុក​របស់​ពួកគេ​។ 
 
​ដ្បិតថា​ពួកគេ​នៅ​មិនទាន់​ចេះ​គិត​អ្វី​ល្អ​អ្វី​អាក្រក់ ប៉ុន្តែ​គោលបំណង​របស់​ជីដូន​ជីតា​និង​ម្ដាយ​ឪពុក​ទាំងនោះ ចង់ឱ្យ​ពួកគេ​បានឃើញ​និង​ស្គាល់​ព្រះពុទ្ធសាសនា​ពី​ក្មេង​ទៅ​។ ចាស់ទុំ​ទាំងនោះ​មានជំនឿថា ការ​នៅ​ជិតស្និទ្ធ​នឹង​ព្រះពុទ្ធសាសនា នឹងធ្វើ​ឱ្យ​កូនចៅ​របស់​ពួកគេ​ក្លាយជា​បុគ្គល​ដែល​ប្រដៅ​ងាយ និង​ក្លាយជា​មនុស្ស​ល្អ​នាពេល​អនាគត​។ 



អង្គុយ​ក្បែរ​ចៅប្រុស​របស់ខ្លួន​ដែលមាន​អាយុ​៥​ឆ្នាំ​ម្នាក់​និង​២​ខួប​ម្នាក់ អ្នកស្រី រាជ សា​វ៉ាង កំពុងតែ​រៀបចំ​ចង្ហាន់​ដែល​ខំ​សម្រិតសម្រាំង​ពី​ផ្ទះ សម្រាប់​ប្រគេន​ព្រះសង្ឃ​ឱ្យទាន់​ចង្ហាន់​ព្រឹក​។  លើក​ចានស្រាក់​ដើម្បី​ចាក់​ម្ហូប​ផ្ទេរ​ចូលក្នុង​ចានថ្ម ជីដូន​ដែលមាន​វ័យ​ប្រមាណ​ជាង​៥០​ឆ្នាំ​រូបនេះ នាំ​ចៅ​ទៅ​វត្ត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​បង្រៀន​ឱ្យ​ពួកគេ​ស្គាល់​ព្រះពុទ្ធសាសនា​ពី​ក្មេង​។​

​មិន​ត្រឹមតែ​នាំ​ចៅ​មក​វត្ត​ទេ តែ​ស្ត្រី​សម្បុរ​សរូប​នេះ​តែងតែ​បង្រៀន​ចៅ​ឱ្យ​ចេះ​ធ្វើបុណ្យ នៅ​រៀង​រាល់ពេល​ព្រះសង្ឃ​និមន្ត​បិណ្ឌបាទ​តាម​ផ្ទះ​ថែម​ទៀតផង​៖«​ខ្ញុំ​នាំ​កូនចៅ​មកនេះ​ឱ្យ​វា​រៀន​ធ្វើបុណ្យ​ពី​តូច​។ រាល់ថ្ងៃ​បើ​ព្រះសង្ឃ​និមន្ត​បិណ្ឌបាទ គឺ​វា​ត្រូវតែ​ដាក់​បាទ​លោក បើ​មិន​បានដាក់​បាទ​ទេវា​នឹង​យំ​។ វា​ចេះ​អង្គុយ​ចេះ​សំពះ​ចេះ​ដោះ​ស្បែកជើង​ដូច​យើង​។ យើង​ប្រាប់​វា​ឱ្យ​ចេះ​គោរព​ព្រះពុទ្ធសាសនា ឱ្យ​វា​រៀន​ធ្វើបុណ្យ​ពី​តូច​។ បើ​យើង​មិន​បង្រៀន​វា​ទេ នោះ​ក្មេង​វា​មិនចេះ​ទេ​។ យើង​ជា​ចាស់​ត្រូវ​ណែនាំ​វា​ឱ្យ​ដើរ​ផ្លូវ​ល្អ ឱ្យ​វា​ចេះ​ធ្វើបុណ្យ​ធ្វើ​ទាន​»​។ 



​ជីដូន​រូបនេះ ថា​កាលណា​ក្មេង​បាន​តម្រង់​ឱ្យ​ដើរ​ផ្លូវត្រូវ​ពី​តូច នោះ​ពេល​ធំ​ឡើង​ក៏​គេ​នៅតែ​ធ្វើអំពើ​ល្អជា​និច្ច​ដែរ​៖«​ដូច្នេះ​យើង​តម្រង់​យើង​ណែនាំ​វាពី​តូច វា​ដឹង​បុណ្យ​ដឹង​បាប​ពី​តូច​អ៊ីចឹងទៅ ធំ​ឡើង​វា​មិន​ដើរ​ផ្លូវ​អបាយមុខ​ទេ​។ យើង​ឱ្យ​វា​ចេះ​ដាក់​បាទ​ព្រះសង្ឃ ចេះ​សំពះ​ព្រះសង្ឃ នោះ​វា​អាច​បាន​បុណ្យ​កុសល​មួយ​ភាគ​ដែរ​។ ពេល​ចៅ​ខ្ញុំ​ឮថា​ខ្ញុំ​មក​វត្ត វា​ក៏​តាម​មក​ដែរ ហើយ​វា​ភ្ញាក់​មុន​យើង​ផង​។ ចិត្ត​វាស​ទ្ធា​ដូច្នេះ​ធំ​ទៅ​វា​នឹង​ដើរ​ផ្លូវ​ល្អ​»​។​

