ជាតិ
អាជ្ញាធរ​ក្រុងភ្នំពេញ​សំឡឹង​រក​កន្លែង​ចាក់សំរាម​ថ្មី​
20, Sep 2019 , 1:39 pm        
រូបភាព
ក្រុម​វាគ្មិន​អង្គុយ​ស្ដាប់​សំណួរ​អ្នកចូលរួម អំឡុង​ពេល​កិច្ចពិភាក្សា​មួយ​ស្ដីពី​ការគ្រប់គ្រង​សំរាម ដែល​រៀបចំ​ឡើង​នៅ​ស្ថាន​សហ​ប្រតិបត្តិ​ការងារ The Factory ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ក្រុម​វាគ្មិន​អង្គុយ​ស្ដាប់​សំណួរ​អ្នកចូលរួម អំឡុង​ពេល​កិច្ចពិភាក្សា​មួយ​ស្ដីពី​ការគ្រប់គ្រង​សំរាម ដែល​រៀបចំ​ឡើង​នៅ​ស្ថាន​សហ​ប្រតិបត្តិ​ការងារ The Factory ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ កំណើន​យ៉ាងគំហុក​នៃ​បរិមាណ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ នឹងធ្វើ​ឲ្យ​ទីក្រុង​រដ្ឋបាល​និង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​នេះ​ប្រឈម​នឹង​កង្វះខាត​ទីលាន​ចាក់សំរាម ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត​។ នេះ​បើ​យោងតាម​មន្ត្រី​ផ្លូវការ​ក្រុងភ្នំពេញ​។​



 
 រូបឯកសារ៖ គំនរ​សំរាម​ដែលភាគច្រើនជាថង់ប្លាស្ទិក ត្រូវ​បានទុក​ចោល​នៅ​ជិតផ្សារ​ដើមគរ នាព្រឹកថ្ងៃ ៣ ខែកក្កដា ឆ្នាំ២០១៥។ (អ៊ុច នីដា/VOA)
 
​លោក នួន សំ​ណា​វុ​ធ នាយក​ទីចាត់ការ​គ្រប់គ្រង​សំណល់​និង​បរិស្ថាន នៃ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​វេទិកា​ស្តីពី​សំរាម​ដែល​រៀបចំ​ដោយ​មូលនិធិ Konrad Adenauer របស់​អាឡឺម៉ង់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ពី​រង្វង់​២៦០០​តោន​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ​២០១៨ ដល់​រង្វង់​២៩០០​តោន​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ​២០១៩​នេះ​។ ពោលគឺ​កើនឡើង​៣០០​តោន​ក្នុង​មួយថ្ងៃ​។​
 
​ជាមួយគ្នានេះ​ទីលាន​ចាក់សំរាម​ទំហំ​ជាង​៣០​ហិកតា​ក្នុង​ខណ្ឌមានជ័យ ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ នឹងត្រូវ​ពេញ​ហៀរ​មិនអាច​ទទួលយក​សំរាម​បាន​ទៀត​នៅ​ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​លោក នួន សំ​ណា​វុ​ធ​។​
 
«​វា​ជា​បញ្ហា​កង្វល់​ដែរ ដែល​ទីលាន​ចាក់សំរាម​របស់​យើង​នឹង​ពេញ​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ​»​។​
 
​បើ​យោងតាម​តួលេខ​របស់​រដ្ឋាភិបាល មាន​សំណល់​រឹង​ប្រមាណ ១​លាន​៧​សែន​តោន ត្រូវបាន​គេ​ប្រមូល​នៅ​ទូទាំងប្រទេស កាលពី​ឆ្នាំ​២០១៨ ក្នុងនោះ​៦០​ភាគរយ​គឺជា​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​។ សម្រាប់​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៩​នេះ សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ប្រមូលបាន​៦៦​ម៉ឺន​តោន ខណៈដែល​សំរាម​ប្រមូលបាន​កាលពី​ឆ្នាំ​២០១៨​មាន​ត្រឹមតែ​៩០​ម៉ឺន​តោន​តែប៉ុណ្ណោះ​។​
 
​លោក នួន សំ​ណា​វុ​ធ លើកឡើងថា​កង្វះ​ការវិនិយោគ​លើ​ការកែច្នៃ​សំរាម​ដើម្បី​ផលិត ជា​អគ្គីសនី ឬ​ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​ផ្សេងទៀត​បានធ្វើ​ឲ្យ​ការចាក់​បំពេញ​ទីកន្លែង​ចាក់សំរាម​បច្ចុប្បន្ន​កាន់តែ​ឆាប់​ពេញ ហើយ​កន្លងមក មាន​ក្រុមហ៊ុន​ឯកជន​យ៉ាងតិច​៥០ បានមក​ទាក់ទង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​លើ​ការវិនិយោគ​លើ​ការកែច្នៃ​សំរាម​នេះ តែ​ក្រុមហ៊ុន​ទាំង​នោះបាន​ដកខ្លួន​ទៅវិញ ក្រោយពី​រកឃើញថា​ពួកគេ​ទំនងជា​មិនអាច​រកប្រាក់​ចំណេញ​ពី​ការកែច្នៃ​សំរាម​នេះ​ទេ​។​
 
​លោក នួន សំ​ណា​វុ​ធ ឲ្យ​បន្ថែមថា បច្ចុប្បន្ន​អាជ្ញាធរ​ក្រុងភ្នំពេញ​កំពុង​ស្វែងរក​ទីតាំង​ចាក់សំរាម​ថ្មី​ដែលមាន​ទីតាំង​នៅក្នុង​ខេត្តកណ្តាល​។ ទីតាំង​ថ្មី​ដែល​នឹងមាន​ទំហំ​ប្រមាណ​៣០​ហិកតា​ដូចគ្នា​នឹង​ទីកន្លែង​ចាក់សំរាម​ចាស់​ដែរ​។​
 
​នាយក​ទីចាត់ការ​គ្រប់គ្រង​សំណល់​និង​បរិស្ថាន នៃ​សាលា​រាជធានី​ភ្នំពេញ​ដដែល​បញ្ជាក់ថា​ក្នុង​ពេលនេះ​ក្រុម​អ្នកបច្ចេកទេស​កំពុង​ពិភាក្សា​លើ​ផលប៉ះពាល់​ផ្នែក​បរិស្ថានរ​បស់ទីតាំង​ចាក់សំរាម​ថ្មី​។​
 
​លោក ង៉ែត បុល អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង នៃ​ក្រសួងបរិស្ថាន បាន​លើកឡើងថា ការគ្រប់គ្រង​សំណល់​សំរាម​នៅ​ទូទាំងប្រទេស​នៅមានកម្រិត ខណៈ​បរិ​មាណនៃ​សំណល់​រឹង​កាន់តែ​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com