ជាតិ
ឥណ្ឌូណេស៊ី ចង់វិនិយោគលើវិស័យផ្លូវដែកនៅកម្ពុជា
× ភ្នំពេញ៖ ឥណ្ឌូណេស៊ី នឹងពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្លូវដែកនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋឥណ្ឌូនេស៊ីលោក Budi Karya Sumadi បង្ហាញបំណងវិនិយោគផ្លូវដែកនេះ ប្រាប់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកំពុងទស្សនកិច្ចនៅឥណ្ឌូនេស៊ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
លោក Budi Karya Sumadi បាននិយាយថា ឥណ្ឌូណេស៊ី មានបទពិសោធន៍លើការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្លូវដែកជាមួយប្រទេសថៃ ម៉ាឡេស៊ី ឡាវ បង់ក្លាដេស និងអាព្រិក កន្លងមកហើយ។ ហ្វេសប៊ុកក្រសួងសាធារណការ បានស្រង់សម្តីលោក Budi Karya Sumadi យ៉ាងដូច្នេះថា៖« ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូនេស៊ីបានសម្តែងនូវបំណងពង្រីកនូវអាជីវកម្ម និងវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែនៅកម្ពុជា ព្រោះប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋដ៏ធំផលិតនូវទូ និងក្បាលរថភ្លើង ដែករ៉ៃ និងគ្រឿងបង្គុំផ្សេងៗ សម្រាប់បម្រើឲ្យការលើកកម្រិត និងសាងសង់ផ្លូវដែក។ ចំពោះកំពង់ផែវិញ ប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋធំៗផលិតនាវា គ្រឿងឧបករណ៍សម្ភារៈបរិក្ខាកំពង់ផែ»។
ក្រោយស្ដាប់ឭបំណងរបស់ថ្នាក់ដឹកនាំឥណ្ឌូណេស៊ី ដែលចង់វិនិយោគលើផ្លូវដែកកម្ពុជានេះ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគម្រោងលើកកម្រិតផ្លូវដែករបស់កម្ពុជា ដែលមានស្រាប់ និងគម្រោងសាងសង់ផ្លូវដែកថ្មី ព្រមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែទៅរដ្ឋមន្ត្រីឥណ្ឌូណេស៊ី។ រដ្ឋមន្ត្រីសាធារណការកម្ពុជា ក៏ជំរុញឱ្យអ្នកវិនិយោគឥណ្ឌូណេស៊ី មកសិក្សានិងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងកំពង់ផែ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com