​ស្ត្រី​ដែល​រស់នៅ​ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹងទំពុន​ទី​១​រូបនេះ ថា​ជា​រៀន​រាល់ថ្ងៃ​ចៅប្រុស​របស់ខ្លួន​ដែលមាន​អាយុ​ត្រឹមតែ​២​ខួប តែងតែ​ចាំមើល​ផ្លូវ​ព្រះសង្ឃ​និមន្ត​បិណ្ឌបាទ ហើយ​គេ​ក៏​តែងតែ​ហៅ​ជីដូន​រាល់ពេល​ព្រះសង្ឃ​និមន្ត​មកដល់​មុខផ្ទះ​ដែរ​។ ទាំងនេះ​អ្នកស្រី សា​វ៉ាង ថា​កើតចេញពី​ការបង្ហាត់បង្រៀន​ពួកគេ​តាំងពី​នៅ​តូច​នោះឯង​៖«​ខ្ញុំ​បង្រៀន​ចៅ​រាល់ថ្ងៃ ឱ្យ​ចេះ​ធ្វើបុណ្យ​។ វា​នៅ​ក្មេង​មិនចេះ​និយាយ​ច្បាស់​ដូច​យើង​ទេ វា​ចេះតែ​និយាយថា បិណ្ឌ​ប៉ាក់ៗ នោះ​ចៅ​អាយុ​២​ខួប​នោះ​វា​និយាយ​។ ជួនកាល​យើង​ចាស់​រវល់​ធ្វើការ វា​ក្មេង​វា​នៅ​ចាំមើល​ព្រះសង្ឃ​និមន្ត​មកដល់​វា​ហៅ​យើង​។ ឱ្យតែ​ឃើញ​លុយ​ថ្មីៗ​វា​ទារ​ហើយ យក​ទុកដាក់​បាទ​ព្រះសង្ឃ បើ​យើង​មិនឱ្យ​វា​យំ​»​។ 



​ចំណែក​អ្នកស្រី ច្រឹ​ក មុំ ដៃស្ដាំ​យួរ​ចានស្រាក់​ពណ៌​ទឹកប្រាក់ ដៃ​ឆ្វេង​កាន់​ដៃ​ចៅប្រុស​ដើរ​តម្រង់​ទៅ​ជ្រុង​ម្ខាង​នៃ​សាលាឆាន់ ក្រោយពី​បាន​ចូល​បច្ច័យ​នៅ​កន្លែង​តាអាចារ្យ​ក្បែរ​មាត់ទ្វារ​សាលាឆាន់​រួច​។ មាន​វ័យ​ប្រមាណ​៦០​ឆ្នាំ ជីដូន​រូបនេះ​តែងតែ​នាំ​ចៅ​មក​វត្ត​នៅ​រៀងរាល់​ថ្ងៃសីល រហូត​ធ្វើឱ្យ​ចៅ​ចូលចិត្ត​មក​វត្ត​។ ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស​ហើយ​កន្សែង​ពានា​ពណ៌​ដូចជា​អាវ​ដែល​នោះ អ្នកស្រី មុំ ថា​ចៅ​របស់ខ្លួន​ក្រោក​ពី​ព្រឹក​ព្រលឹម​រាល់ថ្ងៃ ដើម្បី​មក​វត្ត​នៅ​រដូវ​កាន់បិណ្ឌ​នេះ​។ អ្នកស្រី​បញ្ជាក់​៖«​ខ្ញុំ​មកសុំ​សីល​រាល់​សីល ហើយ​ចៅ​ចេះតែ​សុំ​មករ​ហូត​។ ភ្ជុំ​នេះ​វា​ក្រោក​មកជា​មួយ​ខ្ញុំ​បី​យប់​ហើយ ស្អែក​ថ្ងៃ​រៀន​វា​មិនបាន​មក​ទេ​។ កាលពី​ចៅ​ខ្ញុំ​នៅ​តូច​ខ្ញុំ​ចេះតែ​ហៅ​វា​មកជា​មួយ​រហូត ព្រោះ​ចង់ឱ្យ​វា​ដឹង​និង​ឃើញ​ពី​របៀប​ធ្វើបុណ្យ​របស់​យើង​ថា​បែបណា នោះ​វា​នឹង​ចង់​ធ្វើបុណ្យ​តាម​ដែរ​ហើយ​»​។ 



ដៃ​ដា​ក់លើ​ស្មា​ចៅ​ដែលមាន​អាយុប្រមាណ​ជា​១០​ឆ្នាំ ជីដូន​ដែលមាន​សក់​ស្រូត​ខាងលើ​និង​រួញ​ខាងក្រោម​រូបនេះ​ថា​មនុស្ស​ចាស់​គួរតែ​នាំ​ចៅ​ឱ្យ​ស្គាល់​វត្ត​ពី​ក្មេង ដើម្បីឱ្យ​ពួកគេ​នៅ​ជិត​ស្នឹ​ទ្ធ​នឹង​សេចក្ដី​ល្អ ៖«​ម្ដាយ​ឪពុក​ត្រូវតែ​នាំ​កូនចៅ​មក​វត្ត ដើម្បី​ឱ្យគេ​ដឹងថា​ព្រះពុទ្ធសាសនា​របស់​យើង​យ៉ាងម៉េច​ខ្លះ​។ នេះ​ជាការ​បណ្ដុះ​កូន​ឱ្យដឹងពី​ទំនៀមទម្លាប់ នៃ​ការធ្វើ​បុណ្យទាន​របស់​ខ្មែរ​យើង​»​។​

​ងាក​មក​ចាប់អារម្មណ៍​អ្នក​ម្ដាយ​វិញ​ម្ដង​។ អ្នកនាង សេង ច័ន្ទ​ពិសី វ័យ​២៧​ឆ្នាំ បាន​នាំ​កូន​ទាំង​២​នាក់​របស់ខ្លួន​មក​វត្ត​ជាមួយ​ដែរ​។ មិនមែន​នៅផ្ទះ​មិនមាន​អ្នកមើល​ក្មេង​ទេ ប៉ុន្តែ​ហេតុផល​យ៉ាងច្បាស់​មួយ​ដែល​ជំរុញ​ឱ្យ​អ្នក​ម្ដាយ​វ័យក្មេង​រូបនេះ​ដឹក​ដៃ​កូន​មក​វត្ត គឺ​មិន​ខុសពី​ជីដូន​ទាំងពី​ខាងលើ​ឡើយ​។ អ្នក​ម្ដាយ​ពាក់អាវ​ប៉ាក់​ប្រពៃណី​ពណ៌​ក្រហម ញញឹម​ស្រស់​រូបនេះ ពិតជា​ជឿ ថា​ការនាំ​កូន​មក​វត្ត​ពី​តូច ប្រៀបបាន​នឹង​ការបណ្ដុះ​គ្រាប់ពូជ​ដ៏​ល្អ​ឱ្យ​កូន​ដូច្នោះ​ដែរ​៖«​ដាស់​កូន​មក​ទាំង​២​នាក់​តែម្ដង ព្រោះ​ចង់​បង្រៀន​ឱ្យ​គាត់​ស្គា​ល់ពី​បុណ្យ​បាប ឱ្យ​គាត់​ចេះ​ធ្វើបុណ្យ បណ្ដុះ​ពូជ​អំពើ​ល្អ​ឱ្យ​គាត់​ពី​ក្មេង​ឱ្យ​ហើយ​»​។ 



​ក្នុងនាម​ជា​ម្ដាយ​អ្នកនាង ច័ន្ទ​ពិសី ពន្យល់ថា​ពេល​កូន​មិនទាន់​ចេញទៅ​សង្គម​ខាងក្រៅ ជួប​ទាំង​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់ ដែល​អាច​នាំ​គេ​ឱ្យ​ដើរ​ផ្លូវ​មិនល្អ អ្នក​ម្ដាយ​ដែលជា​គ្រូដើម​រូបនេះ នឹង​ព្យាយាម​បង្រៀន​កូន​ឱ្យ​ស្គាល់​បុណ្យ​បាប​ឱ្យបាន​ច្រើន​៖«​យើង​មើលមិនឃើញ​ថា​ទៅមុខ​គាត់​ដើរ​តាមផ្លូវ​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​បណ្ដុះ​ពូជ​ល្អ​ឱ្យ​គាត់​ឱ្យបាន​ច្រើន​ពី​តូច មុននឹង​គាត់​ទៅក្នុង​សង្គម​ខាងក្រៅ​ជួប​មនុស្ស​ផ្សេងទៀត​។ យើង​ជា​ម្ដាយ​គឺជា​គ្រូ​ទី​១​ដែល​បង្រៀន​ពួកគាត់ ដូច្នេះ​ត្រូវតែ​បង្រៀន​គាត់​ឱ្យ​ស្គាល់​បុណ្យ​បាប ស្គាល់​ចាស់ទុំ និង​ដឹង​ពី​ប្រពៃណី​យើង​»៕

© រក្សាសិទ្ធិដោយ thmeythmey.com